ស្រ្តីម្នាក់រងរបួសក្រោយករណីផ្ទុះកំប៉ុងផ្ទុកសារធាតុចម្លែកនៅស្ថានីយរថភ្លើង
អាជ្ញាធរជប៉ុនកំពុងស៊ើបអង្កេតករណីផ្ទុះនៅស្ថានីយរថភ្លើងក្នុងទីក្រុងតូក្យូដែលបានធ្វើឱ្យស្រ្តីម្នាក់រងរបួស។ យ៉ាងហោចណាស់ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន។
ប៉ូលិសនៅស្ថានីយ៍ Nishiarai ក្នុងសង្កាត់ Adachi ទីក្រុងតូក្យូ ក្រោយករណីផ្ទុះកំប៉ុងបណ្តាលឱ្យស្ត្រីម្នាក់រងរបួស។ រូបភាព៖ Kyodo
យោងតាម Japan Times បានឱ្យដឹង កាលពីថ្ងៃទី ៨ ខែឧសភា មានករណីផ្ទុះនៅស្ថានីយ៍រថភ្លើង Nishiarai ភាគខាងជើងទីក្រុងតូក្យូ។ ក្រោយករណីផ្ទុះ ប៉ូលិសជប៉ុនបានឃាត់ខ្លួនជនបរទេសអាយុ ៤៩ ឆ្នាំម្នាក់។
បើតាមអ្នកស៊ើបអង្កេត រូបភាពពីកាមេរ៉ាសុវត្ថិភាពបង្ហាញថា បុរសម្នាក់ដាក់វត្ថុដែលមើលទៅដូចកំប៉ុងកាហ្វេនៅជិតម៉ាស៊ីនលក់សំបុត្រនៅស្ថានីយ៍រថភ្លើង។ ក្រោយមកបុរសនោះចាកចេញ បើតាម NHK បានឱ្យដឹង។
ករណីផ្ទុះកើតឡើងក្រោយពេលបុរសនោះបានទុកចោលកំប៉ុងកាហ្វេ សារធាតុរាវក្នុងកំប៉ុងខ្ទាតលើនារីអាយុ ២០ ឆ្នាំម្នាក់។ នារីម្នាក់នេះរបួសត្រង់ថ្ងាស និងមានអារម្មណ៍ថា រលាកបន្ទាប់ពីត្រូវសារធាតុរាវខ្ទាតចំ។
បុគ្គលិកដែលធ្វើការនៅស្ថានីយ៍បានជួយជនរងគ្រោះក៏បានរាយការណ៍ថា មានអារម្មណ៍ថាឈឺម្រាមដៃ។
អាជ្ញាធរជប៉ុនកំពុងស៊ើបអង្កេតដើម្បីស្វែងយល់សារធាតុរាវក្នុងកំប៉ុងដែលពាក់ព័ន្ធនឹងករណីនេះ។
អាជ្ញាធរជប៉ុនមិនទាន់បានប្រកាសអត្តសញ្ញាណជនសង្ស័យដែលកំពុងជាប់ឃុំ មូលហេតុករណីផ្ទុះ និងទង្វើរបស់ជនសង្ស័យ។
ប្រភព៖ Zing News