តាម​ការ​ព្យាករណ៍​​នៅឆ្នាំ ២០៤០ ជប៉ុន​អាច​នឹង​ខ្វះ​កម្លាំង​កម្មករ​ជាង ១១ លាន​នាក់

ទំព័រ Bloomberg បានដកស្រង់ការស្រាវជ្រាវដែលប្រកាសដោយអង្គភាព Recruit Works បង្ហាញថា ជប៉ុនអាចនឹង​ខ្វះ​កម្មករ​ជាង ១១ លាន​នាក់នៅឆ្នាំ ២០៤០ ជាបញ្ហាផ្នែកសេដ្ឋកិច្ចដ៏សំខាន់ដែលប្រទេសនេះត្រូវប្រឈមនឹងចំនួន​ប្រជាជន​វ័យ​ចំណាស់​កាន់​តែ​ច្រើន។

យោងតាមការស្រាវជ្រាវ ចំនួនប្រជាជនក្នុងចន្លោះអាយុធ្វើការត្រូវគេរំពឹងថានឹងធ្លាក់ចុះយ៉ាងឆាប់នៅឆ្នាំ ២០២៧ ។ ប្រភពផ្គត់ផ្គង់កម្លាំងពលកម្មនៅឆ្នាំ ២០៤០ នឹងថយចុះ ១២% បើធៀបនឹងឆ្នាំ ២០២២ ទោះបីជាតម្រូវការថេរក៏​ដោយ។

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានចាត់ទុកថា អត្រាកំណើតជាអាទិភាពដំបូង។ គាត់ក៏បានសន្យា​ថា​នឹង​ចំណាយ​ប្រហែល ១ ទ្រីលានយ៉េន (ជាង ៧,៥ ពាន់លានដុល្លារ) បណ្តុះបណ្តាលកម្មករសម្រាប់ការងារដែលទាម​ទារ​ជំនាញ​ខ្ពស់​ក្នុង​រយៈ​ពេល ៥ ឆ្នាំខាងមុខ។

ទោះជាយ៉ាងណា Recruit Works បានប៉ាន់ប្រមាណថានៅឆ្នាំ ២០៤០ ចំនួនប្រជាជនស្ថិតក្នុងចន្លោះធ្វើការសល់ត្រឹម​តែ ៥៩,៨ លាននាក់ប៉ុណ្ណោះ។ ការស្រាវជ្រាវក៏បានចង្អុលបង្ហាញថា ស្ថានភាពអាចនឹងធ្ងន់ធ្ងរខាងផ្នែកដែលត្រូវ​ការ​កម្លាំង​ពលកម្ម​ច្រើន​ដូចជាការដឹកជញ្ជូន និងសំណង់ រួមទាំងវិស័យសុខាភិបាល ដោយសារចំនួនប្រជា​ជន​វ័យ​ចំណាស់។

ដោយមើលឃើញពីស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះរបស់ជប៉ុន ជាមួយនឹងវិបត្តិចំនួនប្រជាជនវ័យចំណាស់នៅជុំវិញពិភព​លោក ការ​បង្កើន​ចំនួន​ពលករ​ចំណាកស្រុកមិនមែនជាដំណោះស្រាយយូរអង្វែងនោះទេ នេះបើយោងតាមការ​ស្រាវ​ជ្រាវ។

ចំនួនប្រជាជនវ័យចំណាស់ប៉ះពាល់យ៉ាងខ្លាំងដល់ចំនួនកម្មករជប៉ុន។ រូបភាព៖ The Japan Times

ការស្រាវជ្រាវមុននោះដោយវិទ្យាស្ថានគ្រប់គ្រងតម្លៃជប៉ុន (IVM) បានបង្ហាញថា នៅឆ្នាំ ២០៤០ ប្រទេសនេះត្រូវការ​ពលករ​បរទេស​ចំនួន ៦,៧៤ លាននាក់ ច្រើនជាង ៤ ដងបើធៀបនឹងឆ្នាំ ២០២០ ។ កម្រិតកើនឡើងប្រចាំឆ្នាំជា​មធ្យម​ប្រហែល ១,២៤%។

ម្យ៉ាងវិញទៀត ក៏បានព្យាករណ៍ដែរថា គម្លាតការងារនៅទីក្រុង និងជនបទអាចនឹងអាក្រក់ឡើងផងដែរ។ រហូតដល់​​ឆ្នាំ ២០៤០ ខេត្ត​ក្រុង​ទាំង​អស់ លើកលែងតែទីក្រុងតូក្យូ ប្រឈម​នឹង​កង្វះ​កម្លាំង​ពលកម្ម។ Kyoto ខ្វះ​ខាតប្រមាណ ៣៩% កម្លាំង​ពល​កម្ម ចំណែក Hokkaido ខ្វះ ៣២% ។

អ្វីដែល IVM បានព្យាករណ៍នេះផ្អែក​លើ​ការ​សន្មត​ថា​សេដ្ឋកិច្ច​ជប៉ុនមិនរីកចម្រើន។ រាល់កំណើនណាមួយសុទ្ធតែអាច​ធ្វើ​ឱ្យ​ស្ថាន​ភាព​កង្វះ​ខាត​ធ្ងន់​ធ្ងរ។

ប្រភព៖ Bloomberg

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: