ការស្ទង់មតិបង្ហាញពីគំនិតរបស់ប្រជាជនជប៉ុនមិនចង់រស់នៅដល់អាយុ ១០០ ឆ្នាំ
នៅប្រទេសជប៉ុនមនុស្សជាច្រើនមិនចង់រស់នៅយូរពេកទេ ព្រោះតែបារម្ភពីបញ្ហាសុខភាព ហិរញ្ញវត្ថុ និងមិនចង់រំខានអ្នកដទៃ។
ប្រជាជនជប៉ុនយល់ថា រស់នៅយូរពេកអាចនឹងបង្កើតបន្ទុក។ រូបភាព៖ Bloomberg
កាលពីខែកញ្ញា ឆ្នាំ ២០២២ អង្គការថែទាំ Hospice ជប៉ុននៅ Osaka បានអនុញ្ញាតឱ្យក្រុមហ៊ុនស្រាវជ្រាវមួយធ្វើការស្ទង់មតិចំពោះបុរសប្រហែល ៥០០ នាក់ និងស្រ្តី ៥០០ នាក់ដែលមានអាយុចាប់ពី ២០ ដល់ ៧០ ឆ្នាំនៅទូទាំងប្រទេស ដើម្បីសាកសួរ តើពួកគេចង់រស់នៅដល់អាយុ ១០០ ឆ្នាំដែរទេ?
យោងតាម Mainichi Shimbun នាថ្ងៃទី ១៧ ខែមេសាបានរាយការណ៍ លទ្ធផលប្រមាណ ៧០%-៨០% អ្នកឆ្លើយតបបាននិយាយថា ពួកគេ “មិនគិត” ថាខ្លួនចង់រស់នៅរហូតដល់អាយុ ១០០ ឆ្នាំ ឬច្រើនជាងនេះឡើយ។ ជាពិសេស ៨៣,៥% ស្រ្តីគិតមិនចង់រស់រហូតដល់អាយុ ១០០ ឆ្នាំនោះទេ ចំពោះបុរសអត្រានេះទាបជាងប្រមាណ ៧២,៤% ប៉ុណ្ណោះ។
នៅពេលដែលសាកសួរពីមូលហេតុ ៥៩% អ្នកឆ្លើយតបការស្ទង់មតិបាននិយាយថា ពួកគេមិនចង់រំខានគ្រួសារ និងអ្នកដទៃទេ រីឯ ៤៨,២% ទៀតនិយាយថា ការបារម្ភចំពោះសុខភាពចុះខ្សោយជាមូលហេតុដែលពួកគេមិនចង់នៅរស់យូរ។ ក្រៅពីនេះ ៣៦,៧% បាននិយាយថា ស្ថានភាពហិរញ្ញវត្ថុជាបញ្ហាចម្បង។
ការស្ទង់មតិនេះក៏បង្ហាញផងដែរថា ប្រហែល ៣០% ចំនួនអ្នកឆ្លើយតបសំណួរកំពុងរស់នៅម្នាក់ឯង ហើយមិនមានសាច់ញាតិមើលថែពេលសម្រាកនៅមន្ទីរពេទ្យ ឬវះកាត់នោះទេ។ អង្គការដែលរៀបចំការស្ទង់មតិនេះបាននិយាយថា សង្គមកំពុងប្រឈមមុខនឹងបញ្ហាសំខាន់ តើធ្វើយ៉ាងណាអាចជួយដល់អ្នកដែលកំពុងប្រឈមមុខនឹងការស្លាប់។
តំណាងនៃអង្គការថែទាំ Hospice ជប៉ុនបានបង្ហាញការភ្ញាក់ផ្អើលថា ចំនួនអ្នកដែលចង់រស់នៅរហូតដល់មួយរយឆ្នាំទាបជាងការគិតរបស់ពួកគេ។ អង្គការនេះគិតថា នៅពេលដែលអាយុមួយរយឆ្នាំក្លាយជាការពិត ប្រហែលជាគ្រប់គ្នាចោទជាសំណួរ តើពួកគេពិតជាពេញចិត្តនឹងជីវិតបែបនេះឬអត់?
ប្រភព៖ Mainichi Shimbun