ជប៉ុនត្រៀមដាក់ចេញប្រភេទសំបកកង់ដែលមិនចាំបាច់សប់ខ្យល់
Bridgestone ជាម៉ាកយីហោសំបកកង់ឈានមុខគេនៅជប៉ុនបានអោយដឹង ពួកគេកំពុងសាកល្បងសំបកកង់ដែលមិនចាំបាច់សប់ខ្យល់។ បើតាមអ្នកផលិត សំបកកង់ប្រភេទនេះប្រើវត្ថុធាតុដើមជ័រសំយោគ resin ជាមួយនឹងរចនាសម្ព័នពិសេសជួយបង្កើនភាពធន់ និងគ្រប់គ្រងចលនាខាងក្នុងសំបកកង់ដោយភាពបត់បែន។
ម្យ៉ាងវិញទៀត Bridgestone បានបន្តថា សំបកកង់ដែលមិនចាំបាច់សប់មានគុណសម្បត្តិច្រើនដូចជាមិនបែកកង់ ឬផ្ទុះ។ វាអាចជួយទ្រទម្ងន់តួរថយន្ត និងស្រូបយកកម្លាំងប៉ះទង្គិច ដោយអង្រួនទ្រង់ទ្រាយបន្ទះប្លាស្ទិកពិសេសដែលនៅជុំវិញសំបកកង់។
ជាងនេះទៅទៀត សំបកកង់ប្រភេទនេះក៏រួមចំណែកក្នុងការដោះស្រាយបញ្ហាបរិស្ថានផងដែរ ព្រោះសំបកកង់ខាងក្រៅអាចប្តូរបានច្រើនដង មុនពេលសំបកកង់ខូចធ្ងន់ និងកែច្នៃឡើងវិញ។
Bridgestone បានសហការគ្នាជាមួយក្រុមហ៊ុន Idemitsu Kosan ដើម្បីដាក់សំបកកង់មិនចាំបាច់សប់ខ្យល់នេះក្នុងការសាកល្បងលើរថយន្តអគ្គិសនី។
លោក Akira Oishi នាយកគ្រប់គ្រងទូទៅរបស់ Idemitsu Kosan បាននិយាយថា៖ “យើងជឿជាក់ថា គំនិតបង្កើតសំបកកង់មិនចាំបាច់សប់ខ្យល់របស់ Bridgestone មានភាពស្និទ្ធស្នាលនឹងបរិស្ថាន។ មិនបែកសំបកកង់អាចជួយកាត់បន្ថយហានិភ័យឈប់នៅកណ្តាលផ្លូវ ហើយត្រូវបានគេរំពឹងថា នឹងបង្កើនភាពងាយស្រួលសម្រាប់អ្នកបើកបរនាពេលអនាគ” ។
ប្រភព៖ Bridgestone