តារាកំប្លែងជប៉ុន Tonikaku Akarui Yasumura បង្ហាញខ្លួននៅលើឆាក Britain’s Got Talent ២០២៣
ថ្មីៗនេះ ក្នុងកម្មវិធីស្វែងរកអ្នកមានទេពកោសល្យរបស់អង់គ្លេស Britain’s Got Talent រដូវកាលទី ១៦ តារាកំប្លែង Tonikaku Akarui Yasumura បានបង្ហាញខ្លួនដោយបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ គាត់បានធ្វើឱ្យទស្សនិកជនស្រឡាំងកាំងដោយស្លៀកតែខោក្នុងប៉ុណ្ណោះ។
ភ្លាមៗនោះ គណៈកម្មការ Bruno Tonioli បានស្រែកឡើងថា “អូ ទេ” រីឯគណៈកម្មការស្រីពីរនាក់ Amanda Holden និង Alesha Dixon គ្រវីក្បាល ដោយបង្ហាញពីទឹកមុខច្របូកច្របល់ ខ្មាសអៀន។
នៅពេលដែលតន្ត្រីបន្លឺឡើង លោក Tonikaku Akarui Yasumura ទាក់ទាញចំណាប់អារម្មណ៍ជាមួយនឹងការសម្តែងបែបកំប្លែងពិសេស។ តារាកំប្លែងបង្ហាញពីស្ទីលជាច្រើនដែលធ្វើឱ្យមហាជនគិតថាគាត់មិនបានស្លៀកសម្លៀកបំពាក់។ រាល់ពេលប្តូរចលនាម្តងៗ គាត់តែងតែនិយាយថា៖ “សុំគ្រប់គ្នាកុំបារម្ភ ខ្ញុំកំពុងតែស្លៀកពាក់” ។
តារាកំប្លែងជប៉ុន Tonikaku នៅលើឆាក Britain’s Got Talent
អំឡុងពេលសម្តែង លោក Tonikaku បានធ្វើឱ្យអ្នកទស្សនាសើចដោយបង្ហាញពីចលនាមួយចំនួនរបស់កីឡាករបាល់ទាត់ អ្នកជិះសេះ ការសម្ដែងដ៏ល្បីរបស់ James Bond និង Spice Girls ។
រាល់ពេលសម្តែង គាត់តែងតែបញ្ជាក់ថា៖ “ខ្ញុំកំពុងស្លៀកខោ” ។ ការសម្តែងបានធ្វើឱ្យគណៈកម្មការ និងទស្សនិកជនមានការងឿងឆ្ងល់ និងភ្ញាក់ផ្អើល។
គណៈកម្មការបានឆ្លើយតបជាវិជ្ជមានចំពោះការសម្តែងរបស់លោក Tonikaku ។ គណៈកម្មការស្រី Alesha Dixon បាននិយាយថា៖ “អ្នកប្រហែលជាបេក្ខជនដែលខ្ញុំចូលចិត្តបំផុតតាំងពីដើមរដូវកាលរហូតមកទល់ពេលនេះ” ។ Simon Cowell បាននិយាយថា៖ “អ្នកកំប្លែងណាស់។ អ្នកនាំមកឱ្យខ្ញុំភាពភ្ញាក់ផ្អើលជាច្រើន” ។ បន្ទាប់មក តារាកំប្លែងទទួលបានការយល់ព្រមពីគណៈកម្មការ យកបានសំបុត្របន្តទៅវគ្គបន្ទាប់។
បន្ទាប់ពីកម្មវិធីត្រូវបានចាក់ផ្សាយ ការសម្តែងរបស់លោក Tonikaku ទាក់ទាញអ្នកទស្សនាជាង ៤,៤ លាននាក់ និងការបញ្ចេញមតិរាប់ពាន់។ ការបង្ហាញពីចលនា និងការលើកឡើងដែលថា “ខ្ញុំកំពុងស្លៀកពាក់” របស់តារាកំប្លែងបានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍។
ប្រភព៖ Metro