ប៉ូលិស​ក្រុង​តូក្យូ​នាំ​ខ្លួន​ជន​សង្ស័យ​ឆបោកតាមទូរស័ព្ទចំនួន ១៩ នាក់​ទៅ​ប្រទេស​វិញ

ជប៉ុនបានបញ្ជូនក្រុមអ្នកស៊ើបអង្កេតមកព្រះរាជាណាចក្រកម្ពុជាដើម្បីនាំខ្លួនជនជាតិជប៉ុនចំនួន ១៩ នាក់ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ឆបោក​តាមទូរស័ព្ទ ដែលធ្វើសកម្មភាពក្នុងប្រទេសកម្ពុជា ហើយផ្ដោ​តលើប្រជាជននៅ​ជប៉ុន។

នៅព្រឹកថ្ងៃច័ន្ទ ក្រុមស៊ើបអង្កេតប្រហែល ៥០ នាក់បានចាកចេញពីអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូមក​ដល់​ទឹក​ដី​នៃព្រះរាជាណាចក្រកម្ពុជា ហើយប៉ូលិសជប៉ុនគ្រោងនឹងនាំខ្លួនជនសង្ស័យទៅប្រទេសវិញនៅព្រឹក​ថ្ងៃ​អង្គារនេះ ដើម្បី​អនុវត្ត​ទោស​តាម​ផ្លូវ​ច្បាប់ ។

នាយកដ្ឋានប៉ូលិសក្រុងតូក្យូទទួលបានដីកាចាប់ខ្លួនមនុស្ស ១៩ នាក់ ដែលមានអាយុចន្លោះពី ២៥ ទៅ ៥៥ ឆ្នាំ បន្ទាប់​ពី​ជន​សង្ស័យ​ទាំង​នេះ​ត្រូវ​បាន​ចោទប្រកាន់ថាបោកប្រាស់ប្រាក់ប្រហែល ២៥០.០០០ យ៉េន (១,៩០០ ដុល្លារ) ពីអ្នករស់នៅទីក្រុង​តូក្យូ​ម្នាក់​ដែល​មាន​វ័យ ៦០ ឆ្នាំ ។

សមាជិក​ក្រុម​នេះ​ត្រូវ​បាន​គេ​ជឿ​ថា ​បានធ្វើ​ប្រតិបត្តិការ​ចេញ​ពី​បន្ទប់​សណ្ឋាគារ​មួយកន្លែង​ក្នុង​ក្រុង​ព្រះសីហនុកាល​ពី​ខែ​មករា ខណៈដែលក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច​កម្ពុជាក៏​បានរកឃើញបញ្ជី​ឈ្មោះ​ពលរដ្ឋ​ជប៉ុន​ដែល​គេ​ជឿ​ថា​ ជា​​មុខ​សញ្ញា​សម្រាប់​ជន​សង្ស័យ​ទាក់ទងទៅ​ឆបោក និង​ទូរសព្ទ​មួយ​ចំនួន​ធំ​ពី​បន្ទប់​សណ្ឋាគារ រីឯវត្ថុ​តាងទាំង​នោះ​សមត្ថកិច្ច​កម្ពុជា​ក៏​បាន​​ប្រគល់​​អោយភាគី​ជប៉ុន​ហើយផងដែរ។

ប្រភព៖ NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: