ស្លៀកឈុតអាវធំ ពាក់ក្រវ៉ាត់ក និងស្បែកជើងស្បែក បុរសមកពីជប៉ុនឡើងកំពូលភ្នំដែលមានកម្ពស់ ៤០៩៥ ម៉ែត្រ
លោក Nobutaka Sada ស្លៀកឈុតអាវធំឡើងភ្នំ Kinabalu ប្រទេសម៉ាឡេស៊ី។ រូបភាព៖ Straitstimes
នៅពេលដែលអ្នកធ្វើដំណើរ ឬឡើងភ្នំ ជ្រើសរើសសម្លៀកបំពាក់ដែលស័ក្តិសមពិតជាសំខាន់ណាស់ ត្រូវត្រៀមមុនពេលចេញដំណើរ ដូចជាអាវក្រៅ ស្រោមដៃ ឬស្បែកជើងកីឡាជាដើម។ ទោះជាយ៉ាងណា តើអ្នកធ្លាប់គិតចង់ស្លៀកឈុតអាវធំ និងស្បែកជើងស្បែកដែរទេ? បុរសមកពីជប៉ុនម្នាក់បានធ្វើអោយមនុស្សជាច្រើនភ្ញាក់ផ្អើលពេលឃើញដំណើរឡើងភ្នំរបស់គាត់។
យោងតាម Straitstimes លោក Nobutaka Sada អាយុ ៤៩ ឆ្នាំ ជាជាងកាត់ដេរនៅប្រទេសជប៉ុន។ គាត់ឡើងភ្នំ Kinabalu ដែលមានកម្ពស់ ៤០៩៥ ម៉ែត្រនៅប្រទេសម៉ាឡេស៊ី ហើយស្លៀកឈុតអាវធំ និងពាក់ស្បែកជើងស្បែក។
វីដេអូដែលត្រូវបានចែករំលែកលើបណ្តាញសង្គមបង្ហាញថា គាត់ដើរឆ្លងកាត់ផ្លូវតូចដោយស្លៀកឈុតអាវធំ និងស្បែកជើងស្បែក ដៃកាន់កាបូបសម្រាប់បុគ្គលិកការិយាល័យ។
រូបភាពដែលចែករំលែកលើបណ្តាញសង្គមបង្ហាញអោយឃើញថា លោក Sada កំពុងឈរនៅលើជម្រាលភ្នំ Kinabalu ដោយរីករាយនឹងទេសភាពភ្នំ។
ពេលឃើញឈុតសម្លៀកបំពាក់របស់គាត់ និងកាបូប គាត់សមថាទៅធ្វើការជាជាងឡើងភ្នំ។ យ៉ាងណានៅទីបំផុត គាត់បានបញ្ចប់ដំណើរឡើងភ្នំដែលខ្ពស់បំផុតរបស់ម៉ាឡេស៊ី ជាមួយនឹងឈុតសម្លៀកបំពាក់ដ៏ពិសេសនេះ។
គាត់បានចែករំលែកលើបណ្តាញសង្គម Twitter របស់ខ្លួនថា “ខ្ញុំនៅក្នុងតង់ក្រោមផ្ទៃមេឃដែលពោរពេញដោយផ្កាយ ព្រះច័ន្ទ។ ពិតជាពិសេសខ្លាំងណាស់” ។
ឈុតស្លៀកបំពាក់របស់លោក Sada ជួយឱ្យគាត់មានអារម្មណ៍កក់ក្តៅ ក្រោមអាកាសធាតុត្រូពិចសើម ទាំងមេឃភ្លៀងផងនោះ។ គាត់ថែមទាំងនិយាយលេងថា ខ្លួនឡើងប្រជុំលើកំពូលភ្នំទាន់ពេលនៅឡើយ។
អ្នកលើកអីវ៉ាន់សួរថាគាត់មកពីណា? គាត់ឆ្លើយបែបកំប្លែងថា “ខ្ញុំមកពីជប៉ុន ខ្ញុំមានកិច្ចប្រជុំអាជីវកម្មមួយនៅលើកំពូលភ្នំ Kinabalu” ។
មនុស្សជាច្រើនភ្ញាក់ផ្អើលចំពោះការធ្វើដំណើរឡើងភ្នំដែលមានកម្ពស់ ៤០៩៥ របស់លោក Sada ទាំងស្លៀកឈុតអាវធំ និងក្រវ៉ាត់ក។
“តើនរណាប្រគល់អាសយដ្ឋានបន្ទប់ប្រជុំអោយគាត់ខុសឬ?” នេះជាភស្តុតាងជាក់ស្តែងចំពោះការខិតខំប្រឹងប្រែង… អ្នកប្រើបណ្តាញសង្គមបានបញ្ចេញមតិ។ យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយឡើយ ដែលបុរសរូបនេះស្លៀកឈុតអាវធំទៅកន្លែងពិសេសៗនោះទេ។
គាត់ធ្លាប់ស្លៀកឈុតអាវធំទៅមុជទឹកនៅសមុទ្រ Genkai ឡើងភ្នំ Shirouma ដែលជាប់ចំណាត់ថ្នាក់លេខ ២៦ នៅជប៉ុន ជិះស្គីទឹកកកនៅ Hokkaido ឬរត់ម៉ារ៉ាតុងនៅ Tokyo ផងដែរ។
ភ្នំ Kinabalu នៅលើកោះ Borneo (ប្រទេសម៉ាឡេស៊ី) មានកម្ពស់ ៤០៩៥ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៍ត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាតំបន់បេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ២០០០ ។
នៅទីនេះមានរុក្ខជាតិខៀវស្រងាត់ និងសត្វប្លែកៗជាច្រើនប្រភេទដែលមិនមាននៅកន្លែងផ្សេង។ នៅជុំវិញតំបន់នោះមានសម្ភារៈបរិក្ខារជាច្រើនដូចជាទឹក ភ្លើងនៅកន្លែងបោះជំរំកណ្តាលភ្នំសម្រាប់បម្រើដល់ភ្ញៀវទេសចរណ៍។
ប្រភព៖ Skydoor