ជំនះ​​ឧបសគ្គ និង​​ការ​​រើស​​អើង ប្តី​​ប្រពន្ធ​​​​ខ្សោយ​បញ្ញា​​​​សម្រេច​​​ចិត្ត​​​រៀប​​​ការ​​​នឹង​គ្នានៅ​​អាយុ ៦២ ឆ្នាំ

បច្ចុប្បន្នលោក Shunsuke Watarai និងភរិយា Kikuyo រស់នៅជាមួយគ្នាក្នុងទីក្រុង Nagoya ប្រទេសជប៉ុន។ ពួកគាត់ទាំងពីរនាក់ជួបគ្នាកាលអាយុ ៣០ ឆ្នាំតាមរយៈអ្នកស្គាល់គ្នា។ លោកបាននិយាយថា អ្នក​ទាំង​ពីរចាប់អារម្មណ៍គ្នាកាលជួបគ្រាដំបូង ប៉ុន្តែស្នេហារបស់ពួកគាត់ទាំងពីរត្រូវគ្រួសារ និងសង្គមជំទាស់ ដោយចាត់ទុកថាជនពិការមិន​គួរ​ស្វែង​រក​សុភមង្គល​នោះ​ទេ។

លោក Watarai និងលោកស្រី Kikuyo បន្ទាប់មកបានចូលរួមក្រុម​យុវជន​ពិការភាព​ខាង​សតិបញ្ញា ដោយភ្ជាប់​ទំនាក់​​ទំនឹង​​ជា​​មួយ​​សមាគម​ជួយ​ឪពុក​ម្តាយ​ដែល​មានកូនពិការភាពបញ្ញា។ តាម​រយៈ​សកម្មភាព​ជា​ក្រុម ពួក​គេ​បាន​រៀន​ចំណុច​ថ្មីៗ​ជា​ច្រើន ដោយហេតុនេះ​ជួយ​ពួកគេ​យកឈ្នះ​លើ​ភាព​ទន់ខ្សោយ​របស់ខ្លួន ហើយកាន់តែមាន​ទំនុក​ចិត្ត​ស្វែង​រក​សុភមង្គល។

រូបភាព៖ Kyodo

ជាច្រើនឆ្នាំបានកន្លងផុតទៅ នៅពេលដែលឪពុកម្តាយចាស់ជរា រីឯខ្លួនត្រូវការការមើលថែច្រើនជាងនេះ អ្នកទាំង​ពីរ​ចាប់ផ្តើមគិតពិចារណាយ៉ាងម៉ត់ចត់ចំពោះបញ្ហានៅជាមួយគ្នា ដើម្បីជួយគ្នាទៅវិញទៅមក។ នៅពេលនោះ លោក​ស្រី Kikuyo រស់នៅក្នុងមណ្ឌលថែទាំជនពិការ ចំណែកលោក Watarai ទទួលបានជំនួយពីភ្នាក់ងារសុខុមាលភាព​សង្គម។

នៅពេលដែលលោក Watarai និងលោកស្រី Kikuyo ប្រកាសពីបំណងរៀបការ គ្រួសារទាំងសងខាង និងបុគ្គលិកសុខុមាល​ភាព​បាន​ជំទាស់ ពួកគេគិតថា ជនពិការពីរនាក់មិនអាចរស់នៅជាមួយគ្នាបានទេ។ យ៉ាងណាមិញ នៅ​ពេល​ដែល​ជំងឺ​វង្វេង​របស់​ម្តាយ​លោកស្រី Kikuyo កាន់តែអាក្រក់ទៅៗ លោក Watarai ចាប់ផ្តើមជួយលោកស្រីមើល​ថែ​ម្តាយ។ ក្តីស្រលាញ់ និងការយកចិត្តទុកដាក់របស់អ្នកទាំងពីរបានផ្លាស់ប្តូរគំនិត និងការរើសអើងរបស់មនុស្សជុំវិញខ្លួន​បន្តិច​ម្តងៗ។ បំណងចង់នៅជាមួយគ្នារបស់ពួកគាត់ត្រូវបានមនុស្សជាច្រើនគាំទ្រ។

អ្នក​ទាំង​ពីរ​បាន​រៀប​ការ​នៅថ្ងៃ​ទី ​២២ ខែ​វិច្ឆិកា ឆ្នាំ​មុន ដែលជាថ្ងៃខួបកំណើតអាយុ ៦២ ឆ្នាំរបស់លោក Watarai ហើយក៏ជាថ្ងៃល្អសម្រាប់រៀប​អាពាហ៍​ពិពាហ៍​ផង​ដែរ បើតាមជំនឿរបស់ប្រជាជនជប៉ុន។ កាលពីខែកុម្ភៈកន្លងទៅនេះ​ ពួក​​គាត់​​ទាំង​​ពីរ​​បាន​​ប្រារព្ធ​​ពិធី​រំលឹក​អនុស្សាវរីយ៍​​ដែល​មានអ្នកចូលរួមជាង ៣០ និង​​បាន​​ទទួល​​ពរ​​ជ័យ​​ជា​ច្រើន។

លោក Watarai និងភរិយា Kikuyo ថតរូបអនុស្សាវរីយ៍កាលពីខែមិថុនា ឆ្នាំ ២០២២ នៅខេត្ត Aichi ប្រទេសជប៉ុន។ រូបភាព៖ Kyodo

លោក Naoko Nagata អាយុ ៦៨ ឆ្នាំ ជាអតីត​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​ជួយ​ដល់ឪពុកម្តាយមានកូនពិការ​បញ្ញា ហើយក៏ជាអ្នកជួយប្រឹក្សាផ្នែកច្បាប់ដល់លោក Watarai និងលោកស្រី Kikuyo បាននិយាយថា៖ “ខ្ញុំគិត​ថា​ការ​​តស៊ូ​​របស់​​អ្នក​​ទាំង​​ពីរ និងការតាំងចិត្តរបស់ពួកគេបានធ្វើអោយមនុស្សជុំវិញរំភើបចិត្ត ហើយនៅទីបំផុតបានផ្លាស់​ប្តូរ​គំនិត​របស់​គ្រួសារ និង​អ្នក​ដែល​ជួយ​ពួក​គេ” ។

សព្វថ្ងៃប្តីប្រពន្ធ​មួយ​គូ​នេះ​រស់នៅ​អាផាតមិនក្នុងទីក្រុង Nagoya ជាមួយ​ម្តាយ​របស់លោកស្រី Kikuyo ។ ក្នុងមួយសប្តាហ៍ម្តងមានបុគ្គលិកម្នាក់មកពីទីភ្នាក់ងារសុខុមាលភាពជនពិការនឹងមកជួយពួកគាត់។

លោក Watarai ធ្វើជាអ្នកបោសសំអាតនៅទីភ្នាក់ងារផ្គត់ផ្គង់ទឹកក្នុងទីក្រុង ចំណែកលោកស្រី Kikuyo ធ្វើជាកម្មការិនី​រោង​ចក្រ។ ប្រាក់​ខែ និង​ប្រាក់​ឧបត្ថម្ភ​សង្គម​ជួយ​ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

លទ្ធផលនៃការស្ទង់មតិដែលធ្វើឡើងដោយសារព័ត៌មាន Kyodo កាលពីដើមឆ្នាំនេះបានបង្ហាញថា ជិត ៧០% ចំនួន​ឪពុក​ម្តាយ​មាន​កូន​ពិការ មាន​​បំណង​​ចង់​​បាន​​ប្រព័ន្ធ​ជួយខាង​ផ្នែក​អាពាហ៍ពិពាហ៍ និង​សម្រាលកូនសម្រាប់​កូន​របស់​​ពួក​​គេ។

ប្រភព៖ Kyodo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: