ហេតុ​អ្វីបានជាហាង​រ៉ាមេននៅតូក្យូ​​ហាម​មិន​អោយ​ភ្ញៀវ​ប្រើ​ស្មាត​ហ្វូន​​ពេល​​ទទួល​​ទាន?

នៅតាមហាងមី​រ៉ា​មេនក្នុងប្រទេសជប៉ុនមានវិន័យមួយមិនសរសេរជាលាយល័ក្ខអក្សរ “ហូបលឿនហើយចាក​ចេញ” ។

ម្ចាស់ហាងមីប្រកាន់ភ្ជាប់គោលការណ៍នេះរហូតដល់ថ្នាក់ចុចគិតម៉ោងចាប់ផ្តើមបរិភោគរបស់ភ្ញៀវទៀត។ លោកបាន​ប្រទះ​ឃើញ​ថា អ្នក​ដែល​កាន់​ចង្កឹះ​យឺត​ច្រើន​តែមើលវីដេអូនៅលើទូរស័ព្ទ ដូច្នេះ​គាត់​ក៏​សម្រេច​ចិត្ត​ចាត់​វិធាន​ការណ៍​។

ហាងមី Debu-chan នៅទីក្រុងតូក្យូ បានចាប់ផ្តើមអនុវត្តបទប្បញ្ញត្តិហាមមិនអោយភ្ញៀវប្រើទូរស័ព្ទពេលមកទទួលអាហារចាប់ពីខែមីនា។ រូបភាព៖ CNN

នៅខែមិថុនាខាងមុខនេះ ហាងមី Debu-chan របស់លោក Kota Kai នឹងប្រារព្ធខួប ៥ ឆ្នាំបើកហាង។ ចាប់ពីខែមីនា លោក​បាន​សម្រេច​ចិត្ត​ហាម​​ភ្ញៀវ​​មិន​អោយ​ប្រើស្មាតហ្វូន​ពេលមកទទួលទានអាហារ។ បទប្បញ្ញត្តិ​នេះ​បាន​ក្លាយ​ជា​ប្រធាន​បទ​​ពិភាក្សា​​លើ​​បណ្តាញ​​សង្គម​​ជប៉ុន។

លោក Kai បានពន្យល់ថា “មានម្តងពេលកំពុងរវល់ យើងកត់សម្គាល់ឃើញមានភ្ញៀវម្នាក់ ៤ នាទីទៅហើយមិនទាន់​ហូបទៀត” តាម​ពិត​ទៅ​ភ្ញៀវ​រវល់​មើល​វីដេអូ​ទាំង​ម្ហូប​នៅ​ចំពោះមុខត្រជាក់អស់ទៅហើយ។

នៅកន្លែងមួយចំនួនចំណុចនេះមិនសំខាន់ទេ ប៉ុន្តែយ៉ាងណា​លោក Kai លក់​មី Hakata ជា​ប្រភេទ​រ៉ាមេនក្នុងស្រុក។ គាត់​ហៅ​ម្ហូប​នេះ​ថា “មុខម្ហូបសម្រាប់​អ្នក​ដែល​មិន​មាន​ភាព​អត់ធ្មត់” ។ សរសៃមីដែលលោកលក់មិនទំហំត្រឹម​មួយ​មីលីម៉ែត្រ ហេតុ​​នេះ​ងាយ​នឹង​រីក​ណាស់។ ដូច្នេះរយៈពេល ៤ នាទីអាចនឹងធ្វើអោយមុខម្ហូបលែងឆ្ងាញ់។

Debu-chan ជា​ហាង​រ៉ា​មេន​ធំល្មមដែរ ដោយមាន ៣៣ កន្លែងអង្គុយ។ អំឡុងពេលមានភ្ញៀវច្រើន អ្នកឃើញទិដ្ឋភាព​ភ្ញៀវ​ឈររង់ចាំដល់វេនខ្លួន។ ថៅ​កែ​បាន​ប្រាប់ CNN ថា “នៅពេលដែលកន្លែងអង្គុយពេញ ហើយខ្ញុំឃើញអ្នក​រាល់​គ្នា​មើល​ទូរស័ព្ទ ខ្ញុំ​នឹង​ប្រាប់​ពួកគេឱ្យឈប់ធ្វើដូច្នេះ” ។

គាត់​មិន​បាន​ដាក់​ស្លាក​សញ្ញា​នោះទេ ប៉ុន្តែខ្លួននឹងរំលឹកភ្ញៀវម្នាក់ៗដោយផ្ទាល់។ សម្រាប់គាត់រ៉ាមេនមិនត្រឹមតែជាមុខម្ហូបប៉ុណ្ណោះទេ ថែមទាំងជា “ទម្រង់កំសាន្ត” ដូច្នេះតម្រូវអោយមានវិន័យ។ លោក Kai បានបន្ថែមថាស្រដៀងនឹង​ពាក្យ “នៅ​ទី​ក្រុង​រ៉ូមចូរធ្វើខ្លួនដូចជនជាតិរ៉ូម៉ាំង” ។

ហាង Debu-chan មិនមែនជាកន្លែងដំបូងដាក់ចេញវិធានការណ៍ដោះស្រាយចំពោះភ្ញៀវដែល​ប្រើ​ទូរស័ព្ទពេលទទួល​ទាន​នោះ​ទេ។ ក្នុងឆ្នាំ ២០១៧ ហាង McDonald នៅប្រទេសសិង្ហបុរីបានដាក់យុទ្ធនាការ “Phone off. Fun on” (ប្រែថា៖ បិទទូរស័ព្ទ បើកការសប្បាយ)។ ហាងបាន​ដំឡើង​ទូទុកទូរស័ព្ទ​អំឡុង​ពេល​អ្នក​ទាំង​អស់​គ្នា​ទទួល​​ទាន។ គោល​​​បំណង​​​នៃ​​យុទ្ធនាការ​​នេះ​ដើម្បី​អោយ​អ្នក​រាល់គ្នាចំណាយពេលសម្រាប់គ្នា និង​កូនៗ។

ការកំណត់ចំពោះស្មាតហ្វូនមិនត្រឹម​តែអនុវត្តលើការទទួលទានប៉ុណ្ណោះទេ។ នៅឆ្នាំ ២០២១ សង្កាត់ Adachi នៅ Tokyo បាន​ចេញបទបញ្ញត្តិហាមគ្រប់គ្នាមិនឱ្យប្រើប្រាស់ទូរស័ព្ទពេលដើរ ឬជិះកង់។

ប្រភព៖ CNN

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: