គ្រូ​បង្វឹក​កីឡា​​បេស្បល​​​ប្រឈម​​នឹង​​ការ​​ចោទ​ប្រ​កាន់​ប្រើ​ដំបង​វាយ​ក្បាល​សិស្ស

សិស្សត្រូវប្តូរសាលា រីឯគ្រូ​បង្វឹក​ដែល​វាយ​សិស្ស​ត្រូវ​សាលា​បណ្ដេញចេញ​ ​សមាគម​កីឡា​បេស្បលសិស្ស និស្សិតជប៉ុន​បាន​​ផ្អាក​​​ការ​ងារលោក​​រយៈ​​ពេល ៤ ខែ។

គ្រូបង្វឹក Hiroyasu Wakabayashi ធ្លាប់ទាត់ និងវាយសិស្សដោយដំបង។ រូបភាព៖ CAT9

លោក Hiroyasu Wakabayashi អាយុ ៥៦ ឆ្នាំ ជាអតីតអត្តពលិកក្រុមកីឡាបេស្បល Chunichi Dragons ។ នៅឆ្នាំ ២០០៩ លោកបានក្លាយជាគ្រូបង្វឹកក្រុមកីឡាបេស្បលនៅវិទ្យាល័យ Sugao (នៃសាកលវិទ្យាល័យ Tokai ទីក្រុងតូក្យូប្រទេស​ជប៉ុន) ។

យោងតាមសារព័ត៌មាន Mainichi Shimbun លោក Wakabayashi ត្រូវចោទប្រកាន់ថាបានទាត់សិស្សវិទ្យាល័យ Sugao ថ្នាក់ទី ១០ ម្នាក់​ខណៈ​ពេល​កំពុង​ហាត់សមនៅលើទីលានសាលាមួយផ្សេងទៀតកាលពីខែសីហា ឆ្នាំ ២០២២ ។ នៅខែបន្ទាប់ គាត់ត្រូវគេចោទប្រកាន់ប្រើដំបង​វាយក្បាលសិស្សនោះពេលកំពុងប្រកួតលើទីលាន។

លោក Wakabayashi បានសារភាពចំពោះការចោទប្រកាន់ និងពន្យល់ពីមូលហេតុដែលវាយសិស្សនោះថា “សមាជិក​ក្រុម​មិន​បាន​បំពេញ​តាម​តម្រូវ​ការ ដូច្នេះ​ខ្ញុំបានវាយប្អូន” ។

កាល​ពី​ខែ​មករា លោក Wakabayashi ត្រូវសមាគម​កីឡា​បេស្បលសិស្ស និស្សិត​ជប៉ុន​ផ្អាកការងារ​រយៈពេល ៤ ខែ ដោយ​​សង្ស័យ​ពី​សកម្មភាព​ហិង្សា។ គ្រូបង្រៀនម្នាក់ទៀតដែលទទួលបន្ទុកក្រុមកីឡាបេស្បលរបស់សាលាក៏ត្រូវបានផ្អាក​មួយ​ខែ​ដោយ​សារ​រាយ​ការណ៍យឺតយ៉ាវ។ វិទ្យាល័យ Sugao ក៏​បាន​សម្រេច​ចិត្ត​បណ្ដេញ​អ្នកទាំងពីរ។

បច្ចុប្បន្នសិស្ស​ដែល​ត្រូវ​វាយនោះ​បាន​ផ្ទេរ​ទៅ​វិទ្យាល័យមួយផ្សេងទៀត។ នាយកដ្ឋានប៉ូលិស Fussa ក៏បានចាប់ផ្តើមស៊ើប​អង្កេត​ករណីនេះតាមរយៈការសួរចម្លើយ និងមធ្យោបាយផ្សេងទៀត។

កាលពីខែកុម្ភៈកន្លងទៅ គ្រូបង្រៀនអាយុ ៥០ ឆ្នាំម្នាក់នៅវិទ្យាល័យ Ohmuta (ខេត្ត Fukuoka) ក៏​ត្រូវ​ចោទ​ប្រកាន់​ថា​​បាន​​ទះ​​កំផ្លៀង​សិស្ស​ម្នាក់កាល​បោះ​ជំរុំ​​រដូវ​ក្តៅ​​ក្នុង​ឆ្នាំ ២០២២ ដែលបណ្តាលឱ្យសិស្សហូរឈាមច្រមុះ។

គ្រូ​ម្នាក់​នេះ​ត្រូវសាលា​ផ្អាកការងារ​ដើម្បី​ស៊ើបអង្កេត។ លទ្ធផលសិស្ស ៣ នាក់ផ្សេងទៀតបានអោយដឹងថា ប្អូនៗក៏ធ្លាប់ត្រូវគ្រូវាយដែរ។ ព័ត៌មាន​លម្អិតចំពោះករណីនេះមិនទាន់ត្រូវបានបង្ហើបនៅឡើយទេ។ គ្រូម្នាក់នេះបានដាក់ពាក្យ​សុំ​ឈប់ ទទួល​ស្គាល់​ទង្វើ​របស់​ខ្លួន និងសុំទោសប្អូនៗសិ​ស្សា​នុ​សិស្ស។

ប្រភព៖ Mainichi Shimbun

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: