ប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ក្នុងអាងងូតទឹកបន្ទាប់ពីរលាក Ramen ក្តៅ
ប៉ូលិសជប៉ុនបានចាប់ខ្លួនស្ត្រីម្នាក់នៅ Osaka ដោយសង្ស័យថាបានសម្លាប់មិត្តប្រុសរបស់ខ្លួន។
កាលពីម្សិលមិញ នៅថ្ងៃទី ១ ខែឧសភា ប៉ូលិស Osaka បានចាប់ខ្លួនស្រ្តីឈ្មោះ Momoka Taniuchi អាយុ ២៩ ឆ្នាំ ដោយចោទប្រកាន់ថា បានចាក់មី Ramen ក្តៅលើខ្លួនមិត្តប្រុស ហើយពន្លិចសម្លាប់បុរសនោះក្នុងអាងងូតទឹកនាល្ងាចថ្ងៃទី ៣០ ខែមេសា។
នៅស្ថានីយ៍ប៉ូលិស Taniuchi បានទទួលយកការចោទប្រកាន់មួយផ្នែក ដោយឆ្លើយថា នាងបានចាក់មី Ramen លើខ្លួនមិត្តប្រុសបន្ទាប់ពីឈ្លោះប្រកែកគ្នា។ ភ្លាមៗនោះ បុរសមានវ័យជាង ៣០ ឆ្នាំបានទះកំផ្លៀង Taniuchi ។
Taniuchi បានផ្តល់សក្ខីកម្មថា មិត្តប្រុសរបស់នាងទៅងូតទឹក ហើយមិនបានចេញមកវិញក្រោយរយៈពេល ១៥ នាទី។ នៅពេលដែល Taniuchi ទៅពិនិត្យមើលក៏បានប្រទះឃើញមិត្តប្រុសរបស់នាងសន្លប់ក្នុងអាងងូតទឹក ដូច្នេះហើយទើបរាយការណ៍ប្រាប់ប៉ូលិស។
បើតាមសមត្ថកិច្ច ជនរងគ្រោះមានស្នាមកាំបិតជាច្រើនកន្លែងនៅផ្នែកខាងក្រោមរាងកាយ។ គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែឆ្លងមិនផុត។ លទ្ធផលធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះលង់ទឹកស្លាប់។ ប៉ូលិសកំពុងបន្តស៊ើបអង្កេតករណីនេះ។
ប្រភព៖ Japan Today