ជប៉ុន​ផ្តល់​សិទ្ធិ​ជ្រក​កោន​​ដល់​​ស្ត្រី​​ស្រឡាញ់​​ភេទ​​ដូច​គ្នា​ជន​ជាតិ​អ៊ូហ្គង់ដា

ទីភ្នាក់ងារអន្តោប្រវេសន៍ជប៉ុនបាន​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​ស្ត្រី​ជនជាតិ​អ៊ូហ្គង់ដា​ម្នាក់ដែលជាអ្នកស្រលាញ់ភេទដូចគ្នា បន្ទាប់​ពី​តុលា​ការ​ចេញ​សេចក្តី​​សម្រេច​គាំទ្រ​ស្រ្តី​នោះ។

ស្ត្រីរូបនេះបានទទួលវិញ្ញាបនបត្រទទួលស្គាល់ជាជនភៀសខ្លួន និងប័ណ្ណស្នាក់នៅនៅការិយាល័យអន្តោប្រវេសន៍ប្រចាំ​តំបន់ Osaka កាល​ពី​ថ្ងៃ​ពុធ។

ស្រ្តីជនជាតិអ៊ូហ្គង់ដាវ័យ ៣០ ឆ្នាំបាននិយាយថា នាងត្រូវប៉ូលិសអ៊ូហ្គង់ដាចាប់ខ្លួន​ព្រោះ​ជា​អ្នកស្រលាញ់ភេទដូចគ្នា និងទទួលរងអំពើហិង្សា ដែលបណ្តាលអោយនាងរងរបួសធ្ងន់។ នាងបានភៀសខ្លួនទៅប្រទេសជប៉ុនកាលពី ៣ ឆ្នាំ​មុន។

យ៉ាងណាមិញ សំណើសុំសិទ្ធិជ្រកកោនរបស់នាងត្រូវបដិសេធ ហើយនាងត្រូវស្នើឱ្យចាកចេញពីប្រទេសជប៉ុន។ ក្រោយមក ​នាង​បាន​ដាក់​ពាក្យ​ប្ដឹង​ដើម្បី​ទទួល​បានសិទ្ធិ។

កាល​ពី​ខែ​មុន អង្គចៅក្រម Osaka បានស្នើឱ្យរដ្ឋាភិបាលជប៉ុនទទួលស្គាល់នាងជាជនភៀសខ្លួន។

តុលាការបានអោយដឹង ដោយសារជាក់ស្តែងប្រទេស​អ៊ូហ្គង់ដាមានច្បាប់ព្រហ្មទណ្ឌដាក់ទោសអ្នកស្រឡាញ់ភេទដូចគ្នា ដូច្នេះ​អាច​​សន្និដ្ឋាន​​បាន​​ថា បើ​​នាង​ត្រឡប់​​ទៅ​ប្រទេស​នឹង​ត្រូវ​ដាក់​ទោស ឬឃុំខ្លួន។

រដ្ឋាភិបាល​មិន​បានជំទាស់ ដូច្នេះសេចក្តីសម្រេចរបស់តុលាការជា​ស្ថាពរ។

ឆ្លើយតបនឹងសារព័ត៌មាន ស្ត្រីរូបនេះបាននិយាយថា នាងមានអារម្មណ៍សប្បាយរីករាយ ដែលពេលនេះនាងអាចគិត​ពី​អនាគត​ភ្លឺ​ស្វាង។ នាង​បាន​អោយ​ដឹង​ថា នាង​ចង់​អរគុណ​ជាថ្មីដល់អ្នកដែលបានគាំទ្រនាង​អំឡុង​ពេលនោះ។

ប្រភព៖ NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: