តារា​កំប្លែង​ជប៉ុនលោក Pikotaro ចូល​រួម​លើក​​កម្ពស់​​សុវត្ថិភាព​​ចរា​ចរណ៍

ក្រោយ​រយៈ​ពេល ៦ ឆ្នាំបន្ទាប់ពីបទចម្រៀង PPAP (Pen-Pineapple-Apple-Pen) ល្បីខ្លាំង តារាកំប្លែងលោក Pikotaro នៅ​តែ​​ទទួល​​បាន​​​ការ​​​ស្រលាញ់ និង​កំពុង​បំពេញ​តួនាទី​ពិសេសនៅក្នុងប្រទេសជប៉ុន។

លោក Pikotaro ផ្សព្វផ្សាយពីសុវត្ថិភាព​ចរាចរណ៍​សម្រាប់​កុមារ​នៅ​ Tokyo ។

យោងតាមសារព័ត៌មាន Mainichi តារាកំប្លែង និងតារាចម្រៀងជប៉ុន លោក Pikotaro ត្រូវបានអ្នកគាំទ្រស្គាល់តាម​រយៈ​បទ​ចម្រៀង PPAP បានក្លាយជាអ្នកផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍សម្រាប់កុមារនៅសង្កាត់ Minato ទីក្រុង Tokyo ។

ក្នុងព្រឹត្តិការណ៍កាលពីថ្ងៃទី ៥ ខែឧសភា លោក Pikotaro បានស្លៀកឈុតខ្លារខិនដ៏ពេញនិយមរបស់ខ្លួន ដោយអង្គុយ​នៅ​លើ​រថយន្ត ខណៈ​ដែល​ហែតាមការ​ប្រគុំ​តន្ត្រី​របស់ក្រុមអនុវិទ្យាល័យ និងវិទ្យាល័យ Hiroo Gakuen ។

លោកបក់ទៅកាន់ប្រជាពលរដ្ឋដែល​ប្រមូល​ផ្តុំ​គ្នា​តាម​ដងផ្លូវ និង​ផ្សព្វផ្សាយ​ច្បាប់​សុវត្ថិភាព​ចរាចរណ៍។ កុមារក្នុងស្រុកជាច្រើននាក់ក៏បានចូលរួមក្នុង​ព្រឹត្តិ​ការណ៍​នេះ​ផងដែរ។

លោក Pikotaro បាននិយាយថា “មិនថាអ្នកមើលក្មេងប្រុងប្រយ័ត្នយ៉ាងណា ២៣ ម៉ោង ៥៩ នាទី ជាពិសេសក្មេងអាយុ ២ ទៅ ៣ ឆ្នាំ នៅ​​តែ​​អាច​ជួប​នឹង​គ្រោះ​ថ្នាក់​ត្រឹម ១ នាទីធ្វេសប្រហែស” ។

តារា​កំប្លែង​រូប​នេះ​បាន​រំលឹកគ្រប់គ្នាអោយមាន​ការ​ប្រុង​ប្រយ័ត្នពេលចេញទៅក្រៅជាមួយក្មេង។

ជប៉ុនបានកត់សម្គាល់ករណីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ២.៦១០ នាក់នៅឆ្នាំ ២០២២ ដែលជាកំណត់ត្រា​ទាប​ក្នុង​រយៈ​ពេល ៦ ឆ្នាំ​ជាប់ៗ​គ្នា នេះបើតាមទិន្នន័យពីទីភ្នាក់ងារប៉ូលិសក្នុងប្រទេស។ ទោះជាយ៉ាងណា ចំនួនគ្រោះ​​ថ្នាក់​​ដែល​​ពាក់​ព័ន្ធ​នឹង​អ្នក​ថ្មើរ​ជើង ក្នុងនោះមានកុមារ សិស្ស ស្ថិតក្នុងកម្រិតគួរ​អោយ​យក​ចិត្ត​ទុក​ដាក់។

លោក Pikotaro ធ្លាប់សហការនឹងក្រសួងការបរទេសជប៉ុនក្នុងទំនាក់ទំនងសាធារណៈលើគោលដៅអភិវឌ្ឍយូរអង្វែង​នៃ​អង្គការ​សហប្រជា​ជាតិ។

បទចម្រៀង PPAP ចេញផ្សាយនៅឆ្នាំ ២០១៦ ហើយល្បីនៅពេលដែលទទួលបានអ្នកមើលច្រើនលើបណ្តាញសង្គម។

ក្រោយរយៈពេលជាងមួយសប្តាហ៍ ចំនួនអ្នកមើលបទចម្រៀងរបស់លោក Pikotaro នៅលើ YouTube ជាង ៤ លាននាក់ ខណៈដែលអ្នកមើលតាម Facebook មាន ៤៤ លាននាក់។

យុវជន និងតារាអាស៊ីជាច្រើននាំគ្នា cover បទចម្រៀង PPAP តាមបែបកំប្លែងគួរឱ្យស្រលាញ់។

មូលហេតុ​ដែលធ្វើអោយបទចម្រៀង PPAP ពេញនិយមព្រោះថា បទភ្លេងគួរអោយចង់ស្តាប់ ទំនុកចម្រៀងខ្លី និងក្បាច់​រាំ​​គួរ​អោយ​អស់​សំណើច​របស់​លោក Pikotaro ។

បទចម្រៀងនេះក៏បានធ្វើអោយលោក Pikotaro ក្លាយជាតារាល្បី​លើ​បណ្តាញ​សង្គម ហើយ​ជា​តួអង្គ​ដែល​កុមារជប៉ុនចូល​​ចិត្ត​​យ៉ាង​​ខ្លាំង។

នៅឆ្នាំ ២០១៧ លោក Pikotaro បានសហការជាមួយក្រសួងការបរទេសជប៉ុនក្នុងទំនាក់ទំនងសាធារណៈលើគោល​ដៅ​អភិវឌ្ឍ​យូរ​អង្វែង​​នៃ​​អង្គ​ការ​សហប្រជា​ជាតិ។ 

នាខែកុម្ភៈ ឆ្នាំ ២០២០ លោកបាន​សម្ដែង​ផ្ទាល់​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​សប្បុរសធម៌​ជួយ​កុមារ​ដែល​មាន​ជំងឺ​មហារីក។ ព្រោះតែលោក Pikotaro មាន​ប្រជា​ប្រិយ​ភាព​ខ្លាំង​​ចំពោះ​មារ ដូច្នេះកុមារជប៉ុនដែលមានជំងឺមហារីក (JCCG) រួមទាំងគ្រូពេទ្យឯកទេសខាងជំងឺមហារីកកុមារ បានស្នើឱ្យគាត់បញ្ចេញវីដេអូឃ្លីបមួយ ដើម្បីលើកទឹកចិត្តដល់ក្មេងៗ​ដែល​មាន​ជំងឺ។

នៅឆ្នាំដដែលនោះ លោក Pikotaro ចេញផ្សាយបទ PPAP ក្រោមទម្រង់លាងដៃរដូវកាលជំងឺរាតត្បាត ហើយក៏ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ផង​ដែរ។

ប្រភព៖ Zing News

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: