គួរ​ហូប​ឬ​អត់ “សាសុីមី​សាច់​ក្អែក” បាន​ក្លាយ​ជា​ប្រធាន​បទ​ជជែក​វែក​ញែក​លើ​បណ្តាញ​សង្គម​ជប៉ុន

នៅប្រទេសជប៉ុនមុខម្ហូបសាស៊ីមីសាច់ក្អែកកំពុងបង្កមតិចម្រូងចម្រាសយ៉ាងខ្លាំង។ មនុស្សជាច្រើនមិនអាចទទួល​យក​បាន​​​ដែល​​​ថា ក្អែក​​ដែល​តែង​តែ​កាយ​សំរាម​បាន​ក្លាយ​ជា​មុខម្ហូប។

មិនយូរប៉ុន្មាន ក្រសួង​សុខាភិបាល ការងារ និង​សុខុមាលភាព​ជប៉ុន​បានប្រកាសព្រមាន​សាធារណជន​មិនគួរភ្លក់មុខ​ម្ហូប​នេះ​ឡើយ។

យើងដឹងហើយថា នៅជប៉ុនវប្បធម៌បរិភោគសាច់ឆៅពេញនិយមណាស់។ ក្រៅពីប្រភេទសាស៊ីមីសាច់ត្រី សូម្បីតែសាច់​សេះ និង​សាច់​គោ​ក៏​អាច​ហាន់​ជា​បន្ទះៗ​សម្រាប់ទទួលទានឆៅផងដែរ។

ទោះជាយ៉ាងណា មុននោះធ្លាប់មានព័ត៌មាននិយាយពីបញ្ហាបរិភោគសាច់គោឆៅ មនុស្សជាច្រើនបរិភោគសាច់​គោ​ឆៅ​​មាន​ប៉ារ៉ាស៊ីត ប៉ះ​ពាល់​​យ៉ាង​​ធ្ងន់​ធ្ងរ​ដល់​ទម្លាប់ក្នុងការទទួលទានរបស់​ប្រជាពលរដ្ឋ​ក្នុងស្រុក។

រហូតមកដល់ពេលនេះ នៅពេលដែលអ្នកសារព័ត៌មានមកពី Tokyo News មានឱកាសចូលរួមពិធីជប់លៀងរបស់អ្នក​ស្រុក​ខេត្ត Ibaraki គាត់មានការភ្ញាក់ផ្អើលដែលបានទទួលទានសាសុីមីសាច់ក្អែកឆៅ។

ជាក់ស្តែង អ្នកយកព័ត៌មានរូបនេះបានចូលរួមពិធីជប់លៀងរបស់អ្នកស្រុក នៅក្នុងអាហារពេលល្ងាចមានទ្រូងក្អែក និង​ថ្លើម​ក្អែក សុទ្ធតែជាសាច់ឆៅ។

ថ្វីត្បិតតែអ្នកយកព័ត៌មានមានការព្រួយបារម្ភ ប៉ុន្តែយ៉ាងណាគាត់បានភ្លក់មុខម្ហូបនេះ ដោយមានការបញ្ចុះបញ្ចូល​របស់​អ្នក​ទាំងអស់​គ្នា។

សំណាង បន្ទាប់ពីទទួលទានសាច់ក្អែកឆៅ គ្មានអ្វីខុសធម្មតាកើត​ឡើង​ចំពោះ​អ្នក​យក​ព័ត៌មាននាថ្ងៃបន្ទាប់ឡើយ។

របាយការណ៍​នេះ​ត្រូវ​បានចុះ​ផ្សាយ និង​បង្ក​ឱ្យ​មាន​មតិ​ចម្រូងចម្រាស​ជា​ច្រើន មូលហេតុមកពីក្អែកជាសត្វដែលតែង​តែ​មើល​ឃើញ​នៅ​ជប៉ុន។

ពួកវាតែងតែកកាយសំរាមដើម្បីរកចំណី ចំណុចនេះបានរំខានដល់ប្រជាជនជប៉ុន។ ជាការពិតដែលថាសត្វក្អែកក្លាយ​​ជា​មុខ​ម្ហូប​ឆៅ​គឺ​មិន​​អាច​ទទួល​យក​បាន​ទេ​សម្រាប់​មនុស្ស​ជា​ច្រើន។

ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុនក៏បានចេញសេចក្តីប្រកាសមួយភ្លាមៗបន្ទាប់ពីអត្ថបទនេះត្រូវបានចុះផ្សាយដោយបញ្ជាក់ថា “សត្វក្តាន់ ជ្រូក ទា ក្អែក និងសត្វផ្សេងទៀតអាចនឹងមានផ្ទុកជំងឺលើរាងកាយ។ ការទទួលទានសាច់ឆៅ ឬគ្រឿងក្នុងមានគ្រោះថ្នាក់ខ្លាំងណាស់។ ប្រភេទសាច់ទាំងអស់ត្រូវតែចម្អិនឱ្យបានឆ្អិនមុន​ពេល​ទទួល​ទាន” ។

ប្រភព៖ Vtimes

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: