ពិតជារំភើបណាស់ ឆ្កែដ៏ស្មោះត្រង់ Hachiko រង់ចាំម្ចាស់នៅស្ថានីយ៍រថភ្លើងអស់រយៈពេល ១០ ឆ្នាំ
Hachiko ជាឆ្កែតូចរោមសមួយក្បាលកើតក្នុងខែវិច្ឆិកា ឆ្នាំ ១៩២៣ នៅខេត្ត Akita ប្រទេសជប៉ុន។
រឿងរ៉ាវកើតឡើងក្នុងឆ្នាំ ១៩២៥ នៅស្ថានីយ៍ Shibuya ។ ឆ្កែ Hachi ដែលគេហៅថា Hachiko ជាឆ្កែតូចរោមសមួយក្បាល។ ឆ្កែមួយក្បាលនេះវង្វេងម្ចាស់ និងត្រូវបានសាស្រ្តាចារ្យ Ueno នៃសាកលវិទ្យាល័យ Tokyo យកទៅចិញ្ចឹមដូចជាកូនក្នុងគ្រួសារ។
ជារៀងរាល់ថ្ងៃ រាល់ព្រឹក Hachiko ជូនដំណើរសាស្រ្តាចារ្យ Ueno Eizaburo ទៅដល់ស្ថានីយ៍ឡើងរថភ្លើងទៅធ្វើការ ហើយពួកគេទាំងពីរដើរទៅកាន់ស្ថានីយ៍ Shibuya ។ Hachiko មិនអាចតាមសាស្ត្រាចារ្យទៅកាន់សាកលវិទ្យាល័យរាជវង្សឡើយ (សព្វថ្ងៃគឺសាកលវិទ្យាល័យ Tokyo) ជាកន្លែងដែលគាត់កំពុងបង្រៀន រាល់រសៀលម៉ោង ៣ Hachiko ទៅស្ថានីយ៍រង់ចាំសាស្ត្រាចារ្យត្រឡប់មកវិញ។
ប៉ុន្តែយ៉ាងណានៅថ្ងៃទី ១២ ខែឧសភាឆ្នាំនោះ សាស្រ្តាចារ្យ Ueno បានទទួលមរណភាពព្រោះតែជំងឺដាច់សរសៃឈាមខួរក្បាលពេលកំពុងបង្រៀននៅសាកលវិទ្យាល័យ ហើយមិនអាចវិលត្រឡប់មកវិញបាន។ ចំណែក Hachiko ដូចរាល់ដងទៅស្ថានីយ៍នាម៉ោង ៣ រសៀលដើម្បីទទួលម្ចាស់មកវិញ។ ប៉ុន្តែនៅថ្ងៃនោះម៉ោង ៣ បានកន្លងផុតទៅយ៉ាងយូរ រថភ្លើងឆ្លងកាត់រាប់មិនអស់ មេឃងងឹតនៅតែមិនឃើញសាស្ត្រាចារ្យត្រឡប់មកវិញ។ រីឯ Hachiko ជាឆ្កែដែលស្មោះត្រង់មួយក្បាលនៅតែបន្តរង់ចាំ។
Hachiko មានអារម្មណ៍ថាមានរឿងអាក្រក់បានកើតឡើង ថ្វីត្បិតតែវានៅតែចេញទៅស្ថានីយ៍រង់ចាំម្ចាស់នៅម៉ោង ៣ រសៀលជារៀងរាល់ថ្ងៃ។ មិនយូរប៉ុន្មាន មនុស្សនៅជុំវិញផ្តើមចាប់អារម្មណ៍ការរង់ចាំដ៏អស់សង្ឃឹមរបស់ Hachiko ចំពោះម្ចាស់ដែលបានទទួលមរណភាពរបស់ខ្លួន។ ជាបន្តបន្ទាប់ ដូចជាអ្នកថែសួនពីមុនរបស់សាស្រ្តាចារ្យ រហូតដល់នាយកស្ថានីយ៍ និងប្រជាជនក្នុងតំបន់បានអោយចំណី Hachiko ហើយប្តូរវេនគ្នាមើលថែវា។
រឿងរ៉ាវនិយាយពីភាពស្មោះត្រង់របស់ឆ្កែមួយក្បាលផ្សព្វផ្សាយគ្រប់ទីកន្លែង ចំណែក Hachiko ត្រូវគេចាត់ទុកដូចជាគំរូនៃភាពស្មោះត្រង់។ មនុស្សម្នាទៅដល់ Shibuya ដើម្បីរកមើល Hachiko អោយចំណីវា ឬអង្អែលក្បាលវាថ្នមៗ។
ក្នុងឆ្នាំ ១៩៣២ នៅពេលដែល Hachiko រង់ចាំម្ចាស់បាន ៧ ឆ្នាំ និស្សិតសរបស់សាស្រ្តាចារ្យ Ueno ម្នាក់បានសរសេរអត្តបទមួយនិយាយពីរឿងដ៏រំភើបចិត្តនេះ ហើយផ្ញើអោយចុះផ្សាយនៅកាសែតធំមួយក្នុងទីក្រុង Tokyo ។ ភ្លាមៗនោះ មានមនុស្សជាច្រើនព្រួយបារម្ភចំពោះឆ្កែដ៏ស្មោះត្រង់មួយក្បាលនេះ។ ហើយក៏ដោយសារ Hachiko បានជាជនជាតិជប៉ុនបន្ថែមពាក្យថ្មី “chukhen” ឆ្កែតូចស្មោះត្រង់ក្នុងវចនានុក្រម។
ជាច្រើនខែឆ្នាំបានកន្លងផុតទៅ Hachiko នៅតែនៅស្ថានីយ៍នាវេលាម៉ោង ៣ រសៀល ទោះបីជាវាមានជំងឺរលាកសន្លាក់ និងចាស់យ៉ាងណាក៏ដោយ។ នៅទីបំផុតនៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ១៩៣៥ ជិត ១១ ឆ្នាំចាប់តាំងពីពេលដែលវាមើលឃើញម្ចាស់លើកចុងក្រោយ គេរកឃើញ Hachiko ពេលនោះវាអាយុ ១២ ឆ្នាំទៅហើយ ដេកស្លាប់នៅកន្លែងដែលវារង់ចាំម្ចាស់របស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ។
Hachiko ងាប់នៅថ្ងៃទី ៨ ខែមីនាឆ្នាំ ១៩៣៥ ។ ក្រុមគ្រួសាររបស់សាស្រ្តាចារ្យលាវាជាលើកចុងក្រោយ។
ការស្លាប់របស់ Hachiko ត្រូវបានចុះផ្សាយនៅលើទំព័រមុខរបស់កាសែតជាច្រើននៅពេលនោះ ហើយគេចំណាយពេលមួយថ្ងៃដើម្បីកាន់ទុក្ខ Hachiko ។ ដោយផ្អែកលើប្រាក់បរិច្ចាគរបស់ប្រជាជនទូទាំងប្រទេស គេជួលជាងចម្លាក់ Ando Teru ដើម្បីធ្វើរូបចម្លាក់សំរិទ្ធរបស់ Hachiko ។ នៅពេលដែលរូបចម្លាក់ធ្វើរួចរាល់ និងត្រូវបានដាក់ក្នុងបរិវេណស្ថានីយ៍ នៅកន្លែងដែលវារង់ចាំម្ចាស់អស់រយៈពេលជិត ១០ ឆ្នាំ។
ទោះជាយ៉ាងណា ប៉ុន្មានឆ្នាំក្រោយមក ជប៉ុនធ្លាក់ក្នុងសង្រ្គាម វត្ថុគ្រប់យ៉ាងដែលជាលោហៈត្រូវគេយកទៅធ្វើជាអាវុធ មិនលើកលែងរូបចម្លាក់របស់ Hachiko នោះទេ។ ក្រោយពេលសង្គ្រាមបញ្ចប់ នៅឆ្នាំ ១៩៤៨ កូនប្រុសរបស់ជាងចម្លាក់ Ando Teru ឈ្មោះ Takeshi បានធ្វើរូបចម្លាក់ Hachiko ថ្មី។ រូបចម្លាក់ត្រូវបានគេដាក់នៅស្ថានីយ៍ Shibuya រហូតមកដល់សព្វថ្ងៃនេះ។ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៨ ខែមេសា គេប្រារព្ធពិធីរំលឹកដល់ Hachiko នៅស្ថានីយ៍ Shibuya ។
ក្រៅពីរូបចម្លាក់ Hachiko នៅស្ថានីយ៍ Shibuya វាក៏ត្រូវបានគេដាក់រូបចម្លាក់នៅស្រុកកំណើត នៅខាងក្រៅស្ថានីយ៍ Odate និងរូបចម្លាក់មួយផ្សេងទៀតនៅមុខសារមន្ទីរឆ្កែ Akita ។
នៅជាប់ផ្នូររបស់សាស្រ្តាចារ្យ Ueno កន្លែងបញ្ចុះសព Aoyama ក៏មានរូបចម្លាក់របស់ Hachiko ផងដែរ។ មានពាក្យចចាមអារ៉ាមថា ឆ្អឹងរបស់ Hachiko កប់នៅទីនោះ ប៉ុន្តែតាមពិត ឆ្អឹងរបស់ Hachiko កំពុងត្រូវបានដាក់តាំងនៅសារមន្ទីរជាតិ។
ប្រភព៖ kaizen