ហេតុការណ៍បុគ្គលិកជប៉ុនម្នាក់បាត់ទំនាក់ទំនងមុនពេលចាកចេញពីប្រទេសចិន
យោងតាមប្រភពព័ត៌មាន បុគ្គលិកជនជាតិជប៉ុនវ័យប្រហែល ៥០ ឆ្នាំ នៃក្រុមហ៊ុនឱសថជប៉ុន Astellas Pharma ដែលត្រូវរដ្ឋាភិបាលចិនឃាត់ខ្លួនព្រោះចោទប្រកាន់ពីបទចារកម្ម បានបាត់ទំនាក់ទំនងនៅថ្ងៃដែលគាត់ត្រៀមត្រឡប់ទៅប្រទេសជប៉ុនវិញ។
កាលពីថ្ងៃច័ន្ទ អ្នកនាំពាក្យក្រសួងការបរទេសចិនបានអោយដឹងថា ពាណិជ្ជកររូបនេះកំពុងត្រូវបានសាកសួរ ដោយសង្ស័យថាបានបំពានច្បាប់ព្រហ្មទណ្ឌ និងច្បាប់ប្រឆាំងចារកម្មរបស់ប្រទេសចិន។
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី ២៧ ខែមីនា ប្រធានខុទ្ទកាល័យ Matsuno Hirokazu បាននិយាយថា “ស្ថានទូតជប៉ុនប្រចាំនៅប្រទេសចិនបានទទួលរបាយការណ៍ពីរដ្ឋាភិបាលចិន។ រដ្ឋាភិបាលជប៉ុនបានជម្រុញអោយភាគីចិនប្រញាប់ដោះលែងពលរដ្ឋជប៉ុន” ។
បុគ្គលិករូបនេះត្រូវបានគេជូនដំណឹងថានឹងត្រឡប់ទៅប្រទេសជប៉ុនក្នុងខែមីនា ដើម្បីចាត់តាំងទៅលើមុខតំណែងផ្សេងទៀត។ យ៉ាងណាមិញ នៅថ្ងៃចេញដំណើរតាមកាលបរិច្ឆេទដែលបានគ្រោងទុក មន្ត្រីជប៉ុនបាត់ទំនាក់ទំនងជាមួយបុគ្គលិករូបនេះ ក្រោយពេលគាត់ចាកចេញពីសណ្ឋាគារមួយ។
នេះជាករណីថ្មីបំផុតក្នុងចំណោមករណីពលរដ្ឋជប៉ុនត្រូវឃុំខ្លួនពីបទចារកម្មតាំងពីឆ្នាំ ២០១៤ នៅពេលដែលច្បាប់ “ប្រឆាំងចារកម្ម” ចូលជាធរមានក្នុងប្រទេសជប៉ុន។ ដោយសារសវនាការត្រូវបានធ្វើឡើងដោយសម្ងាត់ ដូច្នេះអ្នករាល់គ្នាប្រាកដជាមិនទាន់ច្បាស់ថា តើសកម្មភាពអ្វីត្រូវបាត់ទុកជាទង្វើចារកម្ម។
ហេតុការណ៍នេះបានបង្កភាពច្របូកច្របល់ដល់សហគមន៍ជប៉ុននៅប្រទេសចិន។ ប្រជាជនព្រួយបារម្ភថាឧបទ្ទវហេតុនេះអាចនឹងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកាន់តែអាក្រក់ទៅៗនាពេលនេះ។
ប្រភព៖ NHK