បញ្ហាសង្គមដែលជប៉ុនកំពុងជួបប្រទះគឺចំនួនកុមារបន្តធ្លាក់ចុះអំឡុងពេល ៤២ ឆ្នាំកន្លងមក
តួលេខថ្មីដែលត្រូវបានប្រកាសនៅថ្ងៃបុណ្យជាតិរបស់កុមារបានបង្ហាញថា ចំនួនកុមារនៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះជាបន្តបន្ទាប់រយៈពេល ៤២ ឆ្នាំកន្លងមក។
យោងតាមការប៉ាន់ប្រមាណគិតត្រឹមថ្ងៃទី ១ ខែមេសា ដោយក្រសួងកិច្ចការទូទៅជប៉ុន ចំនួនកុមារដែលមានអាយុពី ១៤ ឆ្នាំចុះក្រោមគឺ ១៤,៣៥ លាននាក់ ធ្លាក់ចុះចំនួន ៣០ ម៉ឺននាក់ បើធៀបនឹងឆ្នាំមុន ក្នុងចំណោមនោះកុមារាមានចំនួន ៧,៣៥ លាននាក់ និងកុមារីមានចំនួន ៧ លាននាក់។
ចំនួនកុមារនៅក្នុងប្រទេសជប៉ុនបានបន្តធ្លាក់ចុះចាប់តាំងពីឆ្នាំ ១៩៨២ ។
បច្ចុប្បន្ននេះ ចំនួនកុមារដែលមានអាយុចន្លោះពី ១២ ដល់ ១៤ ឆ្នាំមាន ៣,២១ លាននាក់ អាយុចន្លោះពី ៩ ដល់ ១១ ឆ្នាំមាន ៣,០៨ លាននាក់ អាយុចន្លោះពី ៦ ដល់ ៨ ឆ្នាំមាន ២,៩៦ លាននាក់ អាយុចន្លោះពី ៣ ដល់ ៥ ឆ្នាំមាន ២,៦៧ លាននាក់ និងអាយុពី ២ ឆ្នាំចុះក្រោមមាន ២,៤៣ លាននាក់។
អត្រាកុមារលើចំនួនប្រជាជនសរុបក៏បានធ្លាក់ចុះសល់ ១១,៥% ធ្លាក់ចុះអស់រយៈពេល ៤៩ ឆ្នាំជាប់ៗគ្នា។
គិតត្រឹមខែតុលាឆ្នាំមុន ខេត្តដែលមានអត្រាកុមារច្រើនជាងគេគឺ Okinawa ចំនួន ១៦,៣% បន្ទាប់មកគឺខេត្ត Shiga និង Saga សុទ្ធតែមានចំនួន ១៣,២% និងបន្តមកទៀតគឺខេត្ត Kumamoto មាន ១៣% ។
ចំនួនទាបបំផុតគឺខេត្ត Akita ដែលមានអត្រា ៩,៣% ។ បណ្តាខេត្ត Aomori និង Hokkaido មានចំនួន ១០,២% និង ១០,៣% ។
យោងតាមការប៉ាន់ប្រមាណរបស់វិទ្យាស្ថានស្រាវជ្រាវជាតិសម្រាប់ប្រជាជន និងសន្តិសុខសង្គម ចំនួនកុមារជប៉ុននឹងធ្លាក់ចុះក្រោម ១០ លាននាក់នៅឆ្នាំ ២០៥៣ ។ ការប៉ាន់ប្រមាណក៏បានបង្ហាញថា ចំនួននេះនឹងធ្លាក់ចុះសល់ ៧,៩៧ លាននាក់ ស្មើនឹង ៩,២% នៃចំនួនប្រជាជនសរុបនៅឆ្នាំ ២០៧០ ។
ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៥ ខែឧសភា ជាទិវាកុមារនៅប្រទេសជប៉ុន។
ប្រភព៖ NHK