តុលាការជាន់ខ្ពស់ Tokyo តម្កល់​ទោស​ជាប់​ពន្ធនា​គារ ២០ ឆ្នាំ​ចំពោះ​បុរស​ដែល​បាន​តាម​ដាន និង​សម្លាប់​និស្សិត​ស្រី

កាលពី ៣ ឆ្នាំមុន អតីតនិស្សិតសាកលវិទ្យាល័យឈ្មោះ Hori Ai អាយុ ២២ ឆ្នាំ បានចាក់សម្លាប់មិត្តរួមសាលាឈ្មោះ Yamada Miku (កាលនោះអាយុ ១៩ ឆ្នាំ) ដោយកាំបិតផ្ទះបាយ។ ជននេះត្រូវចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត និងរំលោភ​សិទ្ធិសេរីភាពបុគ្គលដោយសារតែងតែតាមដាន ឃ្លាំមើល និង​ផ្ញើសារទៅកាន់ជនរងគ្រោះ​តាម​រយៈ​កម្មវិធី Line ។

ក្នុងសវនាការជំនុំជំរះដំបូង ឃាតករ​ត្រូវ​បាន​តុលាការ​ Shizuoka កាត់​ទោស​ឱ្យ​ជាប់​គុក​ ២០ ឆ្នាំ។ ទោះជាយ៉ាងណា ស្ថាប័នអយ្យការបានប្តឹងឧទ្ធរណ៍ ដោយសារយល់ថាតុលាការមិនយល់ពីទំនាក់ទំនងរវាងជនជាប់ចោទ និងជនរងគ្រោះ ក៏​ដូច​ជា​ភាព​ព្រៃ​ផ្សៃនៃអំពើឃាតកម្ម។

ចំពោះការកាត់ក្តីលើកទី ២ ដែល​ប្រព្រឹត្ត​ទៅ​កាលពីថ្ងៃ​ទី ១៥ ខែមីនាកន្លងមក តុលាការជាន់ខ្ពស់ Tokyo ក៏បានច្រានចោលសំណើរបស់អយ្យការ​សម្រាប់​ការ​កាត់​ទោសជាប់ពន្ធនាគារអស់មួយជីវិត ហើយប្រកាសថា៖ “នេះមិន​មែន​ជា​ឧក្រិដ្ឋកម្ម​ដែល​ធ្ងន់​ធ្ងរ​បំផុត​ក្នុងចំណោមទោសតាមដាន និង​ឃាត​កម្ម​នោះ​ទេ ដូច្នេះមិនអាចនិយាយបាន​ថា សាលក្រម​របស់​តុលាការដំបូងស្រាលឡើយ” ។

ក្នុងសេចក្តីសម្រេចរបស់តុលាការលើកនេះ ប្រធានចៅក្រម Akira Ando បាននិយាយថា៖ “ព្រះរាជអាជ្ញានិយាយត្រូវដែលថាទំនាក់ទំនងរវាងអ្នកទាំងពីរស្រពិចស្រពិល ប៉ុន្តែតុលាការដំបូងក៏មិនបានខុសចំពោះការវាយតម្លៃស្ថាន​ភាព​ជុំវិញ​ករណី​នេះ​ដែរ។ ដូច្នេះ​កម្រិត​ទោស​​ចុង​​ក្រោយ​របស់​ជន​ជាប់​ចោទ Hori Ai នៅដដែលគឺជាប់ពន្ធនា​គារ ២០ ឆ្នាំ” ។

ប្រភព៖ NHK

JAPO

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: