មិន​ដឹង​ថា​លួច​យក​ទៅ​ធ្វើ​អ្វីទេ? សម្លៀក​បំពាក់ និង​ព័ត៌មាន​​សិស្ស​ស្រី​​រាប់​​រយ​នាក់​ត្រូវ​គេ​លួច

ព័ត៌មានផ្ទាល់ខ្លួន និងសម្លៀកបំពាក់របស់សិស្សស្រីរាប់រយនាក់នៅ​វិទ្យា​ល័យ​ផ្សេងៗក្នុងខេត្ត Gifu ភាគកណ្តាលប្រទេស​ជប៉ុន​បាន​បាត់​តែ​សាលា​មិន​ដឹង។

មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអប់រំខេត្ត Gifu បានសុំទោសចំពោះព័ត៌មានផ្ទាល់ខ្លួនរបស់សិស្សស្រីដែលត្រូវលួច។ រូបភាព៖ Mainichi Shimbun

នេះ​ជា​ព័ត៌មានដែលក្រុមប្រឹក្សា​អប់រំ​ខេត្ត Gifu បានអោយដឹងកាលពីថ្ងៃ​ទី ២៤ ខែ​មេសា។ ជាក់ស្តែង ឯកសាររួមទាំង​ការ​ស្ទង់​មតិ​ផ្ទាល់​ខ្លួនរបស់សិស្សចំនួន ៤២០ នាក់ និងសិស្សបានបញ្ចប់ការសិក្សានៅវិទ្យាល័យចំនួន ៦ ក្នុងខេត្ត ព្រម​​ទាំង​​ឯក​សណ្ឋាន ស្រោមជើង និងសម្លៀកបំពាក់របស់សិស្សយ៉ាងតិច ១៦ នាក់ នៅសាលាចំនួន ៨ បានបាត់។

យោង​តាម​សារព័ត៌មាន Mainichi Shimbun បានអោយដឹង ព័ត៌មាន​ទាំង​អស់ និង​សម្លៀក​បំពាក់​ដែល​បាត់​នោះ​ជា​​របស់​​សិស្ស​​ស្រី។ ក្រុម​ប្រឹក្សា​​អប់​រំ​​បាន​​ប្រកាស​​ថា វត្ថុ​ទាំងនោះ​ត្រូវ​គេលួច។

ប៉ូលិសខេត្ត Aichi បានឆ្មក់ចូលផ្ទះរបស់បុរសម្នាក់ដែលត្រូវចាប់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំ ២០២២ ព្រោះសង្ស័យថាបានលួច។ នៅទីនោះ ប៉ូលិសបានរកឃើញវត្ថុចំនួន ៣៤ មុខ រួមទាំងឯកសារដើម និងច្បាប់ចម្លងការស្ទង់មតិរបស់​សិស្ស​ស្រី​ចំនួន ៣៥៩ នាក់នៅវិទ្យាល័យក្នុងខេត្ត Gifu ។ ក្រៅពីនេះ ប៉ូលិស​ក៏​បាន​រក​ឃើញ​របស់​របរ​មួយ​ចំនួន​ទៀត​ ដែល​ជា​ឯក​សណ្ឋាន​របស់​សិស្ស​ស្រី។

បន្ទាប់​មក​ ប៉ូលិសខេត្តបាន​ទាក់ទង​ទៅ​សាលា​ដែលមានពាក់ព័ន្ធ។ នៅពេលទទួល​បាន​របាយការណ៍​ពី​សាលា​នីមួយ​ៗ ក្រុមប្រឹក្សាអប់រំខេត្តបានប្រាប់សាលា​ឱ្យ​ពិនិត្យ។ លទ្ធផលសាលាបានរកឃើញថា គំរូស្ទង់មតិរបស់សិស្សចំនួន ៤២០ នាក់ ឯក​សារ​សកម្មភាព​ក្លឹប និងរបស់របរផ្សេងទៀតបានបាត់។

សន្លឹកស្ទង់មតិដែលត្រូវលួចមានព័ត៌មានរបស់សិស្សដូចជាឈ្មោះ រូបថត និងលេខទូរស័ព្ទ។ ក្រុមប្រឹក្សាអប់រំបាន​ជូន​ដំណឹង​បន្ថែម​ថា រហូតមកដល់ពេលនេះ មិនទាន់មានករណីប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន​ត្រូវ​បាន​រាយ​​ការណ៍ ឬ​បញ្ជាក់​​ឡើយ។

ថ្វីត្បិតតែព័ត៌មានផ្ទាល់ខ្លួនមិនទាន់ត្រូវគេបំពាន សិស្ស​នៅ​តែ​រិះគន់សន្តិសុខ​សាលាមានភាពធូររលុង ការពារឯក​សារ​មិន​បាន​ល្អ។ តាម​ដឹង​សាលា​ទុក​​សន្លឹក​​ស្ទង់​​មតិ និងឯកសារទាក់ទងនឹងព័ត៌មានសិស្សក្នុងថតតុនៅការិយា​ល័យ​​សិស្ស ឬ​​កន្លែង​​ផ្សេង​​ទៀត។

នៅពេលដែលក្រុមប្រឹក្សាសាលាបានទាក់ទងទៅកាន់សិស្សស្រីដែលត្រូវគេលួចសម្លៀកបំពាក់ ឬឯកសារ ប្អូនៗសុទ្ធ​តែ​រិះ​គន់​សាលា​គ្រប់​គ្រងមានការធ្វេសប្រហែស និងបង្ហាញការព្រួយបារម្ភព័ត៌មានផ្ទាល់ខ្លួនត្រូវគេដឹង។

ប្រភព៖ Mainichi Shimbun

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: