បំណែកក​ប៉ាល់ SS Montevideo Maru ដែល​លិច​កាល​ពី​ជាង ៨០ ឆ្នាំ​មុន​ត្រូវ​បាន​រក​ឃើញ

បំណែកកប៉ាល់ជប៉ុន SS Montevideo Maru ដែលត្រូវវាយពន្លិចអំឡុងសង្គ្រាមលោកលើកទី ២ ជាមួយនឹងអ្នកទោស​ជាង ១០០០ នាក់​ត្រូវ​បាន​រក​ឃើញ​នៅសមុទ្រចិនខាងត្បូង។

កប៉ាល់ Montevideo Maru ។ រូបភាព៖ Australian War Memorial

យោងតាមសារព័ត៌មាន CNN កប៉ាល់ Montevideo Maru ត្រូវបានគេប្រទះឃើញនៅសមុទ្រកោះ Luzon នៃប្រទេស​​ហ្វីលីពីន ក្នុង​​ជម្រៅ​ជាង ៤.០០០ ម៉ែត្រ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី Richard Marles ក្នុងវីដេអូដែលគាត់បានបង្ហោះកាលពីថ្ងៃទី ២២ ខែមេសា នៅលើគណនី Twitter ។ ឧបនាយករដ្ឋមន្ត្រីបាននិយាយថា ការរកឃើញនេះបានបញ្ចប់នូវ​សោកនាដកម្ម​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ដែនសមុទ្រ​នៃ​ប្រទេស​អូស្ត្រាលី។

កាលពីជាង ៨០ ឆ្នាំមុន នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៤២ កប៉ាល់ Montevideo Maru ដែលកំពុងដឹកអ្នកទោសសង្រ្គាមចំនួន ១.០៦០ នាក់​ទាំង​អស់ ១៦ ប្រទេស ក្នុងនោះមាន​សមាជិក​យោធា​អូស្ត្រាលី ៨៥០ នាក់ ពី​អតីត​ទឹក​ដី New Guinea ចាស់របស់អូស្ត្រាលីដល់កោះ Hainan ដែលជប៉ុន​កាន់​កាប់​នៅ​ពេល​នោះ ស្រាប់តែត្រូវនាវាមុជទឹកអាមេរិកបាញ់ពន្លិច។ កប៉ាល់នេះមិនត្រូវបានសម្គាល់ថាកំពុងដឹកអ្នកទោសសង្គ្រាមឡើយ។

លោក Marles បាននិយាយថា៖ “បើមិនអាចកំណត់រកកប៉ាល់ Montevideo Maru នៅទីណា នឹងធ្វើឱ្យក្រុមគ្រួសារដែលមាន​សាច់ញាតិស្លាប់មិនអាចបញ្ចប់រឿងនេះ” ។

អាជ្ញាធរអូស្ត្រាលីបានសរសើរអ្នកដែលចូលរួមការ​ស្វែងរក​កប៉ាល់នេះ ក្នុងនោះមានក្រុមអ្នកជំនាញស្ទាបស្ទង់ជម្រៅ​សមុទ្រ និងសមាជិកកងកម្លាំងប្រដាប់អាវុធអូស្ត្រាលី ដោយអរគុណពួកគេដែលបានជួយបញ្ចប់រឿងនេះ សម្រាប់​​អ្នក​ដែល​បាត់​មនុស្សជាទីស្រលាញ់រយៈពេល ៨១ ឆ្នាំកន្លងមក។

ឧត្តមសេនីយទោ Simon Stuart អគ្គសេនាធិការកងទ័ពអូស្ត្រាលីបាននិយាយថា៖ “ខ្ញុំចង់ថ្លែងអំណរគុណដល់ក្រុម Silentworld និងក្រុម​ស្រាវ​ជ្រាវ​ដែល​បាន​ខិតខំប្រឹងប្រែង រួម​ទាំង​ក្រុម Unrecovered War Casualties នៃកងទ័ព ជាអ្នកដែលមិនធ្លាប់បោះបង់ក្តីសង្ឃឹមក្នុងការស្វែងរកកប៉ាល Montevideo Maru ។ ការខាតបង់បែបនេះមាន​រយៈ​ពេល​រាប់​ទសវត្សរ៍ ហើយ​រំឭក​យើង​ទាំង​អស់គ្នាចំពោះការលះបង់ជីវិតពេលមានជម្លោះ កុំបំភ្លេចអោយ​សោះ” ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានសរសេរថា៖ “កិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនៅពីក្រោយការរកឃើញនេះ សំដៅលើការប្តេជ្ញាថ្នាក់ជាតិ​របស់​អូស្ត្រាលី​ដែល​តែង​តែ​ចង​ចាំ ផ្តល់កិត្តិយសដល់អ្នកដែលបាន​ជួយ​ប្រទេស​​របស់​​យើង” ។

ប្រភព៖ CNN

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: