នារី​បម្រើ​ជន​ជាតិ​ជប៉ុន​ម្នាក់​ត្រូវ​បណ្តេញ​ចេញ​ពី​ការ​ងារ​ដោយ​សារ​លាយ​ឈាម​​របស់​​ខ្លួន​ក្នុង​ស្រា​ក្រឡុក

ហាងកាហ្វេមួយកន្លែងក្នុងប្រទេសជប៉ុនបានបណ្តេញនារីបម្រើការម្នាក់ ដោយចោទប្រកាន់ថានាងបានលាយ​ឈាម​របស់​ខ្លួន​ក្នុង​ស្រា​ក្រឡុក។

ហាងកាហ្វេនេះផ្តោតលើប្រធានបទ “ក្មេងដែលមានបញ្ហា” ។ រូបភាពតំណាង

ហាងកាហ្វេ Mondaiji នៅ Sapporo កោះ Hokkaido បានអោយដឹងនៅលើ Twitter ថា ពួកគេបានបណ្តេញបុគ្គលិក​ស្រី​ម្នាក់ បន្ទាប់ពីនាងបានឱ្យ​ភ្ញៀវផឹកស្រាដែលមានលាយឈាមរបស់ខ្លួន។ ភេសជ្ជៈមានឈ្មោះថា orikaku ឬ​គេ​ហៅ​ថា​ស្រា​ក្រឡុក ដែល​ជាទូទៅ​មាន​ផ្លែ​ឈើ និង​ប្រភេទ​ស៊ីរ៉ូ​ចម្រុះ​ពណ៌។

ម្យ៉ាងវិញទៀត ហាងកាហ្វេបានចែករំលែកនៅលើ Twitter ថា “ទង្វើ​បែប​នេះមិន​អាច​ទទួល​យក​បានឡើយ” ។

ម្ចាស់​ហាង​បាន​បន្ថែម​ថា ពួកគេបានបិទហាងរយៈពេល ១ ថ្ងៃ ដើម្បី​ប្តូរ​កែវ​ទាំងអស់​ក្នុង​ហាង។ ហាង​កាហ្វេ​មិន​បាន​បញ្ចេញ​ឈ្មោះ​បុគ្គលិក​ស្រី​ដែលត្រូវបណ្តេញ​ចេញ​នោះ​ទេ។

ឈ្មោះហាងត្រូវបានគេ​ប្រែ​​ថា “ហាង​កាហ្វេ​យកប្រធានបទក្មេង​ដែល​មាន​បញ្ហា” ។ ពួកគេក៏​បាន​​ផ្សាយ​នៅ​លើ Twitter ថា ជា​កន្លែង​សម្រាប់​នារីៗអាថ៌កំបាំង និង “ក្មេងដែលមានបញ្ហា” ហើយក៏ជាអ្នករត់តុដែល “គួរ​ឱ្យស្រលាញ់” ផង​ដែរ។

បើតាម Business Insider ក្នុងហាងមានចំណុចពិសេសមួយគឺថា ភេសជ្ជៈទាំងអស់មានតម្លៃ ២៥០០ យ៉េន (១៩ ដុល្លារ) ។

ម្ចាស់​ហាង​កាហ្វេ​ក៏បាន​សុំទោស​អតិថិជន​ចំពោះរឿងនេះ។ “សូមអនុញ្ញាតអោយខ្ញុំបន្តគ្រប់គ្រងហាង ខ្ញុំនឹងសម្អាត​ហាង ប្តូរកញ្ចក់ ហើយ​ចោល​ស្រា​មួយ​ចំនួនដែលកខ្វក់។ ជាថ្មីម្តងទៀត ខ្ញុំពិតជាសុំទោសដែល​បានបង្ក​បញ្ហាដល់​​អតិថិជន​” ។

ហាងកាហ្វេប្រធានបទ “អ្នកបម្រើស្រី” នៅ​ទីក្រុង​តូក្យូ។ រូបភាព៖ Reuters

ជប៉ុនជាប្រទេសដែលមានហាងកាហ្វេផ្តោតលើប្រធានបទ (concept) ។ នៅ Tokyo អ្នកអាចស្វែងរកហាងកាហ្វេដែលយកប្រធានបទពស់ ភោជនីយ​​ដ្ឋាន​​យក​​ប្រធានបទ ninja និងហាងកាហ្វេយកប្រធានបទអ្នកបម្រើនៅសង្កាត់ Akihabara ដែល​ពេញ​និយម​ក្នុង​ទីក្រុង។

ទោះជាយ៉ាងណា ភោជនីយដ្ឋានមួយចំនួនត្រូវដោះស្រាយបញ្ហាភ្ញៀវធ្វើអោយគគ្រិចរបស់ដែលប្រើរួម។

កាលពីដើមខែមេសា ប៉ូលិសធ្លាប់ចាប់ខ្លួនភ្ញៀវពីរ​នាក់ហូបខ្ញីត្រាំក្នុងចានរួមដោយប្រើចង្កឹះ មិនបានប្រើ​របស់ចាប់​​ខ្ញី​​ដាច់​​ដោយ​​​ឡែក។

ប្រភព៖ Daily Mail

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: