ជប៉ុនបន្តស៊ើបអង្កេតករណីគប់គ្រាប់បែកផ្សែងមកលើនាយករដ្ឋមន្ត្រីលោក Kishida Fumio
ប៉ូលិសភាគខាងលិចជប៉ុនកំពុងស៊ើបអង្កេតចំពោះវត្ថុដែលគេចាត់ទុកជាសំណល់គ្រឿងផ្ទុះគប់មកលើនាយករដ្ឋមន្ត្រីលោក Kishida Fumio កាលពីថ្ងៃសៅរ៍។
ករណីផ្ទុះបានកើតឡើងខណៈដែលលោក Kishida កំពុងរៀបចំថ្លែងសុន្ទរកថានៅកំពង់ផែនេសាទក្នុងទីក្រុង Wakayama ភាគខាងលិចប្រទេសជប៉ុន។ លោកគ្រោងនឹងថ្លែងសុន្ទរកថាគាំទ្របេក្ខជនក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិក្រោយ។
ក្រុមដោះគ្រាប់បែកបានរឹបអូសវត្ថុតាងមួយក្នុងចំណោមវត្ថុទាំងពីរដែលគេចាត់ទុកជារបស់ជនសង្ស័យ Kimura Ryuji អាយុ ២៤ ឆ្នាំ ជននេះត្រូវបានចាប់ខ្លួននៅនឹងកន្លែង។ វត្ថុតាងមួយបានផ្ទុះ ប៉ុន្តែរកមិនឃើញនៅពេលនោះ។
យោងតាមប្រភពស៊ើបអង្កេតបានអោយដឹង កាលពីថ្ងៃអាទិត្យ ប៉ូលិសបានរកឃើញវត្ថុនោះនៅលើសំណាញ់គ្របអាងចិញ្ចឹមត្រីក្បែរឃ្លាំងមួយ ចម្ងាយពីកន្លែងកើតហេតុប្រហែល ៤០ ម៉ែត្រភាគអាគ្នេយ៍។ វត្ថុនោះហាក់ដូចជាបានហោះកាត់អ្នកដែលបានមកស្តាប់សុន្ទរកថារបស់លោក Kishida ។
ឧបករណ៍ទាំងនេះត្រូវគេចាត់ទុកថាកែច្នៃដោយខ្លួនឯង ព្រោះប៉ូលិសបានរឹបអូសឧបករណ៍មួយចំនួន និងសារធាតុដែលមើលទៅដូចជារំសេវ និងបំពង់ដែកពេលឆែកឆេរនៅផ្ទះរបស់ជនសង្ស័យ Kimura ក្នុងទីក្រុង Kawanishi ខេត្ត Hyogo ប្រទេសជប៉ុន។
ក្រុមអ្នកស៊ើបអង្កេតកំពុងវិភាគកម្លាំងផ្ទុះរបស់វត្ថុទាំងនេះ។
កាលពីថ្ងៃច័ន្ទ ជនសង្ស័យ Kimura ត្រូវបានបញ្ជូនទៅកាន់ការិយាល័យព្រះរាជអាជ្ញា។ បើតាមក្រុមស៊ើបអង្កេត ជននេះមិនទាន់និយាយអ្វីឡើយ។
ប្រភព៖ NHK