វីដេអូផិតក្បត់របស់ប្រពន្ធ និងអតីតស្វាមីត្រូវបុរសជាប្តីចាក់ផ្សាយក្នុងថ្ងៃមង្គលការកូនស្រី
ពិធីមង្គលការរបស់ Momoka ត្រូវបំផ្លាញដោយសារវីដេអូផិតក្បត់របស់ឪពុកម្តាយ។ ចំណែកអ្នកដែលបង្ហាញឃ្លីបគឺជាឪពុកចុងរបស់នាងឈ្មោះ Yuta ទៅវិញ។
ប្តីបង្ហាញឃ្លីបប្រពន្ធផិតក្បត់ក្នុងពិធីមង្គលការកូនស្រី។
បើតាម Mothership ក្នុងពិធីមង្គលការ អ្នកដឹកនាំកម្មវិធីបាននិយាយថា លោក Yuta អាយុ ៣៧ ឆ្នាំបានរៀបចំរឿងដែលគួរអោយភ្ញាក់ផ្អើលសម្រាប់កូនក្រមុំ ហើយស្នើឱ្យភ្ញៀវក្រឡេកមើលអេក្រង់ក្នុងសាលអាពាហ៍ពិពាហ៍។
មិននឹកស្មាន អារម្មណ៍រំភើបរបស់ Momoka ប្រែទៅជារន្ធត់ និងអស់សង្ឃឹមភ្លាមៗ នៅពេលដែលវីដេអូលើអេក្រង់បង្ហាញពីរូបភាពម្តាយនាង Hiroko មានទំនាក់ទំនងស្នេហាលួចលាក់។
បន្ទាប់មក លោក Yuta កាន់មីក្រូហ្វូន ហើយនិយាយថា៖ “មនុស្សពីរនាក់នេះក្បត់ខ្ញុំ” ។
បុរសក្នុងឃ្លីបនោះគឺ Satoshi អតីតស្វាមីអ្នកស្រី Hiroko ហើយក៏ជាឪពុកបង្កើតរបស់ Momoko ផងដែរ។ លោកក៏កំពុងចូលរួមពិធីមង្គលការដែរ បន្ទាប់មកបានចាកចេញក្រោយពេលមើលវីដេអូ។
កូនក្រមុំស្រក់ទឹកភ្នែក ហើយនិយាយថា ប៉ាម៉ាក់បានបំផ្លាញពិធីមង្គលការរបស់ខ្ញុំ។
ពិធីមង្គលការរបស់កូនស្រីត្រូវបំផ្លាញដោយសារដោយសារវីដេអូផិតក្បត់របស់ឪពុកម្តាយ។
ជាច្រើនឆ្នាំមុន អ្នកស្រី Hiroko និងលោក Satoshi លែងលះគ្នាដោយសារតែបំណុលរបស់លោក Satoshi ក្រោយអាជីវកម្មបរាជ័យ។ ពួកគេទើបតែជួបគ្នាឡើងវិញក្រោយពេលពិភាក្សារឿងរៀបការកូនស្រី ហើយក៏ចាប់ផ្ដើមមានទំនាក់ទំនងស្នេហាតាំងពីពេលនោះមកដែរ។
អ្នកស្រី Hiroko បានសារភាពថា “យើងលែងលះគ្នាមិនមែនដោយសារអស់ស្រលាញ់នោះទេ ឥឡូវនេះគាត់បានក្លាយជាបុរសដែលជោគជ័យម្នាក់ ស្នេហារបស់ខ្ញុំចំពោះគាត់មានឡើងវិញ ហើយខ្ញុំបានចាប់ផ្តើមស្នេហាមួយនេះ” ។
អ្នកស្រីបាននិយាយថា “ស្នេហា W” (អក្សរ W បញ្ចេញសំឡេងស្រដៀង “double” ក្នុងភាសាជប៉ុន) ព្រោះអតីតស្វាមីរបស់អ្នកស្រីក៏បានរៀបការជាថ្មីដែរ។
ទំនាក់ទំនងស្នេហាលួចលាក់បានប៉ុន្មានខែក៏បញ្ចប់ នៅពេលដែលលោក Satoshi បារម្ភខ្លាចប្រពន្ធដឹង និងពិធីមង្គលការរបស់កូនស្រីជិតមកដល់។
អ្នកស្រី Hiroko បាននិយាយថា “គាត់ដាច់ចិត្តច្រានខ្ញុំចេញ រំលឹកថាខ្ញុំមានប្តីហើយ ចំណែកអ្វីដែលបានកើតឡើងគ្រាន់តែជាកំហុសក្នុងជីវិតរបស់ពួកយើងប៉ុណ្ណោះ” ។
ថ្វីត្បិតតែឈឺចាប់ យ៉ាងណា អ្នកស្រី Hiroko នៅតែគិតថាជីវិតរបស់ខ្លួននឹងត្រឡប់មកធម្មតាវិញពេលគ្រប់យ៉ាងបញ្ចប់ ទោះបីជាអ្នកស្រីយល់ថាបរិយាកាសក្នុងផ្ទះមានការផ្លាស់ប្តូរក៏ដោយ។
“ខ្ញុំគួរតែគិតដល់រឿងនោះ នៅពេលដែលប្តីរបស់ខ្ញុំនិយាយថា គាត់មានរឿងគួរអោយភ្ញាក់ផ្អើលចង់ប្រកាសក្នុងថ្ងៃមង្គលការ។ ទាំងទំនាក់ទំនងរបស់គាត់ និងកូនស្រីរបស់ខ្ញុំមិនសូវល្អផងនោះ។ ប៉ុន្តែមិននឹកស្មានថា គាត់បែរជាធ្វើបែបនេះក្នុងថ្ងៃមង្គលការរបស់កូនស្រីខ្ញុំ” ។
ចាប់តាំងពីពេលនោះមក អ្នកស្រី Hiroko បាត់បង់គ្រប់យ៉ាងព្រោះតែអំពើផិតក្បត់របស់ខ្លួន។
អ្នកស្រី Hiroko បានអោយដឹងថា “កូនស្រីឈប់រាប់រកខ្ញុំ ខ្ញុំត្រូវប្តីបណ្តេញចេញពីផ្ទះ និងត្រូវបង់ប្រាក់ឧបត្ថម្ភក្រោយពេលលែងលះ។ ខ្ញុំត្រូវស្នាក់នៅផ្ទះសំណាក់ ហើយពិតជាពិបាករកការងារធ្វើនាពេលនេះ” ។
ប្រភព៖ Skydoor