ក្រុម​ហ៊ុន​ជប៉ុន​បង្កើត​បច្ចេក​វិទ្យា AI ជួយ​បោស​​សម្អាត​​មីន​

ក្រុមហ៊ុនអេឡិចត្រូនិកជប៉ុន NEC បានបង្កើតបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលអាចជួយស្វែងរកកន្លែង​កប់​​មីន

បុគ្គលិកកាកបាទក្រហមអន្តរជាតិបោសសម្អាតមីននៅប្រទេសអុីរ៉ាក់ក្នុងឆ្នាំ ២០១៧ ។ រូបភាព៖ Kyodo

បច្ចេកវិទ្យា AI នេះអាចជួយបោសសម្អាតមីនយ៉ាងមានប្រសិទ្ធភាព និងកាត់បន្ថយចំនួនអ្នកស្លាប់ប្រចាំឆ្នាំដោយ​សារ​គ្រឿង​ផ្ទុះ​ក្រោម​ដី។ ក្រុមហ៊ុន​ជប៉ុន​បានអោយដឹងថា ពួក​គេ​កំណត់​គោលដៅផ្គត់ផ្គង់សេវាកម្មព្យាករណ៍​មីន​ដែល​​ដំណើរ​​ការ​​ដោយ AI ដល់រដ្ឋាភិបាល និងអង្គការអន្តរជាតិនៅខែមីនា ឆ្នាំ ២០២៤ ខាង​មុខ​នេះ។

ក្នុងការសាកល្បងដែលធ្វើឡើងកាលពីខែមេសាដល់ខែតុលា ឆ្នាំ ២០២២ នៅតំបន់សង្រ្គាមជុំវិញអាស៊ី ក្រុមហ៊ុន NEC បាន​ទទួល​ជោគជ័យ​ក្នុង​ការ​​ព្យាករ​ណ៍​កន្លែង​បង្កប់​​មីនតាមតំបន់​មួយ​ចំនួន ក្រោយពេលប្រើទិន្នន័យសណ្ឋាន​ដី​បើក​ចំហ ជាមួយនឹងមូលដ្ឋានយោធាដែលផ្គត់ផ្គង់ដោយកាកបាទក្រហមអន្តរជាតិ រួមទាំងព័ត៌មានរបស់ប្រជា​ជន។

ក្រុមហ៊ុន NEC បានអោយដឹងថា ពេលប្រើបច្ចេកវិទ្យា AI នេះ រយៈពេលស្វែងរក ៨០០ កន្លែងបង្កប់មីនអាចត្រូវបានកាត់បន្ថយ ពីរាប់ឆ្នាំមកសល់ត្រឹម​ប៉ុន្មានម៉ោង។ ថ្វីត្បិតតែត្រូវការអ្នកកំណត់ទីតាំងបង្កប់មីនដោយប្រើឧបករណ៍ យ៉ាង​ណា NEC សង្ឃឹម​ថា បច្ចេក​វិទ្យា AI របស់ពួកគេនឹងកាត់បន្ថយដំណើរការដោះមីន។

ក្រុមហ៊ុនក៏មានបំណងកែលម្អល្បឿន និងកម្រិតរកឃើញខ្ពស់នៃបច្ចេកវិទ្យា AI ព្យាករណ៍ទីតាំងបង្កប់មីន ដោយរួមបញ្ចូលប្រភពព័ត៌មានផ្សេងៗគ្នា ឧទាហរណ៍ទិន្នន័យដែលបានរកឃើញដោយយន្តហោះបើកស្វ័យប្រវត្តិ និងផ្កាយ​រណប​ដែល​ប្រមូល​បាន។

យោងទៅតាម NEC ក្នុងឆ្នាំ ២០២១ សំណល់សង្រ្គាមដូចជាមីន និងគ្រាប់បែកចង្កោមបានសម្លាប់មនុស្សយ៉ាង​ហោច​ណាស់ ៥.៥៥៤ នាក់​នៅ​​លើ​​ពិភព​​លោក ដែល​ភាគ​ច្រើន​ជា​ប្រជាជន​ធម្មតា។

ប្រភព៖ NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: