ករណី​មន្ត្រី​ប៉ូលិស​មួយ​រូប​បាន​ស្លាប់​នៅ​វិមាន​របស់​នាយក​រដ្ឋ​មន្ត្រី​​ជប៉ុន

ប៉ូលិស​ម្នាក់​ត្រូវ​គេប្រទះឃើញបានស្លាប់ក្នុងបរិវេណវិមានរបស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida នៅ​ព្រឹក​​ថ្ងៃ​​ទី ៥ ខែ​ឧសភា។ ប៉ូលិស​ក្រុង​តូក្យូ​​បាន​សង្ស័យ​ថា នេះជាករណីធ្វើអត្តឃាត។

វិមានរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ។ រូបភាព៖ Wikimedia Commons

ប៉ូលិសអាយុ ២៥ ឆ្នាំម្នាក់នេះត្រូវបានមិត្តរួមការងាររកឃើញក្នុងបន្ទប់ទឹកត្រង់កន្លែងសន្តិសុខនៅច្រកទ្វារខាង​លិច​នៃ​វិមាន​របស់​នាយក​រដ្ឋ​មន្ត្រី Fumio Kishida នៅម៉ោងប្រហែល ៤ៈ៤០ ព្រឹក ថ្ងៃទី ៥ ខែឧសភា (ម៉ោងក្នុងតំបន់) បើ​តាម​សារ​ព័ត៌មាន CNN ។

ស្ថានីយ៍ទូរទស្សន៍ NHK បានអោយដឹង ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញក្រោមស្ថានភាពមានស្នាមកាំភ្លើងបាញ់ក្នុង​បន្ទប់​ទឹក ហើយត្រូវបានបញ្ជូន​ទៅ​មន្ទីរពេទ្យ ប៉ុន្តែឆ្លងមិនផុត។

យោងតាមប៉ូលិសក្រុងតូក្យូ ជនរងគ្រោះ​កំពុង​បំពេញកាតព្វកិច្ចការពារនៅវិមានពេលហេតុការណ៍កើតឡើង។ នាយក​រដ្ឋ​មន្ត្រី លោក Fumio Kishida កំពុងបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់​អាហ្រ្វិក និង​មិន​មាន​វត្ត​មាន​នៅ​វិមាន​នោះ​​ទេ។

ទន្ទឹមនឹងនេះដែរ កាសែត Kyodo បានដកស្រង់សម្តីលោក Yusuke Takayama មន្ត្រីនាយកដ្ឋានប៉ូលិសទីក្រុង​តូក្យូ ដោយ​និយាយ​ថា​ទី​ភ្នាក់​ងារ​កំពុង “ស៊ើបអង្កេតលម្អិត” ករណីនេះ។

ហេតុការណ៍នេះកើតឡើងនៅពេលដែលរដ្ឋាភិបាលជប៉ុនកំពុងមានការប្រុងប្រយ័ត្នខ្ពស់ ក្រោយករណីលោក Kishida ត្រូវ​​វាយ​ប្រហារ​ក្នុង​ព្រឹត្តិ​ការណ៍​ថ្មីៗ​នេះ។

កាលពីថ្ងៃទី ១៥ ខែមេសា ជនសង្ស័យ Ryuji Kimura អាយុ ២៤ ឆ្នាំ បានគប់គ្រាប់បែកផ្សែងទៅកាន់នាយករដ្ឋមន្ត្រីអំឡុងពេលត្រៀម​ថ្លែង​សុន្ទរកថា​ក្នុង​ទីក្រុង Wakayama ។ ភ្លាមៗ​នោះ​កម្លាំង​​សន្តិសុខ​​បាន​​នាំ​​នាយក​រដ្ឋមន្ត្រី​ទៅ​​កន្លែង​​សុវត្ថិភាព​​មុន​ពេល​សំឡេង​ផ្ទុះ​បន្លឺ​ឡើង។ ខណៈពេលនោះ ជនសង្ស័យត្រូវ​បាន​ឃាត់ខ្លួននៅកន្លែងកើតហេតុ។

នៅពេលដែលថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​កាលពីថ្ងៃទី ១៦ ខែ​មេសា នាយករដ្ឋមន្ត្រី Kishida បានចាត់ទុកការវាយប្រហារ​ដោយហិង្សាក្នុងអំឡុងពេលបោះឆ្នោតគឺ “មិនអាចអត់ទោសបាន” ឡើយ។

ប្រភព៖ CNN

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: