តើអ្នកដឹងទេថាផ្កាសាគូរ៉ាភាគច្រើននៅជប៉ុនសុទ្ធតែត្រូវបានបង្កាត់ និងមាន DNA ដូចគ្នា?
ប្រហែលជាអ្នករាល់គ្នាដឹងហើយថា ផ្កាសាគូរ៉ាជាប្រភេទផ្កាដែលតំណាងឲ្យប្រទេសជប៉ុន។ អ្នកអាចគយគន់ទេសភាពផ្កាសាគូរ៉ានៅតំបន់ជាច្រើនចាប់ពីចុងខែមីនារហូតដល់ខែមេសា។ ដូច្នេះតើអ្នកដឹងទេថាពួកវាភាគច្រើនត្រូវបានបង្កាត់ និងមាន DNA ដូចគ្នាដែរទេ?
តាមពិតទៅ បច្ចេកទេសបង្កាត់ត្រូវបានបង្កើតឡើងតាំងពីសម័យសាមូរ៉ៃមកម្ល៉េះ។ ផ្កាដ៏ស្រស់ស្អាតទាំងនេះធ្វើឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ថា និទាឃរដូវកំពុងមកដល់ បន្ទាប់ពីរដូវរងាកន្លងផុត និងធ្វើឲ្យអារម្មណ៍របស់ពួកគេរីករាយជាងមុន។
មិនថាមនុស្ស ឬរុក្ខជាតិ ជាទូទៅជំនាន់ក្រោយបង្កើតឡើងដោយការរួមបញ្ចូលរវាងឈ្មោល និងញី។ រាងកាយថ្មីត្រូវបានបង្កើតឡើងពី DNA ទាំងពីរ ដូច្នេះហើយឪពុកម្តាយ និងកូនមាន DNA ខុសគ្នា។
ប៉ុន្តែផ្កាសាគូរ៉ាជប៉ុនភាគច្រើនមាន DNA ដូចគ្នា ដោយសារតែគ្រាប់ពូជនៃដើមផ្កាសាគូរ៉ាមិនអាចបង្កើតជំនាន់ក្រោយតាមធម្មជាតិបាន។
ជប៉ុនជាប្រទេសដាំផ្កាសាគូរ៉ាច្រើន ប្រហែលជាបំផ្លើសដែលនិយាយថា ផ្កាសាគូរ៉ានៅជប៉ុនទាំងអស់សុទ្ធតែត្រូវបានបង្កាត់ ប៉ុន្តែអាចនិយាយបានថាដើមសាគូរ៉ា Somei-yoshino ដែលគ្រប់គ្នាមើលឃើញនៅប្រទេសជប៉ុនសុទ្ធតែត្រូវបានបង្កាត់។
ដើមសាគូរ៉ា Somei-yoshino ត្រូវបានបង្កាត់ពូជដោយប្រភេទផ្កាសាគូរ៉ា Oshima-zakura និង Edo-higan នៅសម័យ Edo ជាពេលដែលសាមូរ៉ៃគ្រប់គ្រងប្រទេស។
មិនដូចជាបច្ចេកវិទ្យាបង្កាត់នាពេលសព្វថ្ងៃនេះដែលបញ្ជា DNA ដោយមីក្រូទស្សន៍នោះទេ ប៉ុន្តែត្រូវចំណាយពេលយ៉ាងច្រើនសម្រាប់បង្កាត់ប្រភេទផ្កាទាំងពីរឲ្យក្លាយទៅជាផ្កាដែលល្អឥតខ្ចោះ។
ប៉ុន្តែលទ្ធផលនៅពេលដែល Somei-yoshino ចេញពន្លកបែរជាខ្វះខាតខាងផ្នែកជីវសាស្រ្ត ដោយសារពួកវាមិនអាចបង្កើតជំនាន់ក្រោយទៀតបាន។ យ៉ាងណាមិញ ព្រោះតែចង់រក្សាដើមសាគូរ៉ា Somei-yoshino ស្រស់ស្អាតទាំងនេះ មនុស្សសម័យមុនប្រើបច្ចេកទេសដែលហៅថា កាត់មែក ផ្សាំមែកឈើ។
កាត់មែកជាវិធីសាស្រ្តកាត់មែកឈើកប់ក្នុងដី ហើយថែទាំបន្តិចម្តងៗរហូតដល់ចេញឫស។
រីឯការផ្សាំមែកឈើជាវិធីសាស្រ្តផ្សាំមែកឈើមួយលើដើមមួយផ្សេងទៀត។
ជាការពិតណាស់ ភាវៈដែលបង្កាត់ពូជដោយវិធីសាស្ត្រនេះមាន DNA ដូចគ្នា។ ប្រសិនបើពិបាកយល់ អ្នកអាចសាកល្បងស្រមៃថា បើវិធីសាស្ត្រនេះត្រូវបានអនុវត្តចំពោះមនុស្ស នោះច្បាប់ចម្លងទាំងអស់របស់មនុស្សម្នាក់សុទ្ធតែមានមុខដូចគ្នា។
នៅជប៉ុនគេនិយាយថា ដើម Somei Yoshino មានប្រមាណ ១០ លានដើម។ ដូច្នេះបើប្រៀបទៅនឹងមនុស្ស មានចំនួន ១០ លាននាក់នៅជប៉ុនមានមុខដូចគ្នា។
Abe Kengo