នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida ត្រូវ​គេ​គប់​គ្រាប់​បែក​ផ្សែង​ក្នុង​យុទ្ធនាការ​ស្វែង​រក​សំឡេង​ឆ្នោត

ករណីវាយប្រហារដោយគ្រាប់បែកផ្សែងបានកើតឡើងនៅមុនពេលនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ថ្លែង​សុន្ទរកថា​យុទ្ធនាការ​ស្វែង​រក​សំឡេង​ឆ្នោត​នា​ព្រឹក​ថ្ងៃ​ទី ១៥ ខែ​មេសា នៅខេត្ត Wakayama ។ លោក Kishida ត្រូវ​បាន​ជម្លៀស​ចេញ​ពី​​កន្លែង​​កើត​​ហេតុ​​ដោយ​​សុវត្ថិភាព ខណ​ដែល​បុរស​ជន​សង្ស័យ​ត្រូវ​ចាប់​ខ្លួន។

កាលពី​ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៣ បុរសម្នាក់ដែលគេចាត់ទុកជាជនសង្ស័យ​គប់​គ្រាប់បែក​ផ្សែងដាក់នាយករដ្ឋ​មន្ត្រី​​ជប៉ុនលោក Fumio Kishida ត្រូវ​​ប៉ូលិស​ឃាត់​ខ្លួន​នៅ​កំពង់ផែនេសាទ​ Saikazaki នៅ Wakayama ខេត្ត Wakayama ​​ប្រទេស​​ជប៉ុន។ រូបភាព៖ Kyodo/Reuters

យោងតាមទូរទស្សន៍ NHK នាយករដ្ឋមន្ត្រីលោក Kishida ពេលកំពុងនៅកំពង់ផែនេសាទ Saikazaki ទីក្រុង Wakayama នៅពេលដែលត្រៀមចាប់ផ្តើមសុន្ទរកថារបស់ខ្លួន ស្រាប់តែឮសំឡេងផ្ទុះយ៉ាងខ្លាំង និងផ្សែងពណ៌ស។

ក្រោយមកបុរស​ម្នាក់​ដែល​បាន​គប់​គ្រឿង​ផ្ទុះ​នៅ​កន្លែង​កើត​ហេតុ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ ហើយបញ្ជូនទៅកាន់ប៉ុស្តិ៍​ប៉ូលិស​ក្រុង Wakayama ដើម្បី​​សាក​សួរ។

ទន្ទឹម​នឹង​នេះ នាយក​រដ្ឋមន្ត្រី​ជប៉ុនត្រូវបានជម្លៀសទៅកន្លែងមួយផ្សេងទៀត ដែលមានការយាមកាមតឹងរ៉ឹង។ លោក Kishida មិនបានរងរបួសនោះទេ និងកំពុងមានសុវត្ថិភាព។ បើ​តាម​ប៉ូលិស​មូលដ្ឋាន មិន​មានអ្នករងរបួសក្នុង​​ហេតុ​ការណ៍​នេះ​​ទេ។

កន្លែងកើតហេតុ​ដែលផ្ទុះគ្រាប់បែកផ្សែងឆ្ពោះទៅលើនាយករដ្ឋមន្ត្រីជប៉ុន។ រូបភាព៖ NHK

វីដេអូពី NHK បានបង្ហាញពីទិដ្ឋភាពហ្វូងមនុស្សចលាចល និងការជម្លៀសជាបន្ទាន់ពេលហេតុ​ការណ៍កើតឡើង។ ភ្លាមៗនោះ ប៉ូលិសបានបង្ហាញខ្លួន និងចាប់ខ្លួនបុរសនោះយកចេញពីកន្លែងកើតហេតុ។

នេះ​បើ​តាម​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ដែល​មាន​វត្តមាន​នៅ​កន្លែង​កើត​ហេតុបានអោយដឹង ស៊ីឡាំងពណ៌ទឹកប្រាក់ត្រូវបានគប់ចេញពីបុរសរូបនោះចម្ងាយប្រហែល ២ ម៉ែត្រមុនពេលបញ្ចេញផ្សែង។

សាក្សី​ម្នាក់​ទៀត​ក៏​បាននិយាយថា មើលឃើញវត្ថុមួយមានរាងស៊ីឡាំងពណ៌ទឹកប្រាក់ត្រូវគេគប់ចេញ ហើយបន្ទាប់មកបញ្ចេញពន្លឺមុនពេលដែលសំឡេងខ្លាំងៗបន្លឺឡើង។

ប្រភព៖ Reuters

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: