វីរបុរសបាល់ទាត់ជប៉ុនលោក Kazuyoshi Miura បង្ហាញខ្លួនជាថ្មីក្នុងវ័យ ៥៦ ឆ្នាំ
កីឡាករបាល់ទាត់ជប៉ុនអាយុ ៥៦ ឆ្នាំ លោក Kazuyoshi Miura បានចេញប្រកួតឱ្យ Oliveirense កាលពីថ្ងៃសៅរ៍។
កីទ្បាករវ័យចំណាស់ជាងគេ Kazuyoshi Miura បានផ្លាស់មកចូលរួមជាមួយនឹងក្លិបលីគ ២ របស់ព័រទុយហ្គាល់ Oliveirense ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Yokohama FC រហូតដល់បញ្ចប់រដូវកាលនេះ។ ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិជប៉ុនដែលមានវ័យ ៥៦ ឆ្នាំរូបនេះបានចំណាយពេលអស់ ៣៨ ឆ្នាំ នៅលើវិស័យបាល់ទាត់មួយនេះ។
រូបភាព៖ Kyodo
វីរបុរសបាល់ទាត់ជប៉ុន Kazuyoshi Miura ដែលអ្នកគាំទ្រឱ្យឈ្មោះថា “King Kazu” បានចាប់ផ្តើមលេងបាល់លើកដំបូងនៅក្នុងក្លិប Santos របស់ប្រេស៊ីល កាលពីឆ្នាំ ១៩៨៦ មកម្ល៉េះ។ ទោះជាយ៉ាងណា លោក Kazuyoshi Miura ធ្លាប់លេងឱ្យក្លិបធំៗក្នុងតំបន់អឺរ៉ុបមួយចំនួនដូចជា Genoa របស់អុីតាលី ចន្លោះពីឆ្នាំ ១៩៩៤ ដល់ ១៩៩៥ និង Dinamo Zagreb របស់ក្រូអាត នៅឆ្នាំ ១៩៩៩ ជាដើម។
រូបភាព៖ CUR
លោក Kazuyoshi Miura បានលេងឱ្យក្រុមជម្រើសជាតិជប៉ុន ៨៩ ដង ដោយបានឈ្នះពានរង្វាន់ Asian Cup ក្នុងឆ្នាំ ១៩៩២ និងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតទីពីររបស់ប្រទេសរហូតដល់ ៥៥ គ្រាប់ បន្ទាប់មកបានចូលនិវត្តន៍ពីក្រុមជម្រើសជាតិនៅឆ្នាំ ២០០០ ។ ជាមួយគ្នានេះកីទ្បាករ Kazuyoshi Miura បាននិយាយថា៖ «លោកមានបំណងលេងបាល់ទាត់រហូតដល់អាយុ ៦០ ឆ្នាំឯណោះ» ។
លោក Kazuyoshi Miura កើតថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ១៩៦៧ នៅទីក្រុង Suzuka លោកបានចាប់ផ្ដើមបាល់ទាត់ដំបូងក្នុងកម្រិតយុវជននៅឆ្នាំ ១៩៨២ រហូតដល់ឆ្នាំ ១៩៨៦ ទើបចាប់ផ្ដើមក្លិបអាជីពដំបូងជាមួយក្លិប Santos ដែលជាក្លិបល្បីនៅលីគប្រេស៊ីល និងជាបន្តបន្ទាប់ លោកបានផ្លាស់ប្ដូរក្លិបចំនួន ១៥ ដង ទាំងក្លិបក្នុង និងក្រៅប្រទេស។
ប្រភព៖ CNA, Japan Times