ប៉ូលិស​ជប៉ុន​ចាប់​ខ្លួន​បុរស ៤ នាក់​ក្រោយ​ករណី​​ប្លន់​​​ហាង​​​នាឡិកា​​​ប្រណីត​​​នៅ Ginza

ប៉ូលិសជប៉ុនបានចាប់ខ្លួនជនសង្ស័យ ៤ នាក់ និងកំពុងបន្តស្វែងរកជនសង្ស័យទី ៥ ក្នុងករណីប្លន់​ហាង​នាឡិកា​ប្រណីត​​​នៅ​​កណ្តាល​​ទីក្រុង​​តូក្យូ។

ទិដ្ឋភាព​ហាង​លក់​នាឡិកា​ប្រណីតត្រូវ​ចោរ​ប្លន់​នៅទីក្រុង​តូក្យូ។ រូបភាព៖ Kyodo

បើតាម AFP បានអោយដឹង ករណីប្លន់បានកើតឡើងក្នុងហាងលក់នាឡិកាប្រណីតនៅ Ginza ទីក្រុងតូក្យូ កាល​ពី​ថ្ងៃ​ទី ៨ ខែ​មេសា។

ដំបូងឡើយ ជនសង្ស័យបិទមុខ ៣ នាក់សម្រុកចូលហាង​លក់​នាឡិកា។ ក្រុមចោរយកតា​មដែកគាស់ប្រើសម្រាប់វាយ​​បំបែក​​កញ្ចក់​ដែល​ការពារ​ទូនាឡិកា។ ក្រុមចោរបានយកនាឡិកា​ជាង​ ៣០ គ្រឿង ដែល​មាន​តម្លៃ​ប្រហែល ៧៤ ម៉ឺន​​​ដុល្លារ​។

សារព័ត៌មាន NHK បាន​រាយការណ៍​ ក្រោយពេលតាមរក ប៉ូលិស​បាន​ចាប់​ខ្លួន​ជន​សង្ស័យ ៤ នាក់​។ សមាជិកម្នាក់ទៀត​​ក្នុង​​ក្រុម​​ចោរ​កំពុង​រត់​គេច​ខ្លួន។

នៅ​កន្លែង​កើតហេតុ ករណីប្លន់បានធ្វើអោយកញ្ចក់ដាក់តាំងនាឡិកាបែកខ្ទេច។ ប្រអប់ទទេដែលមានផ្លាកសញ្ញា Rolex ត្រូវបានសង្កេតឃើញនៅក្នុងហាង។

ជប៉ុនជាប្រទេសដែលល្បីមានអត្រាឧក្រិដ្ឋកម្មទាប ចំណែករបស់របរដែលបាត់តែងតែត្រូវបានប្រគល់ជូនម្ចាស់ដើម​វិញ។ ទោះជាយ៉ាងណា ហាង​លក់​ទំនិញ​ប្រណីត​ក្នុងសង្កាត់ Ginza ធ្លាប់ជាគោលដៅរបស់ឧក្រិដ្ឋជននាពេលកន្លង​មក។

នៅថ្ងៃបុណ្យណូអែលឆ្នាំ ២០១៤ ក្រុមចោរបានប្លន់ចិញ្ចៀន​ពេជ្រដែលមានតម្លៃ ៣០ ម៉ឺនដុល្លារ​ពី​ហាង​លក់​គ្រឿងអលង្ការ​​នៅ Ginza ។

នៅឆ្នាំ ២០០៧ ក្រុមឧក្រិដ្ឋជនបានសម្រុកចូលហាងលក់ត្បូង​មាន​តម្លៃនៅ Ginza ហើយប្លន់គ្រឿងអលង្ការ​ដែល​មាន​​​តម្លៃ ៣,៥ លាន​​ដុល្លារ។

ប្រភព៖ Zing News

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: