ដំណឹងដ៏ក្រៀមក្រំលោក Ryuichi Sakamoto បានទទួលមរណភាពក្នុងអាយុ ៧១ ឆ្នាំ
ដំណឹងដ៏ក្រៀមក្រំអ្នកនិពន្ធចម្រៀង តារាសម្តែង និងផលិតករតន្ត្រីជប៉ុន លោក Ryuichi Sakamoto ដែលគេហៅថា “ស្តេចចម្រៀងខ្សែភាពយន្ត” បានទទួលមរណភាពក្នុងអាយុ ៧១ ឆ្នាំដោយសារជំងឺមហារីក។
យោងតាម Reuters កាលពីថ្ងៃទី ២ ខែមេសា បានប្រកាសពីដំណឹងមរណភាពរបស់លោក Ryuichi Sakamoto ។ តាមព័ត៌មានអ្នកនិពន្ធរូបនេះបានទទួលមរណៈភាពកាលពីថ្ងៃទី ២៨ ខែមីនា ប៉ុន្តែរហូតមកដល់ពេលនេះទើបព័ត៌មានត្រូវបានប្រកាសជាសាធារណៈ។
លោក Ryuichi Sakamoto មានគេស្គាល់ច្រើនតាមរយៈការសម្តែង និងការងាររបស់គាត់ក្នុងក្រុមតន្ត្រីអេឡិចត្រូនិក Yellow Magix Orchestra (YMO) ដែលគាត់ចូលរួមបង្កើត។ “គាត់នៅជាមួយនឹងតន្រ្តីរហូតដល់វេលាចុងក្រោយ” ក្រុមហ៊ុនថតសំឡេង Avex – ជាកន្លែងដែលលោក Ryuichi Sakamoto ធ្វើការបានបង្ហោះនៅលើគេហទំព័រ។
អ្នកនិពន្ធតន្រ្តីលោក Ryuichi Sakamoto
ថ្វីត្បិតតែមានជំងឺកាចសាហាវ អ្នកនិពន្ធរូបនេះនៅតែបន្តការងាររបស់ខ្លួនក្នុងបន្ទប់ថតសំឡេងនៅផ្ទះ។ លោកមិនធ្លាប់បោះបង់តន្រ្តីនោះទេ ទោះសុខភាពមិនដូចមុនក៏ដោយ។
សិល្បករជាច្រើនបានបង្ហាញអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះមរណភាពរបស់អ្នកនិពន្ធដ៏ល្បីលោក Ryuichi Sakamoto ។ អ្នកលេងហ្គីតា Johnny Marr ហៅលោក Ryuichi Sakamoto ថា “សិល្បករដ៏ឆ្នើមមួយរូប និងជានិរន្តរ៍” ។
ដោយបានលេងព្យាណូតាំងពីក្មេង លោក Ryuichi Sakamoto ជាមនុស្សស្រលាញ់តន្រ្តី និងរស់នៅដើម្បីតន្រ្តីរហូតមក។ លោកចាត់ទុកអ្នកនិពន្ធជនជាតិបារាំង Claude Debussy ជានិមិត្តរូបរបស់ខ្លួន។ គាត់រៀនខាងផ្នែកតន្រ្តីស្រុកស្រែនៅសាកលវិទ្យាល័យវិចិត្រសិល្បៈ និងតន្ត្រីជាតិ Tokyo ជាពិសេសចាប់អារម្មណ៍តន្ត្រីប្រពៃណីខេត្ត Okinawa ជប៉ុន ក៏ដូចជាតន្ត្រីប្រពៃណីរបស់ឥណ្ឌា និងអាហ្វ្រិកផងដែរ។
គាត់ទទួលបានសមិទ្ធផលជាច្រើនក្នុងអាជីពរបស់ខ្លួន និពន្ធក្នុងរឿង “Merry Christmas, Mr. Lawrence” ដែលបង្ហាញពីជំហានដំបូងក្នុងនាមជាតារាសម្ដែង និងចម្រៀងក្នុងភាពយន្តរបស់គាត់។ បន្ទាប់មកលោកចូលរួមនិពន្ធចម្រៀងភាពយន្តជាច្រើនទៀតដូចជា៖ “The Sheltering Sky” “Little Buddha” “The Last Emperor” ជាដើម។
លោកបានទទួលរង្វាន់ Oscar សម្រាប់បទភ្លេងក្នុងខ្សែភាពយន្ត “The Last Emperor” ក្នុងឆ្នាំ ១៩៨៧ ។ ក្រៅពីនេះ គាត់ក៏ទទួលបានរង្វាន់ BAFTA ចំនួន ១ រង្វាន់ Grammy ចំនួន ១ និងរង្វាន់ Golden Globe ចំនួន ២ ផងដែរ។
សិល្បករជាច្រើនចូលរួមកាន់ទុក្ខ នឹករលឹកដល់លោក Ryuichi Sakamoto ។
ប្រភព៖ Skydoor