អាជីពថ្មីជួយស្រ្តីអោយ “បាត់ខ្លួន” ដោយ​មិន​បន្សល់​ទុក​ដាន​ក្នុង​មួយ​យប់​នៅ​ជប៉ុន

ក្នុងប្រទេសជប៉ុនស្រ្តីដែលទទួលរងអំពើហិង្សា ឬត្រូវគេតាមបានទៅរកសេវាកម្មដែលជួយអោយ “បាត់ខ្លួន” ដោយមិនបន្សល់ទុកដានក្នុងមួយយប់។

នៅទីក្រុង Chiba ដែលមានចម្ងាយជាង ៥០ គីឡូម៉ែត្រពី Tokyo មានបុរសម្នាក់ឈ្មោះ Naoki Iwabuchi ធ្វើការនៅក្នុងការិយាល័យតែមិនមានអ្វីលេចធ្លោនោះទេ។ ដោយស្លៀកឈុតអាវធំពណ៌ខ្មៅ លោក Iwabuchi និយាយអំពីការងារ “yonigeya” ឬ “ការដឹកជញ្ជូនទាំងយប់” ដែលពាក់ព័ន្ធនឹងការជួយឱ្យមនុស្សបាត់ខ្លួនដោយគ្មានដាន។

យោងតាម Statista មនុស្សប្រមាណ ៨ ម៉ឺននាក់ត្រូវបានរាយការណ៍ថាបាត់ខ្លួននៅក្នុងប្រទេសជប៉ុន​ក្នុង​ឆ្នាំ ២០២១ ។ ក្នុងចំណោមនោះមាន “jouhatsu-sha” ឬ “ការរំហួតមនុស្ស” ដែលសំដៅទៅលើអ្នកជ្រើស​រើស​បាត់​ខ្លួន​ដោយ​សារ​តែ​បំណុល ដើម្បីរួចផុតពីអំពើហិង្សាក្នុងគ្រួសារ ឬចាប់ផ្តើមជីវិតថ្មីនៅកន្លែងផ្សេង។

ជារៀងរាល់ឆ្នាំមនុស្សរាប់ម៉ឺននាក់ត្រូវបានរាយការណ៍ថា “បាត់ខ្លួន” នៅក្នុងប្រទេសជប៉ុន។ រូបភាព៖ Reuters

តួនាទីរបស់លោក Iwabuchi ជាការងារមួយក្នុងចំណោមសកម្មភាពជួយអតិថិជន ជាពិសេសស្ត្រីដែលរងអំពើហិង្សា ឬ​ត្រូវ​​គេ​តាមចង់រួចផុតពីសង្គម ហើយត្រូវបានបញ្ជូនទៅកន្លែងមួយទៀតដោយសុវត្ថិភាព។

ទោះជាយ៉ាងណា ការងាររបស់លោក Iwabuchi ក៏ពោរពេញទៅដោយហានិភ័យ និងគ្រោះថ្នាក់ផងដែរ។ ដូច្នេះហើយ គាត់តែងតែយក “កាបូបស្ពាយការពារ” ពណ៌ខ្មៅដ៏អាថ៌កំបាំងតាម។ នៅពេលបើក កាបូបស្ពាយនឹងប្រែទៅជា​ខែល​ដែល​មាន​ស្រទាប់​អាវ​ក្រោះ​ខាង​ក្នុង។ មិនត្រឹម​តែប៉ុណ្ណឹង លោកប្រើឧបករណ៍ស្រដៀងដំបងដែល​អាច​បត់​បាន ដោយ​ប្រើ​ក្នុង​គោល​បំណង​ការ​ពារ​​ខ្លួន។

“ធ្វើដំណើរទាំងយប់ដែលមិនមានសុវត្ថិភាព ខ្ញុំមិនអាចធានាបានថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃខ្លួនមិនជួបបញ្ហានោះទេ” លោក Iwabuchi បានបន្ថែមថា “គាត់តែងតែគិតដល់រឿងដែលអាក្រក់បំផុត” នឹងកើតឡើងចំពោះខ្លួន។

លោក Iwabuchi បានធ្វើការងារនេះរយៈពេល ១៥ ឆ្នាំមកហើយ បន្ទាប់ពីប្រទះឃើញស្រ្តីកាន់​តែ​ច្រើនប្រឈម​មុខ​នឹង​​អំពើ​​ហិង្សា​​ក្នុង​​គ្រួសារ ប៉ុន្តែ “រត់​គេច​ចេញ” ។ គាត់​បាន​សម្រេច​ចិត្ត​ធ្វើ​អន្តរាគមន៍ និងជួយអោយពួកគេបាត់ខ្លួន។

អតិថិជនរបស់លោក Iwabuchi ប្រហែល ៩០% ជាស្រ្តី ចំណែក ១០% ទៀតគឺបុរស។ បច្ចុប្បន្នចំនួនអ្នកដែលព្យាយាម​បាត់​ខ្លួន​ច្រើន​ជាង ៣ ដងមុនពេលជំងឺរាតត្បាតកូវីដ ១៩ ផ្ទុះបើតាមលោក Iwabuchi ។

ដូចដែលបានរាយការណ៍ក្នុងឆ្នាំ ២០០៣ របស់ Los Angeles Times សេវាកម្ម “yonigeya” មានតម្លៃចន្លោះពី ២.០០០ – ២០.០០០ ដុល្លារ អាស្រ័យ​លើ​កម្រិត​ហានិភ័យ និង​ភាព​ស្មុគ​ស្មាញ។ ក្នុងករណីខ្លះ អ្នកដែលជួយអតិថិជនអោយ “បាត់ខ្លួន” ត្រូវបន្លំខ្លួនជាអ្នកសម្អាតបង្អួច ឬអ្នកលក់កន្ទេល tatami ដើម្បីជៀសវាងការចាប់អារម្មណ៍។

នៅពេលដែល “បាត់ខ្លួន” អតិថិជនទាំងនេះអាចរស់នៅដោយអនាមិកបានយ៉ាងងាយនៅកន្លែងផ្សេងទៀតក្នុងប្រទេស​ជប៉ុន ដោយ​មិន​ចាំ​បាច់​ខ្លាច​​អ្នក​ស្គាល់​គ្នា​ដឹង​អំពី​វត្តមាន​របស់​ខ្លួនឡើយ។

សង្គមវិទូ Hiroki Nakamori ធ្លាប់បាននិយាយថា ដោយសារតែភាពឯកជនទទួលបានការគោរពយ៉ាងខ្លាំងនៅក្នុង​ប្រទេស​ជប៉ុន ដូច្នេះ​អ្នកដែលបាត់ខ្លួនអាច​ដក​ប្រាក់​ពី​ម៉ាស៊ីន ATM ដោយ​មិន​បាច់បារម្ភខ្លាចគេរកឃើញ។

លោក Nakamori និយាយថា “ប៉ូលិសនឹងមិនអន្តរាគមន៍ទេ លុះត្រាតែមានហេតុផលដូចជាអ្នកបាត់ខ្លួនប្រព្រឹត្តបទ​ឧក្រិដ្ឋ ឬ​ជួប​ឧបទ្ទវហេតុ។ អ្វីដែលគ្រួសារអាចធ្វើបានត្រឹមចំណាយប្រាក់ច្រើនជួលអ្នកស៊ើបអង្កេត​ឯកជនដើម្បី​ស្វែង​រក​មនុស្ស ឬ​រង់​ចាំប៉ុណ្ណោះ” ។ 

ប្រភព៖ Yahoo News

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: