ទឹកភ្នែក និងភាពសោកស្តាយរបស់ប្អូនប្រុសដែលមានជំងឺអូទីស្សឹមសម្លាប់បងប្រុសមានជំងឺវិកលចរិក
កាលពីខែវិច្ឆិកា ឆ្នាំ ២០២០ ចុងចោទ Takabatake Haruki អាយុ ២២ ឆ្នាំ បានសម្លាប់បងប្រុសឈ្មោះ Joji អាយុ ២៥ ឆ្នាំ ដោយប្រើញញួរក្នុងផ្ទះរបស់ពួកគេនៅទីក្រុង Toyama ។ បុរសជាបងពេលនោះមានជំងឺវិកលចរិក និងជំងឺអូទីសឹម (ASD) ។ បងប្រុសពេលខ្លះប្រើហិង្សាដោយមិនអាចគ្រប់គ្រងខ្លួនបាន និងធ្លាប់ត្រូវបញ្ជូនទៅមន្ទីរពេទ្យជាច្រើនដង។
តាំងពីកុមារភាពមក ទំនាក់ទំនងរវាងបងប្រុស និងចុងចោទតែងតែកើតមានជម្លោះ។ ក្នុងចិត្តរបស់ Haruki តែងតែគិតថា៖ “បងប្រុស Joji មានជំងឺផ្លូវចិត្ត ចំណែកខ្លួនមានសុខភាពល្អធម្មតា” ។ ប៉ុន្តែក្រោយពេលឃាតកម្មកើតឡើង Haruki ក៏ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺអូទីសឹម (ASD) ដែរ។ Haruki និយាយថា ខ្លួនត្រូវគេធ្វើបាបនៅសាលាតាំងពីរៀនបឋមសិក្សាររហូតដល់វិទ្យាល័យ។
Haruki ឆ្លើយតបក្នុងសវនាការថា៖ “ដោយសារបងប្រុសរបស់ខ្ញុំមានជំងឺផ្លូវចិត្ត ដូច្នេះបានជាអ្នករាល់គ្នាមិនចូលចិត្តខ្ញុំ ហើយសូម្បីតែមនុស្សស្រីក៏មិនចាប់អារម្មណ៍នឹងខ្ញុំដែរ។ ខ្ញុំជាជំនាន់ Gen Z ប៉ុន្តែអ្នកជំនាន់ Gen Z ទាំងអស់សុទ្ធតែសើចចំអក និងចាត់ទុកខ្ញុំដូចជារបស់លេងសើច។ ខ្ញុំពិតជាមានអារម្មណ៍អាម៉ាស់ខ្លាំងណាស់” ។
មានចំណុចមួយដែលបង្កម្រូងចម្រាសក្នុងការកាត់ក្តី តើ ASD អាចនឹងប៉ះពាល់ដល់ការប្រព្រឹត្តបទល្មើសរបស់ចុងចោទ Haruki ដែរទេ?
Haruki និយាយនៅចំពោះមុខតុលាការថា ខ្លួនត្រូវបានបំផុសគំនិតដោយករណីសម្លាប់អ្នកស្រុកចំនួន ១៩ នាក់ក្នុងមណ្ឌលសម្រាប់ជនពិការនៅ Sagamihara ខេត្ត Kanagawa កាលពីឆ្នាំ ២០១៦ ។ ជននេះបានចាប់ផ្តើមគិតថា៖ “ជនពិការគួរតែស្លាប់” ។
ក្នុងសវនាការកាលពីថ្ងៃទី ១៩ ព្រះរាជអាជ្ញាបានអោយដឹងថា៖ “ចុងចោទតែងតែមើលងាយជនពិការរហូតមក បន្ទាប់ពីសម្លាប់មនុស្ស និងចាត់ចែងសាកសពដោយយកទៅកប់នៅលើភ្នំ។ ទង្វើទាំងនេះសុទ្ធតែមានការគ្រោងទុកមុន ដូច្នេះនេះជាអំពើឃាតកម្មដោយចេតនា។ ទង្វើនេះគឺមានចេតនាប្រព្រឹត្តបទល្មើស និងមិនរងផលប៉ះពាល់ដោយសារ ASD ឡើយ ដូច្នេះហើយស្នើសុំតុលាការផ្ដន្ទាទោសជនជាប់ចោទឱ្យជាប់ពន្ធនាគារ ១៥ ឆ្នាំ” ។
ផ្ទុយទៅវិញ មេធាវីការពារក្តីបាននិយាយថា៖ “ទង្វើរបស់ចុងចោទហាក់ដូចជាមានគម្រោងទុកមុន ប៉ុន្តែវាពិតជាបណ្តាលមកពីជំងឺ ASD ដែលធ្វើអោយអ្នកជំងឺមិនអាចកែប្រែ ឬបញ្ឈប់គម្រោងបាន។ ដូច្នេះហើយ កម្រិតនៃការកាត់ទោសជនជាប់ចោទគួរតែកាត់បន្ថយ។ ដោយសង្ឃឹមថាអ្នកជំងឺអាចជាសះស្បើយដូចមនុស្សធម្មតា ការពិន័យដាក់គុករយៈពេលយូរមិនចាំបាច់ឡើយ។ ខ្ញុំគិតថា ជាប់ពន្ធនាគារ ៨ ឆ្នាំគឺជាទោសដែលសមរម្យសម្រាប់ជនជាប់ចោទ” ។
នៅពេលដែលត្រូវបានចៅក្រមសួរ តើអ្នកមានពាក្យចុងក្រោយអ្វីត្រូវនិយាយដែរទេ? Haruki បាននិយាយយឺតៗថា៖ “ប្រហែលជាបងប្រុសរបស់ខ្ញុំក៏ដឹងដែរថាខ្លួនមានជំងឺ ដូច្នេះបានជាគាត់ខំប្រឹងឱ្យឆាប់ជាសះស្បើយ” ។ ក្រោយមកគាត់អោនក្បាលនិយាយទាំងក្តុកក្តួលថា៖ “តើត្រូវធ្វើយ៉ាងណា? នៅពេលនោះ ខ្ញុំគួរតែធ្វើអ្វីម្យ៉ាងកុំឱ្យមានរឿងនេះកើតឡើង?”
គ្រប់គ្នាកំពុងរង់ចាំសាលក្រមចុងក្រោយរបស់ Haruki ដែលគ្រោងនឹងចេញនៅថ្ងៃទី ៣១ ខែមីនា។
hinhin