ហេតុ​ការណ៍ដ៏រន្ធត់ នារីម្នាក់ត្រូវគេចាក់សម្លាប់ រីឯបុរស​លោត​ចូល​ផ្លូវ​រថភ្លើង​ស្លាប់​ភ្លាមៗ

ប៉ូលិស​ជប៉ុន​បានរកឃើញនារីម្នាក់ត្រូវគេចាក់សម្លាប់នៅបន្ទប់រង់ចាំ​រថភ្លើង បន្ទាប់ពីបុរសម្នាក់លោតចូលផ្លូវរថ​ភ្លើង​ធ្វើ​​អត្តឃាត។

បន្ទប់រង់ចាំនៅស្ថានីយ៍ជាកន្លែងដែល Tsukine Kawamura ត្រូវគេចាក់។ រូបភាព៖ Kyodo

នៅយប់ថ្ងៃទី ៨ ខែមេសា ប៉ូលិស​ជប៉ុន​ទទួលបានដំណឹងបុរសម្នាក់លោតចូលផ្លូវរថភ្លើងនៅស្ថានីយ៍ Moto-Kasadera ទី​ក្រុង Nagoya ដើម្បីធ្វើអត្តឃាត។ អ្នកបើករថភ្លើងបាននិយាយថា បុរស​រូប​នោះ​លោត​ចូលផ្លូវដែក​ខណៈ​ដែល​រថភ្លើង​កំពុង​ធ្វើ​ដំណើរ។

​នៅ​កន្លែង​កើតហេតុ​ ប៉ូលិស និងបុគ្គលិកសង្គ្រោះបានពិនិត្យឃើញថា បុរសរូបនោះដេកស្លាប់ដោយ​សាររង​របួស​ច្រើន​​ពេញ​​រាង​កាយ ដែលត្រូវបានបញ្ជាក់ថាស្លាប់ភ្លាមៗ។ បុគ្គលម្នាក់នេះមានឈ្មោះថា Takuya Minami អាយុ ២៩​ ឆ្នាំ។

ប៉ុន្មាននាទីក្រោយមក ក្នុងបន្ទប់រង់ចាំនៅស្ថានីយ៍ អាជ្ញាធរបានរកឃើញកញ្ញា Tsukine Kawamura អាយុ ១៨ ឆ្នាំ ត្រូវចាក់​ដោយ​កាំបិត។ កញ្ញា Kawamura ត្រូវគេចាក់ ៣ កាំបិតលើទ្រូង ហើយ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ប៉ុន្មាន​​ម៉ោង​​ក្រោយ​​មក។ ប៉ូលិសបានអោយដឹងថា រាងកាយរបស់កញ្ញា Kawamura មានដណ្ដប់ដោយសម្លៀកបំពាក់ដែល​មើល​ទៅមិន​ដូច​ជា​របស់​នាងនោះទេ។

ប៉ូលិសសង្ស័យថា Minami បានចាក់កញ្ញា Kawamura បន្ទាប់មកធ្វើអត្តឃាត។ អំឡុងពេលកើតហេតុ មិន​មាន​អ្នក​​ដំណើរ​ផ្សេង​ក្រៅ​ពី​អ្នក​ទាំង​ពីរ​ក្នុង​បន្ទប់​រង់​ចាំ​ឡើយ។

ប៉ូលិសបាននិយាយថា ជនសង្ស័យ Minami និងជនរងគ្រោះធ្លាប់មានទំនាក់ទំនងស្នេហា។ កញ្ញា Kawamura និយាយ​ប្រាប់​មិត្ត​ភក្តិ​របស់​នាង​ថា នាងបានបញ្ចប់ទំនាក់ទំនងនេះ ប៉ុន្តែ Minami មាន​​បំណង​​ចង់​ត្រូវ​គ្នា​វិញ។

អាជ្ញាធរ​ជប៉ុន​កំពុង​ស៊ើបអង្កេត​ហេតុការណ៍នេះតាមទិសដៅករណី​ឃាតកម្ម។

ប្រភព៖ Kyodo News

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: