សិក្ខាកាមដែលធ្លាប់ត្រូវតុលាការកាត់ទោសដោយសារបោះបង់ចោលសាកសពកូនទទួលបានសេចក្តីសម្រេចគ្មានទោស
ម្សិលមិញ នៅថ្ងៃទី ២៤ ខែមីនា តុលាការកំពូលជប៉ុនបានបដិសេធសាលក្រមកាត់ទោសលើកទី ២ មុននោះ និងប្រកាសគ្មានទោសចំពោះសិក្ខាកាមឈ្មោះ Le Thi Thuy Linh អាយុ ២៤ ឆ្នាំ។
កាលពីខែវិច្ឆិកា ឆ្នាំ ២០២០ សិក្ខាកាម Linh បានសម្រាលកូនមិនគ្រប់ខែនៅអន្តេវាសិកដ្ឋានរបស់ក្រុមហ៊ុននៅ Ashikita ខេត្ត Kumamoto ។ ជាអកុសល កូនភ្លោះប្រុសទាំងពីរនាក់បានស្លាប់ក្នុងផ្ទៃម្តាយ។ ក្រោយមក នាងយកប្រអប់ក្រដាសកាតុងដាក់សាកសពទារកប្រុសទាំងពីរយកទៅមន្ទីរពេទ្យ ហើយរាយការណ៍ប្រាប់គ្រូពេទ្យ។
សិក្ខាកាម Linh ត្រូវប៉ូលិសចោទប្រកាន់ ព្រោះពួកគេគិតថា នាងបោះបង់ចោលសាកសពកូនរបស់ខ្លួន។ ក្នុងតុលាការដំបូងនៅ Kumamoto កាលពីខែកក្កដា ឆ្នាំ ២០២១ តុលាការបានកាត់ទោសនាងឱ្យជាប់ពន្ធនាគារ ៨ ខែ និងព្យួរទោសរយៈពេល ៣ ឆ្នាំសម្រាប់ការចោទប្រកាន់ Linh បានបោះបង់ចោលសាកសពទារក។
ចំណុចដែលបង្កចម្រូងចម្រាស់អំឡុងពេលកាត់ក្តីគឺថា តើការដាក់សាកសពកូនក្នុងប្រអប់ក្រដាសកាតុង បន្ទាប់មកបិទស្កុតជាទង្វើ “បោះបង់ចោល” ដែរឬទេ? Linh បានបដិសេធ និងអះអាងថាខ្លួនគ្មានកំហុស ដោយសារគោលបំណងដំបូងរបស់នាងចង់បញ្ចុះសពកូន។
ក្នុងតុលាការឧទ្ធរណ៍នៅ Fukuoka កាលពីខែមករា ឆ្នាំ ២០២២ កម្រិតទោសរបស់ Linh ត្រូវបានកាត់បន្ថយមកជាប់ពន្ធនាគារ ៣ ខែ និងព្យួរទោស ២ ឆ្នាំ។ តុលាការ Fukuoka បានអោយដឹង “ថ្វីត្បិតតែពេលទារកស្លាប់ក្នុងផ្ទៃរហូតដល់រកឃើញសាកសពត្រឹម ១ ថ្ងៃ ៩ ម៉ោង ប៉ុន្តែទង្វើបង្កការលំបាកមិនអោយអ្នកដទៃរកឃើញសាកសពជាទង្វើបោះបង់ចោល” ។
សិក្ខាកាម Linh បន្តដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូលជប៉ុន។ កាលពីខែមុន តុលាការកំពូលបានធ្វើការពិភាក្សា (នីតិវិធីចាំបាច់សម្រាប់ការផ្លាស់ប្តូរសេចក្តីសម្រេច) ហើយ Linh បាននិយាយថា “សិក្ខាកាមបច្ចេកទេសកំពុងតែរងទុក្ខ ព្រោះពួកគេមិនអាចប្រាប់នរណាពេលខ្លួនមានផ្ទៃពោះ ហើយបង្ខំចិត្តសម្រាលកូនម្នាក់ឯង។ ខ្ញុំសង្ឃឹមថា សាលក្រមគ្មានទោសនឹងផ្តល់ជូនស្រ្តីទាំងអស់ដែលគ្មានជម្រើសត្រូវធ្វើបែបនេះ” ។
នៅក្នុងសេចក្តីសម្រេចចុងក្រោយ តុលាការកំពូលបានអោយដឹងថា “ទោះបីជាចុងចោទបង្កការលំបាកដល់អ្នកដទៃមិនអាចរកឃើញសាកសព ប៉ុន្តែបើផ្តោតលើទីតាំង របៀបរុំ និងការដាក់សាកសព មិនអាចចោទប្រកាន់ទោសបោះបង់ចោលសាកសពនោះទេ” ។
ចំពោះករណីរបស់ Linh អំឡុងពេលធ្វើការក្នុងនាមជាសិក្ខាកាម នាងធ្លាប់ត្រូវព្រមានមិនឱ្យមានផ្ទៃពោះ ទោះបីជាច្បាប់ស្តង់ដារការងារហាមឃាត់មានភាពអយុត្តិធម៌ចំពោះសិក្ខាកាមក៏ដោយ។ ដូច្នេះហើយ ទើបនាងមានការភ័យខ្លាចថា ប្រសិនបើរឿងខ្លួនមានផ្ទៃពោះ និងសម្រាលកូនត្រូវគេប្រទះឃើញ នាងត្រូវបង្ខំឱ្យត្រឡប់ទៅប្រទេសវិញ ហើយគ្មានប្រាក់សងបំណុលអោយគ្រួសារ។ រឿងនេះត្រូវមនុស្សជាច្រើនរិះគន់ចាត់ទុកដូចជា “របបទាសករសម័យទំនើប” ក្នុងប្រទេសជប៉ុន។
ប្រភព៖ Yahoo News
JAPO