ឈប់សម្រាកលំហែមាតុភាពមានប្រាក់ខែ ហេតុអ្វីបានជាបុរសជប៉ុននៅតែបារម្ភមិនចង់នៅផ្ទះមើលថែទាំកូន?
បុរសជាឪពុកនាំកូនដើរលេងក្នុងសួនដែលមើលទៅរំលឹកដល់ទិដ្ឋភាព “ikumen” ជប៉ុន ឬអាចនិយាយបានថាជាបុរសល្អម្នាក់។
ច្រើនទសវត្សរ៍កន្លងមកនេះ រដ្ឋាភិបាលជប៉ុនបានព្យាយាមពង្រឹងពាក្យ “ikumen” ដើម្បីទប់ទល់នឹងស្ថានភាពភ្លេចបាយ ភ្លេចទឹករបស់បុរស ដែលបណ្តាលឱ្យពួកគេគ្មានពេលសម្រាប់ថែទាំគ្រួសារ ជាពិសេសលើកកម្ពស់អត្រាកំណើតនៅប្រទេសជប៉ុន។
បុរសជប៉ុនមិនហ៊ានឈប់សម្រាកលំហែមាតុភាពទេ ព្រោះខ្លាចប៉ះពាល់ដល់ការងារ។ រូបភាព៖ Asahi Shimbun
សារព័ត៌មាន CNN បានអោយដឹងថា ដើម្បីផ្លាស់ប្តូរស្ថានភាពនេះ នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio ថ្មីៗនេះបានប្រកាសគោលនយោបាយជាបន្តបន្ទាប់ដូចជាបន្ថែមជំនួយក្នុងការចិញ្ចឹមកុមារ ដោយសន្យាផ្តល់ឱ្យកម្មករបុរសចំនួន ៥០% ឈប់សម្រាកលំហែមាតុភាពនៅឆ្នាំ ២០២៥ និងកើនឡើង ៨៥% នៅឆ្នាំ ២០៣០ ធៀបនឹងអត្រាបច្ចុប្បន្ន ១៤% ។
ទោះជាយ៉ាងណា ប្រជាជនជប៉ុនជាច្រើននៅតែមានការសង្ស័យចំពោះប្រសិទ្ធភាពនៃគោលនយោបាយថ្មី ដោយសារតែប្រទេសនេះកំពុងប្រឈមមុខនឹងអត្រាកំណើតទាប និងចំនួនប្រជាជនចំណាស់រយៈពេលយូរមកហើយ។
បង Makoto Iwahashi ដែលជាសមាជិក POSSE សហជីពការងាររបស់យុវជនបាននិយាយថា ថ្វីត្បិតតែរដ្ឋាភិបាលមានបំណងល្អ ប៉ុន្តែបុរសជនជាតិជប៉ុននៅតែមិនហ៊ានឈប់សម្រាក ព្រោះពួកគេខ្លាចប៉ះពាល់ដល់ការឡើងឋាន។
យោងតាមសេចក្តីព្រាងច្បាប់ដែលសភាជប៉ុនអនុម័តក្នុងឆ្នាំ ២០២១ បុរសមានសិទ្ធិទទួលបានការឈប់សម្រាកលំហែមាតុភាព ៤ សប្តាហ៍ និងទទួលបានប្រាក់ខែ ៨០% ។ ប៉ុន្តែជាក់ស្តែង បុរសជប៉ុននៅតែខ្លាចមិនហ៊ានឈប់សម្រាក ព្រោះខ្លាចប៉ះពាល់ដល់ការឡើងឋាន ឬត្រូវផ្ទេរតំណែងផ្សេងដែលមិនសូវមានឳកាសឡើងឋាន។
បង Iwahashi និយាយថា “ការផ្លាស់ប្តូររបបឈប់សម្រាកលំហែមាតុភាពក៏មិនបានជួយឱ្យអត្រាកំណើតទាបប្រែប្រួលនោះដែរ” ។
លោក Hisakazu Kato សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Meiji ក្នុងទីក្រុងតូក្យូ បាននិយាយថា ជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុនធំៗបានទទួលយកការឈប់សម្រាកលំហែមាតុភាពរបស់បុគ្គលិក ប៉ុន្តែក្រុមហ៊ុនតូចៗនៅតែស្ទាក់ស្ទើរ។
លោក Kato បន្តទៀតថា “ក្រុមហ៊ុនតូចៗខ្លាចប្រឈមនឹងកង្វះកម្លាំងពលកម្មដោយសារបុគ្គលិកឈប់សម្រាកមើលថែទាំកូន ហើយរឿងនេះបានដាក់សម្ពាធទៅលើបុរសជាឪពុកចង់ឈប់សម្រាកមើលថែទាំកូននាពេលអនាគត” ។
ឱកាសចុងក្រោយ
ក្នុងឆ្នាំ ២០២២ លើកដំបូងចំនួនទារកចាប់កំណើតនៅជប៉ុនធ្លាក់ចុះក្រោម ៨០ ម៉ឺនចាប់តាំងពីឆ្នាំ ១៨៩៩ ។ ថ្មីៗនេះ នាយករដ្ឋមន្ត្រីលោក Kishida ក៏បានដាក់ចេញសេចក្តីប្រកាសថា “រយៈពេល ៦ ទៅ ៧ ឆ្នាំខាងមុខជាឱកាសចុងក្រោយដើម្បីផ្លាស់ប្តូរអត្រាកំណើតទាប” ។
សាស្ត្រាចារ្យ Stuart Gietel-Basten នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាហុងកុងបាននិយាយថា “ការលើកកម្ពស់គោលការណ៍ឈប់សម្រាកលំហែមាតុភាពជារឿងល្អ។ វានាំមកនូវអាកប្បកិរិយាវិជ្ជមានទាំងបុរស និងស្ត្រី។ ទោះជាយ៉ាងណា បើមិនផ្លាស់ប្តូរវប្បធម៌ និងអាកប្បកិរិយា ផលប៉ះពាល់នៃគោលនយោបាយនេះអាចនឹងមានកំណត់” ។
រយៈពេលធ្វើការយូរធ្វើអោយបុរសជប៉ុនគ្មានពេលសម្រាប់គ្រួសារ។ រូបភាព៖ Bloomberg
បុរសម្នាក់ឈ្មោះ Riki Khorana អាយុ ២៦ ឆ្នាំ ដែលមានគម្រោងរៀបការជាមួយមិត្តស្រីនាខែមិថុនាខាងមុខនេះ បាននិយាយថា ការចំណាយលើជីវភាពកាន់តែច្រើនជាកង្វល់ដ៏ធំបំផុតសម្រាប់អ្នកកសាងគ្រួសារ។
ក្នុងនាមជាវិស្វករនៅសាជីវកម្មធំ Khorana យល់ថា ខ្លួនរកចំណូលបានច្រើនគួរសម។ ទោះជាយ៉ាងណា គាត់កំពុងរស់នៅជាមួយឪពុកម្តាយនៅ Yokohama ដែលជាទីក្រុងធំទីពីររបស់ជប៉ុននៅភាគខាងត្បូង Tokyo ។
ក្រោយពេលរៀបការ Khorana នឹងរើទៅនៅផ្សេង ប៉ុន្តែបន្តនៅទីក្រុង Yokohama ដោយសារតម្លៃជួលនៅ Tokyo ខ្ពស់។ បើតាមក្រុមហ៊ុនប្រឹក្សា Mercer របស់អាមេរិក Tokyo ជាប់ចំណាត់ថ្នាក់លេខ ៩ ទីក្រុងដែលមានការចំណាយខ្ពស់លើពិភពលោក។
បច្ចុប្បន្ន Khorana មានគម្រោងបង្កើតកូនពីរនាក់ យ៉ាងណាបាននិយាយថា នឹងពិចារណាមានកូនបន្ថែមទៀត ប្រសិនបើរដ្ឋាភិបាលមានគោលនយោបាយជំនួយដែលមានប្រសិទ្ធភាពជាងនេះ។
សព្វថ្ងៃអត្រាកំណើតនៅជប៉ុនគឺ ១,៣ កុមារ/ស្ត្រី ក្រោមកម្រិត ២,១ កុមារ/ស្ត្រី ដើម្បីធានាបាននូវស្ថិរភាពចំនួនប្រជាជន។
ប្រភព៖ Skydoor