ជប៉ុន​គ្រោង​បញ្ចប់ការ​រឹត​​បន្តឹង​​ព្រំដែន​ចំពោះ​ជំងឺកូវីដ​នៅ​​ថ្ងៃ​​ទី ២៩ ខែ​មេសា

រដ្ឋាភិបាលជប៉ុនគ្រោងបញ្ចប់វិធានការ​ត្រួត​ពិនិត្យ​ជំងឺ​រាត​ត្បាតនៅថ្ងៃសៅរ៍ទី ២៩ ខែមេសានេះហើយ។

រូបភាព៖ Kyodo

ដំបូងឡើយ រដ្ឋាភិបាលបានសម្រេចចិត្តដកការរឹតបន្តឹងនៅថ្ងៃទី ៨ ខែឧសភា នៅ​ពេល​ដែល​មន្ត្រី​ចាត់​ថ្នាក់ប្រភេទ​​ជំងឺ​​កូវី​ដ​ចុះកម្រិតទាបបំផុតគឺក្រុមទី ៥ ដូចជាជំងឺផ្តាសាយតាមរដូវ។ ទោះជាយ៉ាងណា តាមប្រភពព័ត៌មាន​បាន​អោយ​ដឹង​ថា រដ្ឋាភិបាលកំពុង​រៀបចំ​ការ​បញ្ចប់​ការត្រួត​ពិនិត្យ​ព្រំ​ដែន​លឿន​​ជាង​ការ​គ្រោង​ទុក។

បច្ចុប្បន្ននេះ អ្នកដែលចូលប្រទេសជប៉ុនត្រូវបង្ហាញលិខិតបញ្ជាក់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដចំនួន ៣ ដូស ក៏​ដូច​ជា​បំពេញតម្រូវការផ្សេងៗទៀត។ រដ្ឋាភិបាលក៏គ្រោងនឹងបញ្ចប់ការធ្វើតេស្តដោយចៃដន្យចំពោះអ្នកដំណើរមួយ​ចំនួន​ដែលមកពីចិនដីគោកតាមជើងហោះហើរត្រង់។

នៅប្រទេសជប៉ុន ថ្ងៃឈប់សម្រាកនិទាឃរដូវ “សប្តាហ៍មាស” ចាប់ពីចុងសប្តាហ៍នេះរហូតដល់ថ្ងៃទី ៧ ខែឧសភា។ អំឡុងពេលនេះ តាមការរំពឹងទុកចំនួនភ្ញៀវទេសចរណ៍ទៅលេងក្រៅប្រទេសនឹងកើនឡើង។ អ្នក​សង្កេតការណ៍បាន​អោយ​ដឹង​ថា រដ្ឋាភិបាល​ចង់អោយប្រជាពលរដ្ឋ​ដែលធ្វើដំណើរត្រឡប់មកវិញ អាចបំពេញបែបបទចូលមានភាព​​ងាយ​​ស្រួល។

យ៉ាងណាមិញ ក្រុមមន្ត្រីបានអោយដឹងថា ពួកគេនឹងត្រួតពិនិត្យសុខភាព ដោយឈរលើមូលដ្ឋានស្ម័គ្រចិត្ត ចំពោះអ្នកដែលចូលប្រទេសមានរោគសញ្ញាដូចជាគ្រុនក្តៅ និងក្អក រួមទាំងក្រោយពេលដកការរឹតបន្តឹងចូលប្រទេស។ ក្រុម​មន្ត្រី​ក៏​បាន​និយាយ​ផង​ដែរ​ថា នឹងធ្វើការវិភាគហ្សែនរបស់វីរុស។

ប្រភព៖ NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: