បុរសជនជាតិវៀតណាមម្នាក់ដែលត្រូវឃុំខ្លួននៅស្ថានីយប៉ូលិសជប៉ុនបានស្លាប់ដោយមិនដឹងពីមូលហេតុ
យោងតាមសារព័ត៌មាន Mainichi បានអោយដឹង បុរសជនជាតិវៀតណាមម្នាក់ត្រូវកម្លាំងប៉ូលិសខេត្ត Ibaraki ចាប់ខ្លួន ហើយត្រូវគេបញ្ជាក់ថាបានស្លាប់កាលពីថ្ងៃទី ២៩ ខែមេសា។
ទីស្នាក់ការប៉ូលិសខេត្ត Ibaraki ប្រទេសជប៉ុន។ រូបភាព៖ Mainichi
បើតាមស្ថានីយ៍ប៉ូលិសទីក្រុង Shimotsuma ខេត្ត Ibaraki នៅវេលាម៉ោងប្រហែល ៧ៈ៣០ នាទីព្រឹក (ម៉ោងក្នុងតំបន់) នៅថ្ងៃទី ២៩ ខែមេសា បុរសអាយុ ២៩ ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ បន្ទាប់ពីទឹកមុខរបស់គាត់ប្រែប្រួល និងមិនមានការឆ្លើយតបប៉ូលិស។
បុរសជនជាតិវៀតណាមត្រូវគេបញ្ជាក់ថាទទួលមរណភាពក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យបានប្រហែល ១៣ ម៉ោង។
មុននោះ កាលពីថ្ងៃទី ២០ ខែមេសា ប៉ូលិសជប៉ុនបានចាប់ខ្លួនបុរសរូបនេះ ដោយសង្ស័យថាបានបំពានច្បាប់គ្រប់គ្រងជនអន្តោប្រវេសន៍ និងជនភៀសខ្លួន។ អំឡុងពេលចាប់ខ្លួនបុរសរូបនេះ គាត់បានដួល និងរបួសស្មាខាងឆ្វេង។
បុរសរូបនេះត្រូវបានគ្រូពេទ្យនៅមន្ទីរពេទ្យក្នុងទីក្រុង Tsukuba ធ្វើរោគវិនិច្ឆ័យថាមានស្នាមជាំលើដងខ្លួន។ វេជ្ជបណ្ឌិតបានផ្តល់ថ្នាំបំបាត់ការឈឺចាប់ និងបន្ទះបិទព្យាបាលដល់គាត់។ ក្រៅពីរបួសខាងលើ គាត់មិនមានបញ្ហាសុខភាពអ្វីផ្សេងទៀតឡើយ។
កាលពីថ្ងៃទី ២៩ ខែមេសា មន្ត្រីប៉ូលិសបានចែកអាហារពេលព្រឹកដល់គាត់ ប៉ុន្តែបុរសម្នាក់នេះហូបតែបន្តិចប៉ុណ្ណោះ។
ប៉ូលិសទីក្រុង Shimotsuma បានឱ្យដឹងថា “នឹងស៊ើបអង្កេត” ប្រព័ន្ធគ្រប់គ្រងរបស់ខ្លួន។ ទោះជាយ៉ាងណា ទីភ្នាក់ងារមិនបានរកឃើញបញ្ហាអ្វីឡើយ។
ប្រភព៖ The Mainichi