ការចែករំលែករូបមន្តចម្អិនម្ហូបឆ្ងាញ់ៗរបស់ស្រ្តីមេផ្ទះជនជាតិជប៉ុនឈ្មោះ Harumi Kurihara
អ្នកស្រី Harumi Kurihara បាននិយាយថា៖ “ខ្ញុំមិនពូកែធ្វើម្ហូបទេ ខ្ញុំគ្រាន់តែរីករាយនឹងមុខម្ហូបដែលខ្លួនចម្អិនជាមួយមនុស្សជាទីស្រលាញ់ប៉ុណ្ណោះ” ។
នៅជប៉ុនមានស្ត្រីមេផ្ទះម្នាក់ដែលចំណាយពេលជាងពាក់កណ្តាលជីវិតនៅក្នុងផ្ទះបាយ រយៈពេល ៣០ ឆ្នាំចម្អិនអាហារដែលល្អចំពោះសុខភាពសម្រាប់គ្រួសារជាច្រើន ស្រ្តីរូបនេះមានឈ្មោះថា Harumi Kurihara ។
គាត់ត្រូវបានគេអោយឈ្មោះថា “Martha Stewart របស់ជប៉ុន” ដែលបង្កើតជាង ៤.០០០ រូបមន្តដោយខ្លួនឯង ជាពិធីការនីកម្មវិធីទូរទស្សន៍ជាច្រើន ជាអ្នកនិពន្ធ “Suteki Recipe” ដែលជាទស្សនាវដ្តីរូបមន្តមុខម្ហូបចេញផ្សាយប្រចាំត្រីមាស ហើយលក់បាន ២០ លានច្បាប់ ក៏ដូចជាសៀវភៅបង្រៀនធ្វើម្ហូបជាង ៣ ក្បាល និងទស្សនាវដ្តីស្ទីលលក់ដាច់បំផុត មានឧបករណ៍ធ្វើម្ហូបដែលមានឈ្មោះរបស់អ្នកស្រី និងជាម្ចាស់ខ្សែសង្វាក់ហាង។
អ្នកស្រី Harumi Kurihara មិនធ្លាប់រៀនជំនាញធ្វើម្ហូបទេ គ្រាន់តែផ្អែកលើបទពិសោធជាស្ត្រីមេផ្ទះខំអស់ពីចិត្តធ្វើម្ហូបឆ្ងាញ់សម្រាប់គ្រួសារ។
ជាការពិតណាស់ អ្នកស្រី Harumi Kurihara ទាក់ទាញអ្នកទស្សនាដោយផ្អែកលើស្នាមញញឹមដែលទូរទស្សន៍ NHK បានថតនៅឆ្នាំ ២០១១ ។ នៅពេលនោះគ្មាននរណាជឿថា អ្នកដែលបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ជាស្រ្តីអាយុ ៦៤ ឆ្នាំ។
ដោយសារផលិតភាពការងារខ្ពស់ អ្នកស្រីចេញផ្សាយទស្សនាវដ្តីដែលកែសម្រួលដោយខ្លួនឯងចំនួន ៤ ដងក្នុងមួយឆ្នាំៗ ចំនួន ៤.០០០ មុខម្ហូបត្រូវបានដាក់ចេញ គ្មានមួយមុខណាដូចមួយមុខណាឡើយ។
ប្រហែលមានតែអ្នកដែលដឹង និងចូលចិត្តធ្វើម្ហូបប៉ុណ្ណោះ ទើបអាចយល់ពីទុក្ខលំបាករបស់ស្ត្រីមេផ្ទះ។ ស្ត្រីមេផ្ទះច្រើនតែត្រូវមើលងាយ និងទទួលការរិះគន់មិនល្អ។ ការខិតខំប្រឹងប្រែងរបស់អ្នកស្រី Harumi បានរួមចំណែកការលុបបំបាត់ទស្សនៈនេះ និងជួយស្ត្រីមេផ្ទះជាច្រើនមានអារម្មណ៍ជឿជាក់លើខ្លួនឯង។
រូបថតគ្រួសាររបស់អ្នកស្រី Harumi Kurihara ។
ដោយទទួលខុសត្រូវចំពោះសុខភាព និងស្មារតីរបស់សមាជិកក្នុងគ្រួសារ ម្ហូបអាហារគឺជា “អាថ៌កំបាំង” ដែលសំខាន់បំផុត។ មិនចាំបាច់ប្រណិតពេកទេ អាហារបីពេលក្នុងមួយថ្ងៃក៏អាចបង្ហាញពីក្តីស្រលាញ់របស់ម្តាយ និងភរិយាចំពោះស្វាមី និងកូន។
មានម្តងលាយត្រីធូណាជាមួយការ៉ុត ស្រាប់តែក្លាយជាមុខម្ហូបដែលឆ្ងាញ់សម្រាប់គ្រួសារ មិត្តរួមការងាររបស់ប្តីអ្នកស្រីបន្ទាប់ពីបរិភោគពិតជាភ្ញាក់ផ្អើលណាស់ ហើយសួរអ្នកស្រីថា តើអ្នកស្រីមានបំណងចង់ធ្វើការងារដែលទាក់ទងនឹងមុខម្ហូបដែរទេ?
ចាប់តាំងពីពេលនោះមក ស្នាដៃរបស់អ្នកស្រី Harumi Kurihara ចាប់ផ្តើមចេញផ្សាយជាប្រចាំនៅលើទស្សនាវដ្ដី និងទូរទស្សន៍។
បើតាមអ្នកស្រី Harumi Kurihara ការខិតខំប្រឹងប្រែងចំពោះគ្រឿងផ្សំនីមួយៗក្នុងមុខម្ហូប ដើម្បីបង្កើតទំនុកចិត្តរបស់អ្នកអានចំពោះរូបមន្តរបស់ខ្លួនជារឿងសំខាន់បំផុត ក៏ដូចជាបញ្ហាប្រឈមសម្រាប់អ្នកស្រីផងដែរ។
យ៉ាងណានៅពេលដែលល្បីឈ្មោះ ជារៀងរាល់ថ្ងៃ រវល់ស្វែងរក និងបង្កើតមុខម្ហូបថ្មីៗ អ្នកស្រី Harumi Kurihara មានអារម្មណ៍ថាខ្លួនដូចជាសៀវភៅបង្រៀន។ ពេលខ្លះអ្នកស្រីហាក់ដូចជាលែងមានភាពរីករាយចំពោះការធ្វើម្ហូបដូចមុន។
អ្នកស្រីបានគិតយ៉ាងយូរ ហើយទីបំផុតដឹងថា ស្នាមញញឹមរបស់ស្វាមី និងកូនៗពេលបរិភោគអាហារដែលខ្លួនចម្អិនទើបជាសុភមង្គល និងភាពរីករាយបំផុតក្នុងជីវិតអ្នកស្រី។
ដោយផ្តោតលើគំនិតនេះ មុខម្ហូបដែលអ្នកស្រី Harumi Kurihara បង្កើតកាន់តែទទួលបានការពេញចិត្ត។
អ្នកស្រី Harumi បាននិយាយថា៖ “ជីវិតមិនមែនតែងតែពោរពេញដោយភាពរីករាយនោះទេ រឿងល្អៗមិនច្រើនឡើយ។ ដូច្នេះហើយ បានជាយើងត្រូវរៀនទទួលយកភាពរីករាយក្នុងរឿងដែលតូចបំផុត ឧទាហរណ៍ដូចជាមុខម្ហូបឆ្ងាញ់” ។
បញ្ចប់ការងារពេលថ្ងៃ ត្រឡប់មកពេលល្ងាចវិញ អ្នកស្រី Harumi Kurihara ជាស្ត្រីមេផ្ទះម្នាក់ ធ្វើម្ហូបឱ្យប្តី និងកូនពីរនាក់យ៉ាងឆ្ងាញ់ពិសា សាមញ្ញ និងពោរពេញដោយក្តីស្រលាញ់។
ប្តីរបស់អ្នកស្រី Harumi ធ្លាប់ជាពិធីករកម្មវិធីល្បី។ ដោយមិនខ្វល់ពីការជំទាស់របស់គ្រួសារ អ្នកស្រីសម្រេចចិត្តរៀបការជាមួយបុរសម្នាក់ដែលមនុស្សគ្រប់គ្នាយល់ថា “មិនគួរទុកចិត្ត” ។
ការពិតបង្ហាញថា ជម្រើសរបស់អ្នកស្រី Harumi មិនខុសទេ ព្រោះពេលប្រពន្ធរវល់ ប្តីអ្នកស្រីរៀបចំអាហារពេលព្រឹក អ្នកទាំងពីរបរិភោគក្នុងភាពយល់ចិត្ត និងចែករំលែកគ្នា។
ក្រឡេកមើលតុអាហាររបស់ប្តីប្រពន្ធចំណាស់ ទោះគ្រាន់តែជាអាហារសាមញ្ញក៏ត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ និងឆ្ងាញ់ផងដែរ។
ប្រភព៖ Skydoor