ផ្ទាំង​គំនូរ “Knife Behind Back” របស់​វិចិត្រករ​ជន​ជាតិ​ជប៉ុន​មាន​តម្លៃ ២៥ លាន​ដុល្លារ

ផ្ទាំងគំនូរ “Knife Behind Back” របស់វិចិត្រករ Yoshitomo Nara រក្សាកំណត់ត្រាស្នាដៃគំនូរសហសម័យជប៉ុនដែលត្រូវ​បាន​ដេញ​ថ្លៃ​ខ្ពស់​បំផុត ​មាន​តម្លៃជិត ២៥ លានដុល្លារ។

បើតាម HK01 បច្ចុប្បន្នអ្នកចូលចិត្តគំនូរចាប់អារម្មណ៍លើ​ស្នាដៃរបស់វិចិត្រករ Yoshitomo Nara ផ្ទាំងគំនូរ Looking for a Treasure (ស្វែងរកកំណប់) ត្រូវបានដេញថ្លៃនៅហុងកុងនៅថ្ងៃទី ៣០ ខែមីនា។ អ្នកជំនាញបានសន្មតថា គំនូរ​មាន​តម្លៃ​ជាង ៧០ លាន​​ហុង​កុង (ជិត ៩ លាន​ដុល្លារ)។

ក្នុង​ឱកាស​នេះ ទំព័រ The Value បានប្រមូលផ្តុំស្នាដៃដែលត្រូវបានដេញថ្លៃខ្ពស់របស់វិចិត្រករ Yoshitomo Nara ។ ក្នុងនោះគំនូរដែលមានតម្លៃបំផុតគឺ Knife Behind Back (កាំបិតលាក់ក្រោយខ្នង) មានតម្លៃ ១៩៥,៧ លាន​ហុង​កុង (ជិត ២៥ លានដុល្លារ) ក្នុងឆ្នាំ ២០១៩ ។ ជាមួយនឹងទំហំ 234 x 208 cm ដែលជាគំនូរមួយក្នុងចំណោមគំនូរធំបំផុត​របស់​វិចិត្រ​ករ។ ស្នាដៃដែលបញ្ចប់នៅឆ្នាំ ២០០០ បន្ទាប់ពីលោកបានបញ្ចប់ការ​សិក្សា​សិល្បៈ​រយៈពេល ១២ ឆ្នាំនៅ​​ប្រទេស​​អាល្លឺម៉ង់ ហើយ​ត្រឡប់​ទៅ​រស់​នៅ​ជប៉ុន​វិញ។

គំនូរ Knife Behind Back ។ រូបភាព៖ The Value

ស្នាដៃដែលបង្ហាញពីក្មេងស្រីស្លៀកសំពត់ពណ៌ក្រហម មិនបញ្ចូលក្នុងបរិបទអ្វីទាំងអស់ ទឹក​មុខ​មើលទៅដូចជាមិនពេញចិត្ត។ រូបភាព​កាំបិត​មិន​ត្រូវ​បាន​បង្ហាញ​នោះ​ឡើយ ប៉ុន្តែបែរជាធ្វើឱ្យទស្សនិកជនមានអារម្មណ៍ថា “មានកាំបិតគ្រប់ទីកន្លែង” បង្កើតបរិយាកាសតានតឹង ហាក់ដូចជាជម្លោះអាចផ្ទុះឡើងគ្រប់ពេលអញ្ចឹង។ ល្បិចសិល្បៈនេះបំផុសឱ្យមានការចង់ដឹងចង់ឃើញ អាថ៌កំបាំង ធ្វើឱ្យស្នាដៃកាន់​តែ​ពិសេស។

លោក Yoshitomo Nara ធ្លាប់បានអោយដឹងថា គំនូរ Knife Behind Back ក៏ដូចជាស្នាដៃ​ដទៃ​ទៀត​ សុទ្ធតែបង្ហាញ​ពី​អារម្មណ៍​ក្នុង​ចិត្ត​របស់​វិចិត្រករ ជារបៀបដែលគាត់និយាយជាមួយខ្លួនឯង។ វិចិត្រករបាននិយាយថា “ពេល​និយាយ ខ្ញុំ​តែង​តែ​នឹក​ឃើញកាលនៅក្មេង។ កាលនោះ ខ្ញុំ​មិន​ដែល​អាន​សៀវ​ភៅ​ពិបាក​យល់ ហើយក៏មិនបាន​ខំ​រៀន​ផង​ដែរ។ នោះហើយជាពេលដែលខ្ញុំអាចបង្ហាញពីអារម្មណ៍ មនោសញ្ចេតនារបស់ខ្លួនតាមលក្ខណៈដែលល្អ​បំផុត” ។

រូបភាពក្មេងស្រីដែលមានក្រសែភ្នែកមុតស្រួចបង្ហាញច្រើនលើស្នាដៃរបស់វិចិត្រករ Yoshitomo Nara ។ បើតាមលោក​វិចិត្រករ ស្នាដៃរបស់គាត់បង្ហាញពីការប្រឈមមុខនឹងខ្លួនឯង មិនមែនចំពោះអ្នកដទៃនោះទេ។ លោកយល់​ថា មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​មាន​ភាព​ឯកកោ និង​អារម្មណ៍​ច្របូក​ច្របល់។

ស្ទីលគំនូររបស់វិចិត្រករ Yoshitomo Nara  សាមញ្ញ ប៉ូន្តែសម្បូរទៅដោយនិមិត្តសញ្ញា និងការបំផុសគំនិត។ វិចិត្រ​ករ​ចង់​ធ្វើ​ឱ្យ​ការ​ស្រមើល​ស្រមៃ​របស់​អ្នក​មើល​សកម្មតាមរយៈរូបភាពប្រៀបធៀប។ ខ្លឹមសារគំនូរទាក់ទងនឹងវ័យកុមារ​ភាព​របស់​វិចិត្រ​ករ។

វិចិត្រករ Yoshitomo Nara និងស្នាដៃរបស់លោក។ រូបភាព៖ T Japan

វិចិត្រកររូបនេះកើតនៅឆ្នាំ ១៩៥៩ ខេត្ត Aomori ប្រទេសជប៉ុន ក្នុងគ្រួសារសាមញ្ញ។ កាលពីក្មេង ឪពុកម្តាយរវល់​ទៅ​ធ្វើ​ការ លោក Yoshitomo Nara ត្រូវទៅរៀន និងលេងដោយខ្លួនឯង។ នៅពេលនោះ រឿង​សង្គ្រាម​បានដិតជាប់​គំនិត​របស់​គាត់។

តាំងពីក្មេង វិចិត្រករ Yoshitomo Nara មានទឹកមុខស្រងូតស្រងាត់ តែងតែសម្លឹងមើលមេឃ និយាយជាមួយឆ្កែ ឆ្មា ឬជជែកជាមួយដើមឈើ។ គាត់​មិន​ចូល​ចិត្ត​និយាយ តែងតែគេចពីអ្នកដទៃ ចូលចិត្តសរសេរ និងគូររូបផ្សេង​ៗ​លើ​សៀវ​ភៅ។

ក្រោយពេលបញ្ចប់វិទ្យាល័យ វិចិត្រករ Yoshitomo Nara រៀនផ្នែកសិល្បៈ​ប៉ុន្មាន​ឆ្នាំ​នៅ​​ជប៉ុន បន្ទាប់​មក​បាន​ទៅ​សិក្សា​​នៅ​​ប្រទេស​​អាល្លឺម៉ង់។ អំឡុងពេល ១២ ឆ្នាំនៅអឺរ៉ុប អារម្មណ៍ដិតជាប់យ៉ាងជ្រាលជ្រៅបំផុតដែលបានបន្សល់ទុក​ចំពោះ​វិចិត្រករ​គឺភាពឯកកោ។ គាត់​ធ្លាប់​និយាយ​ថា​៖ “កាល​នៅ​ប្រទេស​​អាឡឺម៉ង់ ខ្ញុំ​នៅ​ម្នាក់​ឯង​ដូច​កាល​ពីក្មេង ផ្ទៃមេឃពណ៌​ប្រផេះ ត្រជាក់​ខ្លាំងណាស់។ ខ្ញុំស្ទើរតែមិនទាក់ទងជាមួយនរណាទាំងអស់ ខ្ញុំមិនចូលចិត្តនិយាយ ប៉ុន្តែ​គិត​ច្រើន។ ខ្ញុំមិនអាចនិយាយពីអារម្មណ៍របស់ខ្លួន ភាពឯកកោ និងគម្លាតឆ្ងាយពីមនុស្សជាកម្លាំងជម្រុញអោយ​ខ្ញុំ​គូរ​គំនូរ” ។

ប្រភព៖ The Value, Yicai

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: