រស់នៅជាមួយគ្នារយៈពេល ៦០ ឆ្នាំ គន្លឹះរបស់ប្តីប្រពន្ធចំណាស់ក្នុងការរក្សា “សុភមង្គល” គ្រួសារ
ជីវិតពេលចាស់ទៅរបស់លោកតា Shuichi និងលោកយាយ Eiko ជាផ្លែផ្កានៃជីវិតរបស់ពួកគាត់។
លោកតា Shuichi Tsubata និងលោកយាយ Eiko Tsubata
មនុស្សជាច្រើនតែងនិយាយថា៖ “ធ្វើការនៅទីក្រុងហត់ពេកហើយ គ្មានសុភមង្គល ចាំពេលមានលុយទៅនៅតំបន់ជនបទដែលពោរពេញដោយធម្មជាតិ រីករាយនឹងជីវិតចូលនិវត្តន៍សុខសាន្ត” ។
ជីវិតពិតជាខ្លីណាស់ នៅថ្ងៃណាមួយយើងនឹងចាស់ទៅ ដោយគ្រាន់តែសង្ឃឹមថាអាចនៅជាមួយមនុស្សដែលយើងស្រលាញ់ ស្រដៀងនឹងប្តីប្រពន្ធជនជាតិជប៉ុនចំណាស់ខាងក្រោមនេះ។
លោកតា Shuichi Tsubata និងលោកយាយ Eiko Tsubata
លោកតា Shuichi Tsubata មានអាយុ ៩០ ឆ្នាំ ចំណែកលោកយាយ Eiko Tsubata អាយុ ៨៧ ឆ្នាំ។
កាលពីជាង ៤០ ឆ្នាំមុន ពួកគាត់បានទិញដីមួយកន្លែង ហើយសាងសង់ផ្ទះឈើតូចមួយនៅតំបន់ជាយក្រុង Nagoya ប្រទេសជប៉ុន។ នៅជុំវិញមានបន្លែមើមជាង ៧០ ប្រភេទ និងដើមឈើហូបផ្លែ ៥០ ប្រភេទ។ ពួកគាត់ទាំងពីរដាំ និងផ្គត់ផ្គង់ដោយខ្លួនឯង។
ជីវិតមានភាពសាមញ្ញ ពោរពេញដោយធម្មជាតិ។
ជារៀងរាល់ព្រឹក លោកតា Shuichi និងលោកយាយ Eiko ចេញទៅសួនជីកដី ដកស្មៅ បោសស្លឹកឈើជ្រុះ និងថែទាំចម្ការបន្លែ។ ក្នុងចម្ការមានផ្លែក្រូច ល្វា ជម្ពូ ឆឺរី ។ល។ ជាម្លប់បាំងប្តីប្រពន្ធចំណាស់ពីពន្លឺព្រះអាទិត្យ។
ដើមឆឺរីមានអាយុ ៤០ ឆ្នាំមកហើយ ដោយដាំតាំងពីពេលដែលលោកតា Shuichi និងលោកយាយ Eiko ចាប់ផ្តើមមករស់នៅទីនេះ។ ជារៀងរាល់រដូវផ្លែទុំ ពួកគាត់អាចបេះផ្លែឆឺរីពេញកន្ត្រក។
រៀងរាល់ព្រឹក លោកយាយ Eiko ចម្អិនអាហារពីរចំណែកខុសគ្នា។ លោកយាយ Eiko ចូលចិត្តហូបសាំងវិចជាមួយតំណាប់ ចំណែកលោកតា Shuichi ចូលចិត្តហូបបាយ។ ប្តីប្រពន្ធគ្រាន់តែយកចិត្តទុកដាក់ និងយោគយល់គ្នាទៅវិញទៅមក មិនថាខុសគ្នាយ៉ាងណាក៏អាចចុះសម្រុងនឹងគ្នាដែរ។
ពេលល្ងាចទំនេរ លោកតា Shuichi តែងតែសរសេរសំបុត្រ កត់ត្រាពេលវេលាដែលបានកើតឡើងក្នុងកំណត់ហេតុប្រចាំថ្ងៃ ហើយថែមទាំងបង្ហាញពីមុខម្ហូបដែលប្រពន្ធចម្អិនជាមួយនឹងរូបភាពគួរឲ្យស្រលាញ់។
លោកតា Shuichi បាននិយាយថា៖ “កត់ត្រាពេលវេលដែលមានតម្លៃ ថែរក្សាពេលវេលានោះ អ្នកនឹងឃើញថាជីវិតពិតជាស្រស់ស្អាតខ្លាំងណាស់” ។
លោកយាយ Eiko ជាស្រ្តីម្នាក់ដែលស្លូតបូត និងយល់ពីចិត្តអ្នកដទៃ។
ក្រៅពីអាហារ ៣ ពេលក្នុង ១ ថ្ងៃ លោកយាយ Eiko ថែមទាំងធ្វើទឹកផ្លែឈើគ្រប់មុខ តំណាប់ ទឹកដោះគោជូរ និងនំ។
អាហារឆ្ងាញ់ត្រូវតែតុបតែងឲ្យបានស្អាត ថ្វីត្បិតគ្រាន់តែជាអាហារប្រចាំថ្ងៃធម្មតា យ៉ាងណាលោកយាយតែងតែធ្វើឲ្យមនុស្សនៅជុំវិញសរសើរ។
លោកយាយ Eiko ញញឹម ហើយនិយាយថា៖ “ទទួលទានអាហារជារឿងសំខាន់បំផុតក្នុងជីវិត គួរបរិភោគអាហារតាមរដូវ គ្រឿងផ្សំខ្លះអាចបរិភោគបានតែ ១ ទៅ ២ ដងក្នុងមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែរសជាតិធ្វើឲ្យយើងចេះតែចង់ហូប” ។
ជីវិតរស់នៅតាមរដូវកាល ពេលខ្លះរវល់ ពេលខ្លះទំនេរ។ ឧទាហរណ៍រដូវក្តៅងាយនឹងចាញ់ថ្ងៃ ដូច្នេះប្តីប្រពន្ធចំណាស់ក្រោកពីម៉ោង ៤ ទៀបភ្លឺ ហូបចេក ហើយចេញទៅសួនធ្វើរហូតដល់ម៉ោង ៥ ព្រឹក។ នៅពេលធ្វើហើយទទួលទានអាហារពេលព្រឹក បន្ទាប់មកគេងថ្ងៃរហូតដល់ល្ងាច។
ដើមឈើហូបផ្លែជាង ១៨០ ដើមនៅជុំវិញផ្ទះ ថែទាំដើមទាំងនេះមិនមែនជារឿងងាយនោះទេ។ ប៉ុន្តែដើមឈើទាំងនេះបានការពារលោកតា Shuichi និងលោកយាយ Eiko ជាង ៤០ ឆ្នាំមកហើយ។ នៅនិទាឃរដូវ ផ្ការីកជាមួយនឹងស្លឹកឈើបៃតង រដូវក្តៅជាម្លប់ការពារកម្តៅព្រះអាទិត្យ រដូវស្លឹកឈើជ្រុះសួនពោរពេញទៅដោយស្លឹកឈើក្រហម រដូវរងាស្លឹកឈើធ្លាក់ពេញលើដី។
អំឡុងពេល ៦០ ឆ្នាំមិនធ្លាប់ឈ្លោះប្រកែកគ្នា ស្នេហាដូចជាទឹកហូរស្ងប់ស្ងាត់។
លោកតា Shuichi និងលោកយាយ Eiko កាន់ដៃគ្នាអស់រយៈពេលជាង ៦០ ឆ្នាំមកហើយ ប៉ុន្តែកម្រនឹងមានជម្លោះណាស់។ គន្លឹះសំខាន់ត្រូវចេះលើកទឹកចិត្ត និងសរសើរគ្នាទៅវិញទៅមក ទន់ភ្លន់ និងក្តីស្រលាញ់។
ក្នុងបទសម្ភាសន៍មួយ លោកតា Shuichi និយាយថា៖ “យាយជាមនុស្សស្រីដែលល្អបំផុតសម្រាប់ខ្ញុំ” ។
លោកយាយ Eiko ដែលអង្គុយក្បែរនោះញញឹមយ៉ាងទន់ភ្លន់។ សក់របស់ពួកគាត់ទាំងពីរប្រែទៅជាសអស់ហើយ ប៉ុន្តែស្នាមញញឹមរបស់ពួកគាត់ទាំងពីរធ្វើឱ្យយើងមានអារម្មណ៍ថា ស្នេហានៅតែដូចដើម។
រាល់ពេលហូបម្ហូបដែលលោកយាយ Eiko ចម្អិន លោកតា Shuichi តែងតែសរសើរថាឆ្ងាញ់ ហើយសម្រាប់លោកយាយ Eiko ការសរសើរជាអំណោយដ៏ធំបំផុតដែលស្វាមីផ្តល់ឱ្យភរិយា។
លោកយាយ Eiko និយាយថា៖ “គាត់មិនដែលជ្រៀតជ្រែកសេរីភាពរបស់ខ្ញុំឡើយ ខ្ញុំចង់ធ្វើអ្វីក៏ធ្វើនោះ ទិញអ្វីក៏បាន។ គាត់តែងតែគាំទ្រខ្ញុំ ចំណុចនេះពិតជាគួរអោយគោរពណាស់” ។
ចំណែកលោកតា Shuichi តែងតែពិគ្រោះជាមួយលោកយាយ Eiko មុនពេលសម្រេចចិត្ត ឬធ្វើអ្វីម្យ៉ាង។
ភាពអត់ឱន និងជួយគ្នាទៅវិញទៅមកជាចំណងជួយឱ្យទំនាក់ទំនងប្តីប្រពន្ធកាន់តែរឹងមាំ។
លោកយាយ Eiko តែងតែភ្លេចឈ្មោះប្រភេទដើមឈើក្នុងសួន លោកតា Shuichi ស្រាប់តែប្រើក្តារបន្ទះឈើពណ៌លឿងតូចធ្វើជា “ផ្លាកឈ្មោះ” សម្រាប់បន្លែ និងផ្លែឈើ។ លោកតា Shuichi ក៏បានធ្វើផ្ទាំងចំណាំជាច្រើនទៀតដូចជា “កំពុងដាំទឹកក្ដៅ” “កុំភ្លេចបិទហ្គាស” ដើម្បីអោយប្រពន្ធចាំ និងប្រុងប្រយ័ត្ន។
បង្វែរបញ្ហាតូចៗក្នុងជីវិតទៅ “ការសន្ទនាដោយពាក្យសំដី” ។ នេះជាវិធីមួយសម្រាប់ប្តីប្រពន្ធចំណាស់កាត់បន្ថយការយល់ច្រឡំ និងធានាថាអាចយកចិត្តទុកដាក់គ្នាទៅវិញទៅមក។
ដូច្នេះ តើសុភមង្គលជាអ្វី? សុភមង្គលស្ថិតក្នុងរឿងដែលតូចតាចបំផុត ជាភាពស្រុះស្រួលគ្នា និងរីករាយរស់នៅជាមួយគ្នាក្រោមដំបូលផ្ទះតែមួយ។
អំឡុងពេលចុងក្រោយជាផ្លែផ្កានៃជីវិតផ្អែមល្ហែម។
ជាង ៦០ ឆ្នាំរៀបការ លោកតា Shuichi និងលោកយាយ Eiko ដូចជាមនុស្សពីរនាក់មានចិត្តតែមួយ។ ស្នេហាដែលស្អាតបំផុតមិនមែនជាយុវវ័យដែលរស់អស់ពីចិត្តនោះទេ ប៉ុន្តែជាដៃគូយូរអង្វែងដូចជាទឹកហូរអស់មួយជីវិត។
ពេលមកដល់អាយុនេះ យ៉ាងហោចណាស់ក៏យល់ពាក្យថា “កើតចាស់ឈឺស្លាប់” ហើយក៏កាន់តែច្បាស់ដែរថា អ្វីសំខាន់គួរថែរក្សា។
ប្តីប្រពន្ធចំណាស់កម្រនិយាយពាក្យផ្អែមល្ហែមដាក់គ្នាណាស់ ប៉ុន្តែការយកចិត្តទុកដាក់ និងក្តីស្រលាញ់ដែលពួកគាត់ទាំងពីរបង្ហាញតាមរយៈជីវិតប្រចាំថ្ងៃ។ អ្វីដែលសំខាន់បំផុតគឺក្រសែភ្នែកពោរពេញដោយក្ដីស្រឡាញ់ពេលពួកគាត់សម្លឹងមើលគ្នា។ យូរឆ្នាំកន្លងទៅ រឿងដែលរ៉ូមែនទិកបំផុតគឺចាស់ទៅជាមួយនឹងមនុស្សដែលខ្លួនស្រលាញ់។
ទោះជាយ៉ាងណា ថ្ងៃដែលឃ្លាតឆ្ងាយគ្នានឹងមកដល់។
លោកតា Shuichi បានចាកចេញទៅពេលសំរានថ្ងៃដូចរាល់ដង។
ថ្វីត្បិតែដឹងថា នៅថ្ងៃណាមួយត្រូវនិយាយពាក្យលា ប៉ុន្តែលោកយាយ Eiko នៅតែទប់អារម្មណ៍ឈឺចាប់មិនបាន ហើយយំ។
មុនពេលចាកចេញ លោកតា Shuichi បាននិយាយថា៖ “កាលនៅក្មេង ធ្វើជាស្ថាបត្យករមានមោទនភាពណាស់ សប្បាយចិត្តណាស់។ ពេលចាស់ទៅ ដាំបន្លែនៅលើដីរបស់ខ្លួនក៏ជាប្រភេទសុភមង្គលមួយដែរ” ។
ដោយជឿថាអាចជួបគ្នាឡើងវិញ លោកយាយ Eiko បន្តរស់នៅដូចមុន ដោយធ្វើម្ហូបឆ្ងាញ់ៗ និងមើលថែសួន។
“ផ្ទះជាអំណោយដ៏មានតម្លៃក្នុងជីវិត” នេះជាប្រយោគដែលលោកតា Shuichi ចូលចិត្តបំផុត ហើយក៏ជាទស្សនៈជីវិតដែលលោកយាយ Eiko កំពុងតស៊ូផងដែរ។
ថ្មីៗនេះលោកយាយ Eiko ក៏បានទទួលមរណៈភាពក្នុងអាយុ ៩០ ឆ្នាំ។ មុនពេលចាកចេញ គាត់តែងតែប្រាប់កូនស្រីថា៖ “ម៉ាក់មិនអាចទុកអោយឪពុកកូនចាំយូរពេកនោះទេ” ។
ជីវិតដែលស្រស់ស្អាតគ្រាន់តែជាផ្ទះមួយដែលមានមនុស្សពីរនាក់ អាហារ ៣ ពេល ៤ រដូវកាល។ ជីវិតប្រចាំថ្ងៃដ៏កក់ក្តៅរបស់លោកតា Shuichi និងលោកយាយ Eiko ត្រូវបានកត់ត្រាក្នុងភាពយន្តឯកសារ “ផ្លែផ្កាផ្អែមល្ហែមនៃជីវិតមនុស្ស” ។
“ខ្យល់បក់ ស្លឹកឈើស្ងួតធ្លាក់ ធ្វើឱ្យដីមានជីជាតិ ផ្លែផ្ការីកពេញមែក។ ការខិតខំមិនឈប់ឈរ មិនលឿន មិនយឺត ផ្លែផ្កាផ្អែមល្ហែមនៃជីវិតមនុស្ស” ។ ជីវិតពេលចាស់ទៅរបស់លោកតា Shuichi និងលោកយាយ Eiko ជាផ្លែផ្កានៃជីវិតរបស់ពួកគាត់។
ប្រភព៖ Zhihu