បាតុ​ភូត​មនុស្ស​​ចង់​​រស់​នៅ​ផ្តាច់​ខ្លួន​ពី​សង្គម​ក្នុង​ប្រទេស​​​ជប៉ុន​មាន​ប្រមាណ ១,៤៦ លាន​នាក់

តាមការស្ទង់មតិដែលបានចេញផ្សាយនាពេលថ្មីៗនេះដោយការិយាល័យខុទ្ទកាល័យជប៉ុនបង្ហាញថា មនុស្សប្រមាណ ១,៤៦ លាននាក់ក្នុងចន្លោះអាយុធ្វើការ ដែលស្មើនឹងអត្រា ១/៥០ ជា hikikomori មនុស្សរស់​នៅ​ដាច់​ដោយ​​ឡែក​ពី​សង្គម។

បន្ទប់របស់អ្នកដែលមានរោគសញ្ញា hikikomori នៅជប៉ុន។ រូបភាព៖ Francesco Jodice

Hikikomori ជាបាតុភូតសង្គមនៅប្រទេសជប៉ុន ក្នុងនោះអ្នកដែលមានរោគសញ្ញានេះតែងតែឃុំខ្លួនក្នុងបន្ទប់ កម្រនឹងចាកចេញពីផ្ទះ និងកាត់ផ្តាច់ទំនាក់ទំនងជាមួយសង្គមទាំងស្រុង។ សភាពរបស់ hikikomori មានលក្ខណៈ​ចម្រុះ ដោយ​មនុស្ស​មួយ​ចំនួន​និយាយ​ថា គ្មាន​កម្លាំង​ក្រោក​ចេញ​ពី​គ្រែ អ្នក​ខ្លះ​មិនអាចម្ចាស់ការដូចជា​ងូត​ទឹក​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ សម្អាត​ផ្ទះ​រាប់​ម៉ោង ឬខ្លះទៀតលេងហ្គេមទាំងយប់ទាំងថ្ងៃ។

យោងតាម Asahi Shimbun នេះជាការស្រាវជ្រាវដំបូងដោយការិយាល័យខុទ្ទកាល័យស្តីពីបាតុភូត “hikikomori” ក្នុង​ចំណោម​មនុស្ស​ដែល​មាន​អាយុ​ចន្លោះ​ពី ១៥ ដល់ ៦៤ ឆ្នាំនៅជប៉ុន។ ការស្រាវជ្រាវមុននោះផ្តោតលើយុវជនដែលជ្រើស​រើស​មិន​ចូល​រៀន រស់​នៅ​ផ្តាច់​ខ្លួន​ក្នុង​ផ្ទះ ហើយមិនទំនាក់ទំនងនឹងសង្គម។

យ៉ាងណាមិញ ក្រោយមក អ្នកស្រាវជ្រាវបានរកឃើញថា បញ្ហានៅតែបន្តកើតឡើង ថែមទាំងឈានចូលវ័យពេញវ័យ និង​វ័យ​ចំណាស់ ដែលបណ្តាលអោយការស្រាវជ្រាវត្រូវពង្រីកបន្ថែម។

ជាក់ស្តែង កាសែត Japan Times បានដាក់ចេញការស្រាវជ្រាវដែលផ្អែកលើការស្ទង់មតិលើមនុស្សជាង ៣ ម៉ឺននាក់ចន្លោះអាយុពី ១០ ដល់ ៦៩ ឆ្នាំកាលពីខែវិច្ឆិកា ឆ្នាំ ២០២២ នៅទូទាំងប្រទេស ហើយការិយាល័យខុទ្ទកាល័យបានប៉ាន់​ប្រមាណ​ថា ១,៤៦ លាននាក់ជា hikikomori ។ ចំណុចនេះមានន័យថា ក្នុងចំណោមមនុស្ស ៥០ នាក់មានម្នាក់កម្រ ឬ​មិន​ដែល​ចាក​ចេញ​ពី​ផ្ទះ​របស់ខ្លួន ចំនួននេះមានប្រហែល ២% នៃចំនួនប្រជាជនសរុបដែលមានអាយុពី ១៥ ដល់ ៦៤ ឆ្នាំ។

លទ្ធផលស្រាវជ្រាវបង្ហាញថា ២,០៥% មនុស្សដែលមានអាយុពី ១៥ ដល់ ៣៩ ឆ្នាំចេញក្រៅព្រោះចំណង់ចំណូលចិត្តរបស់​ខ្លួន ឬ​ចេញ​ពី​បន្ទប់​តែ​នៅ​ក្នុង​ផ្ទះ ឬកម្រចេញពីបន្ទប់យ៉ាងហោចណាស់ ៦ ខែ។ អត្រានេះមានកម្រិត ២,០២% សម្រាប់មនុស្សដែលមានអាយុចន្លោះពី ៤០ ដល់ ៦៤ ឆ្នាំ។

ទន្ទឹមនឹងនេះ ២១,៥% hikikomori ដែលមានអាយុចន្លោះពី ១៥ ដល់ ៣៩ ឆ្នាំរស់នៅដាច់ដោយឡែកនឹងសង្គមពី ៦ ខែ​ដល់​ក្រោម ១ ឆ្នាំ និង ២១,៩% មនុស្ស​ដែល​មាន​អាយុ​ចន្លោះ​ពី ៤០ ដល់ ៦៤ ឆ្នាំឃុំខ្លួនក្នុងផ្ទះតិចជាង ២ ទៅ ៣ ឆ្នាំ។

ចំពោះមូលហេតុនៃបាតុភូតនេះ ២០,៨% hikikomori ដែលមានអាយុចន្លោះពី ១៥ ដល់ ៣៩ ឆ្នាំបានអោយដឹងថា ខ្លួនមានការលំបាកក្នុងទំនាក់ទំនងផ្ទាល់ខ្លួន។ មូលហេតុ​ទូទៅផ្សេងទៀត ១៨,១% ត្រូវបានលើកឡើងដោយសារជំងឺរាតត្បាតកូវីដ ១៩ ។ ចំពោះអ្នកដែលរស់នៅផ្តាច់ខ្លួនមានអាយុពី ៤០ ដល់ ៦៤ ឆ្នាំ ៤៤,៥% បាននិយាយ​ថា មូល​ហេតុ​​មក​ពី​ការ​លាឈប់ការ​ងារ ខណៈដែល ២០,៦% ក៏លើកមូលហេតុ​បណ្តាលមកពីជំងឺរាតត្បាត។

យោងតាមមន្ត្រីខុទ្ទកាល័យជប៉ុន មនុស្សជាច្រើនសម្រេចចិត្តនៅផ្ទះព្រោះខ្លាចឆ្លងជំងឺកូវីដ ១៩ ។ ជាក់ស្តែង ជប៉ុន​មិន​បាន​អនុវត្ត​ការ​ទប់​ស្កាត់​តឹង​រ៉ឹង​ដើម្បីការពារការរីករាលដាលវីរុសនោះទេ គ្រាន់តែស្នើឱ្យអ្នករាល់គ្នាកាត់បន្ថយការចេញទៅក្រៅបើមិនចាំបាច់។ ជាមួយគ្នានេះ និយោជក និងសាកលវិទ្យាល័យមួយចំនួនក៏លើកទឹកចិត្តដល់​ការ​ងារ និង​ការ​សិក្សា​ពី​ចម្ងាយ​ផង​ដែរ។

ការកើនឡើងនៃចំនួន hikikomori កំពុងជំរុញឱ្យអាជ្ញាធរមូលដ្ឋានមួយចំនួនដាក់ចេញវិធានការណ៍ទប់ស្កាត់។ នៅខែមិថុនាឆ្នាំនេះ សង្កាត់ Edogawa នៅទីក្រុងតូក្យូ គ្រោងនឹងរៀបចំព្រឹត្តិការណ៍សង្គមនិយម metaverse ដើម្បី​បង្កើត​ឳកាស​ដល់ hikikomori ជួប​អ្នកទាំងអស់គ្នាតាមរយៈ avatar របស់ខ្លួន។

យោងតាមការស្ទង់មតិឆ្នាំ ២០២១ សង្កាត់នេះមាន hikikomori ជាង ៩ ពាន់នាក់ រួមទាំងសិស្សដែលបានបោះបង់ការសិក្សា។ ឆ្លើយតបសារ​ព័ត៌​មាន Mainichi Shimbum អភិបាលក្រុង Takeshi Saito បានអោយដឹងថា គ្រប់យ៉ាង​​មិន​អាច​ដោះ​ស្រាយ​ដោយពឹងទៅលើ metaverse ប៉ុណ្ណោះទេ។ យ៉ាងណាមិញ វាអាចមានប្រយោជន៍​សម្រាប់មនុស្សមួយចំនួន ជាពិសេសអ្នកដែលមិនអាចចេញពីបន្ទប់របស់ខ្លួន និងមិនមានទំនាក់ទំនងជាមួយអ្នកដទៃ។

ប្រភព៖ Skydoor

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: