រថយន្តហោះដំបូងគេនៅជប៉ុនបើកការបញ្ជាទិញក្នុងតម្លៃ ១,៥ លានដុល្លារ
ក្រុមហ៊ុនជប៉ុនបើកការបញ្ជាទិញរថយន្តហោះមានកន្លែងអង្គុយពីរសម្រាប់បុគ្គលឯកជន រថយន្តមានតម្លៃ ១,៥ លានដុល្លារ ដែលដឹកជញ្ជូននៅឆ្នាំ ២០២៥ ។
គំរូដើម SD-05 របស់ SkyDrive ។ រូបភាព៖ SkyDrive
យោងតាម Japan Times បានអោយដឹង ក្រុមហ៊ុនផលិតរថយន្តហោះ SkyDrive ទទួលបានការបញ្ជាទិញដំបូងពីបុគ្គលឯកជន។ ផលិតផលដែលដាក់លក់គឺម៉ូដែល SD-05 មានកន្លែងអង្គុយ ២ លក់ក្នុងតម្លៃ ១,៥ លានដុល្លារ។ អ្នកបញ្ជាទិញលោក Kotaro Chiba ដែលជាអ្នកបើកយន្តហោះមានអាជ្ញាប័ណ្ណនៅជប៉ុន។ លោកក៏ជាម្ចាស់យន្តហោះឯកជននៃក្រុមហ៊ុន HondaJet ផងដែរ។
លោក Chiba បានបង្ហោះនៅលើ Twitter ថា “ខ្ញុំជាម្ចាស់ដំបូងរបស់ SkyDrive SD-05 ។ ផ្ទៃមេឃជប៉ុននឹងបើកទូលាយសម្រាប់រថយន្តហោះ” ។ តាមពិតទៅ អ្នកបើកយន្តហោះខាងលើក៏ជាវិនិយោគិនម្នាក់ខាងវិស័យអាកាសចរណ៍ឯកជនផងដែរ។
លោកកាន់តំណែងជាស្ថាបនិក និងជាអ្នកគ្រប់គ្រងដៃគូមូលនិធិប្រថុយប្រថាន ដែលផ្តោតលើផ្នែកយន្តហោះគ្មានមនុស្សបើក។
ម៉ូដែល SD-05 ក្នុងបន្ទប់ធ្វើតេស្តនៃទីភ្នាក់ងារអាកាសចរណ៍ជប៉ុន។ រូបភាព៖ SkyDrive
មុននោះ SkyDrive ផ្តោតលើសាជីវកម្មប៉ុណ្ណោះ យ៉ាងណាក្រុមហ៊ុនទើបតែបើកលក់សម្រាប់បុគ្គលឯកជនកាលពីសប្តាហ៍មុន។ បើតាមគម្រោងផលិតរថយន្តហោះដំបូងនឹងចេញពីរោងចក្រនៅឆ្នាំ ២០២៥ ។ តម្លៃ ១,៥ លានដុល្លារខាងលើមិនរាប់បញ្ចូលការថែទាំ និងប្រតិបត្តិការនោះទេ។
លោក Tomohiro Fukuzawa នាយក SkyDrive បាននិយាយថា ពួកគេទទួលបានសំណើជាច្រើនពីបុគ្គលឯកជន និងសាជីវកម្ម។ “យើងនឹងអភិវឌ្ឍយន្តហោះស្វ័យប្រវត្តិនាពេលអនាគត ចំណុចនេះជម្រុញដល់ទិដ្ឋភាពគ្រប់គ្នាបើករថយន្តហោះប្រចាំថ្ងៃ” លោក Fukuzawa បាននិយាយ។
ថ្នាក់ដឹកនាំខាងវិស័យរថយន្តជប៉ុនបានអោយដឹងថា រថយន្តហោះជាអនាគតឧស្សាហកម្មយូរអង្វែងក្នុងប្រទេសជប៉ុន។ ម៉ូដែល SkyDrive SD-05 ប្រើម៉ូទ័រអេឡិចត្រិច និងការហោះឡើងបញ្ឈរដូចឧទ្ធម្ភាគចក្រ។ ចំណុចនេះជួយកាត់បន្ថយបញ្ហាកកស្ទះនៅព្រលានយន្តហោះ។
រដ្ឋាភិបាលជប៉ុនក៏កំពុងធ្វើសេចក្តីព្រាងច្បាប់បន្ថែមសម្រាប់រថយន្តហោះ។ ក្រុមប្រឹក្សានៃក្រសួងដឹកជញ្ជូនជប៉ុនទើបតែប្រកាសរបាយការណ៍បណ្តោះអាសន្នស្តីពីបទប្បញ្ញត្តិដំឡើងឧបករណ៍តាមដាន អាជ្ញាប័ណ្ណអ្នកបើកបររថយន្តហោះ។ យានជំនិះនេះត្រូវគេរំពឹងថានឹងដំណើរការនៅឆ្នាំ ២០២៥ ។
ក្រៅពីរថយន្តអគ្គិសនី វិស័យរថយន្តហោះត្រូវបានគេរំពឹងថានឹងពេញនិយមនាពេលប៉ុន្មានឆ្នាំខាងមុខ។ ក្រុមហ៊ុន teTra Aviation ដែលមានមូលដ្ឋាននៅទីក្រុង Tokyo បានធ្វើតេស្ដសាកល្បងយន្តហោះគ្មានមនុស្សបើកបរ ជាមួយនឹងអ្នកបើកយន្តហោះនៅក្នុងផ្ទះ។ ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត Denso បានសហការជាមួយ Honeywell International ដើម្បីអភិវឌ្ឍគ្រឿងបន្លាស់សម្រាប់រថយន្តហោះហើរ។
បណ្តាក្រុមហ៊ុននៅប្រទេសលោកខាងលិចក៏ចូលរួមក្នុងវិស័យនេះដែរ។ Volocopter នៃប្រទេសអាល្លឺម៉ង់ និងក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសកំពុងព្យាយាមផ្សព្វផ្សាយយានជំនិះនេះនាពេលខាងមុខ។
ប្រភព៖ Japan Times