ម្ចាស់ភោជនីយដ្ឋាន Ramen ដែលគេបាញ់សម្លាប់ជាមេដឹកនាំក្រុម Yakuza
ម្ចាស់ភោជនីយដ្ឋាន Ramen ក្នុងទីក្រុង Kobe ហើយក៏ជាមេដឹកនាំក្រុមដែលពាក់ព័ន្ធនឹង Yakuza បានស្លាប់កាលពីថ្ងៃសៅរ៍ ប្រហែលដោយសារគ្រាប់កាំភ្លើង។
លោក Manabu Yojima អាយុ ៥៧ ឆ្នាំ ជាម្ចាស់ភោជនីយដ្ឋាន “Ryu no hige” ក្នុងសង្កាត់ Nagata ត្រូវបានបុគ្គលិកស្រីម្នាក់ប្រទះឃើញដេកហូរឈាមក្បាលក្នុងផ្ទះបាយភោជនីយដ្ឋានកាលពីព្រឹកថ្ងៃសៅរ៍។ លោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែក្រោយមកបានស្លាប់។ លោក Yojima ជាមេដឹកនាំក្រុមដែលជាប់ពាក់ព័ន្ធនឹង Yamaguchi-gumi ជាក្រុមឧក្រិដ្ឋកម្មមានមូលដ្ឋាននៅទីក្រុង Kobe នេះបើតាមប៉ូលិសខេត្ត Hyogo ។
រូបភាព៖ The Yomiuri Shimbun
បើតាមរូបថតបានបញ្ជាក់ថា លោក Yojima ត្រូវបាញ់សម្លាប់ដោយវត្ថុដែលមើលទៅដូចជាគ្រាប់កាំភ្លើង។ ដោយសង្ស័យជាករណីឃាតកម្ម ប៉ូលិសខេត្តបានបើកការស៊ើបអង្កេតនៅប៉ុស្តិ៍ប៉ូលិស Nagata នៅថ្ងៃដដែល។ ប៉ូលិសបានអោយដឹង លោក Yojima ត្រូវគេបាញ់សម្លាប់ប្រហែលដោយសារការដណ្តើមអំណាចរវាងក្រុមបងធំ Yakuza ។
យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិស បុគ្គលិកស្រីត្រូវបានលោក Yojima ហៅទៅទិញរបស់មួយចំនួន ហើយនៅពេលដែលគាត់ត្រឡប់មកភោជនីយដ្ឋានវិញ គាត់បានប្រទះឃើញលោកដេកក្នុងផ្ទះបាយ។ នៅពេលនោះគ្មានភ្ញៀវក្នុងភោជនីយដ្ឋាននោះទេ ហើយក៏រកមិនឃើញកាំភ្លើងដែរ។
ប្រភព៖ Japan News