ម្ចាស់ភោជនីយដ្ឋានជប៉ុនផ្ដល់អាហារហ្វី្រក្នុងមួយសប្ដាហ៍ម្ដងដល់ Single-Parent
ជារៀងរាល់ថ្ងៃសៅរ៍ នៅ Nagoya ប្រទេសជប៉ុន Single-Parent (ឳពុក ឬម្ដាយជាអ្នកចិញ្ចឹមកូន) អាចទទួលទានអាហារពេលល្ងាចដោយឥតគិតថ្លៃនៅភោជនីយដ្ឋានសាច់អាំង Yakiniku Awaza ។
មតិរិះគន់របស់ភ្ញៀវជាកម្លាំងជម្រុញដល់ម្ចាស់ហាងលោក Katsumi Kito ។ រូបភាព៖ Sanami Kato/Mainichi
បើតាម The Mainichi ចំពោះការបំផុសគំនិត “អាហារឥតគិតថ្លៃ” របស់ម្ចាស់ភោជនីយដ្ឋានលោក Katsumi Kito ក្នុងគោលបំណងជួយដល់អ្នកដែលជួបការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ ។
បច្ចុប្បន្នចំនួនភ្ញៀវក្នុងភោជនីយដ្ឋានមិនសូវល្អដូចកាលមុនជំងឺរាតត្បាតឡើយ ប៉ុន្តែម្ចាស់ហាងដែលមានវ័យ ៦៣ ឆ្នាំរូបនេះនៅតែសប្បាយចិត្តពេលឃើញគ្រប់គ្នារីករាយ។ លោកសង្ឃឹមថា Yakiniku Awaza នឹងក្លាយជាកន្លែងដែលមានភ្ញៀវចូលច្រើននៅថ្ងៃឈប់សម្រាក។
នៅឆ្នាំ ២០១០ លោក Katsumi Kito លាឈប់ការងារដែលទទួលបានប្រាក់ខែ ដើម្បីបើកហាងសាច់អាំង។ នៅតំបន់នេះមានហាងសាច់អាំង yakiniku ច្រើន ការប្រកួតប្រជែងខ្ពស់ ប៉ុន្តែសាច់គោដែលឆ្ងាញ់បំផុតក្នុងភោជនីយដ្ឋានរបស់លោក Kito ទាក់ទាញភ្ញៀវយ៉ាងច្រើន។
បន្ទាប់មក ដូចជាកន្លែងដទៃទៀតដែរ ភោជនីយដ្ឋានរបស់លោក Kito រងផលប៉ះពាល់ដោយសារជំងឺរាតត្បាត។ ដោយគោរពតាមបទប្បញ្ញត្តិកាត់បន្ថយរយៈពេលបើកហាង គាត់អាចបន្តអាជីវកម្មតាមរយៈមូលនិធិជំនួយពីរដ្ឋាភិបាល។
ក្នុងអំឡុងពេលនេះ គាត់បានស្គាល់ហាងដែលជួយដល់ Single-Parent ។ ហើយក៏ចង់រួមចំណែកជួយដល់ពួកគេដែរ កាលរដូវក្តៅឆ្នាំ ២០២០ លោក Katsumi Kito បានសម្រេចចិត្តរៀបចំតុអាហារដោយឥតគិតថ្លៃរាល់យប់ថ្ងៃសៅរ៍ វេលាម៉ោង ៥ កន្លះដល់ម៉ោង ៧ ។ ភ្ញៀវដែលមានសំណាងនឹងទទួលបានឈុត “Awaza Set” ក្នុងតម្លៃ ២.៥០០ យ៉េនម្នាក់។ ជាធម្មតា ឈុតអាហារនេះមានតែនៅថ្ងៃធ្វើការប៉ុណ្ណោះ។
ស្រ្តីមេម៉ាយអាយុ ៣៥ ឆ្នាំ និងកូន ២ នាក់កំពុងទទួលទាននៅហាង Yakiniku Awaza ។ រូបភាព៖ Sanami Kato/Mainichi
សកម្មភាពដ៏មានអត្ថន័យនេះបន្តបាន ១ ឆ្នាំក៏ផ្ទុះជំងឺរាតត្បាតកូវីដ ១៩ ដោយបង្ខំឱ្យភោជនីយដ្ឋានត្រូវបិទជាបណ្តោះអាសន្ន។ កាលពីខែធ្នូ ឆ្នាំ ២០២២ ភោជនីយដ្ឋាន Yakiniku Awaza បើកឡើងវិញ។
ដោយរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត និងទំនិញឡើងថ្លៃ ចំនួនភ្ញៀវថយចុះ ២០% បើធៀបនឹងកាលពីមុន។ ទោះជាយ៉ាងណា ការសរសើរថា “ខ្ញុំមិនធ្លាប់ហូបសាច់ដែលទន់បែបនេះទេ” ឬ “ពិតជាឆ្ងាញ់ណាស់ សូមអរគុណ” របស់ភ្ញៀវតែងតែលើកទឹកចិត្តគាត់។
កាលពីចុងខែមុន ក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់លើកម្រាមដៃជាសញ្ញា Like ហើយលាន់មាត់និយាយថា “នេះជាមុខម្ហូបដែលឆ្ងាញ់បំផុត” ពេលកំពុងបរិភោគអាហារជាមួយម្តាយ និងបងស្រី។ នៅពេលដែលមុខម្ហូបនីមួយៗត្រូវបានលើកឡើង ម្តាយកូន ៣ នាក់រីករាយ និងនិយាយខ្សឹបប្រាប់គ្នាថា “យូរណាស់មកហើយទើបយើងចេញក្រៅហូប” ។
លោក Kito បានចែករំលែកថា “យើងទទួលបានភាពរីករាយ និងក្លាហានជាច្រើនពីអតិថិជន។ ដរាបណាភោជនីយដ្ឋាននៅតែបើកទ្វារ យើងនឹងបន្តការងារនេះ” ។
កាលពីខែកញ្ញាកន្លងទៅ សហព័ន្ធសុខុមាលភាពជប៉ុនបានស្ទង់មតិ Single-Parent ចំនួន ៥៤៧ គ្រួសារដែលមានកូនក្រោមអាយុ ២០ ឆ្នាំ។ លទ្ធផលបានបង្ហាញថា ក្រោមឥទ្ធិពលជំងឺកូវីដ ១៩ ឪពុកម្តាយចំនួន ១៣% គ្មានការងារធ្វើ និង ៤២% ត្រូវកាត់បន្ថយការងារ។
Single-Parent ៤១% ត្រូវប្រឈមនឹងជីវភាព “កាន់តែពិបាក” និង ៥៣% មានអារម្មណ៍ថាគ្រប់យ៉ាង “កំពុងតែពិបាកទៅៗ” ។
ចំណាយលើជីវភាព ឬការសិក្សាក៏ជាបញ្ហាប្រឈមដ៏ធំមួយចំពោះ Single-Parent ផងដែរ។
Hiroe Yamamoto អគ្គលេខាធិការសហព័ន្ធចំពោះបញ្ហា Single-Parent និងសុខុមាលភាពកុមារថ្នាក់ខេត្តបានចែករំលែកប្រាប់ Mainichi Shimbun ថា៖ “មនុស្សជាច្រើនកំពុងតែមានបន្ទុកធ្ងន់នៅពេលដែលប្រាក់ខែមិនមានស្ថេរភាពដូចពីមុន ហើយការចំណាយប្រចាំថ្ងៃកើនឡើង។ ស្ថានភាពនេះប៉ះពាល់ដល់ Single-Parent ដែលទ្រទ្រង់ជីវភាពម្នាក់ឯង។ ទោះជាយ៉ាងណា មនុស្សមួយចំនួនមិនអាចចែករំលែកបញ្ហារបស់ខ្លួនបាន។ ដូច្នេះហើយ ការដែលគ្រប់គ្នារួមកម្លាំងជួយដល់ពួកគេសំខាន់ណាស់” ។
ប្រភព៖ The Mainichi