ដាច់ចិត្តលើកដៃសម្លាប់ម្តាយកាប់សាកសពជាច្រើនកំណាត់បោះចូលទន្លេដោយសារ
កាលពីខែមីនា ឆ្នាំ ២០១៨ ក្រោមទន្លេ Yasu ក្នុងទីក្រុង Moriyama ខេត្ត Shiga គេប្រទះឃើញសាកសពមួយនៅសល់តែដងខ្លួន និងដៃទាំងពីរ ចំណែកជើងទាំងពីរ និងក្បាលត្រូវកាត់ដាច់។ ប៉ូលិសបានស៊ើបអង្កេត និងកំណត់អត្តសញ្ញាណសាកសពជាស្រ្តីអាយុ ៥៨ ឆ្នាំម្នាក់រស់នៅក្បែរនោះ។ ប្រហែលបីខែក្រោយមក ប៉ូលិសបានចាប់ខ្លួនស្ត្រីអាយុ ៣១ ឆ្នាំម្នាក់ពីបទសង្ស័យឃាតកម្ម ដែលនោះជាកូនស្រីរបស់ជនរងគ្រោះ។
ដោយសារមិនប្រឡងជាប់សាកលវិទ្យាល័យ ដូច្នេះបានជានាងរៀនឡើងវិញក្នុងគោលបំណងប្រឡងចូលសាលាពេទ្យនៅឆ្នាំក្រោយ។ យ៉ាងណាពេលនោះទើបនាងដឹងថា សមត្ថភាពរបស់ខ្លួនមិនអាចប្រឡងជាប់សាលាពេទ្យបានទេ គ្រូបន្ទុកថ្នាក់ក៏បានណែនាំឱ្យនាងប្តូរគោលដៅ។ ទោះជាយ៉ាងណា ម្តាយនាងបែរជាមិនទទួលស្គាល់ការពិត ហើយបង្ខំនាងឱ្យប្រឡងចូលសាលាពេទ្យ។ លទ្ធផលនាងត្រូវរស់នៅដោយមិនមានការងារធ្វើអស់រយៈពេល ៩ ឆ្នាំ ក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីម្តាយ។
តាមរយៈសារដែលឆ្លើយឆ្លងតាម LINE ស្ថានភាពទំនាក់ទំនងរវាងម្តាយ និងកូនស្រីត្រូវបានលាតត្រដាងបន្តិចម្តងៗ។ ស្រ្តីជាម្តាយតែងតែជេរប្រមាថកូនស្រី ហើយវាយតម្លៃមិនល្អចំពោះបុគ្គលិកលក្ខណៈរបស់នាងម្តងហើយម្តងទៀត។ ផ្ទុយទៅវិញ នារីជាកូនស្រីបែរជាចាត់ទុកដូចជាគ្មានរឿងអ្វី ហើយតែងតែសុំទោសដែលមិនអាចបំពេញតាមការរំពឹងទុករបស់ម្ដាយ។
អំឡុងពេល ៩ ឆ្នាំដែលមិនមានការងារធ្វើ នាងបានរត់ចេញពីផ្ទះជាច្រើនដង ប៉ុន្តែលើកណាក៏ត្រូវម្តាយចាប់មកវិញដែរ។ ម្តាយនាងតែងតែនិយាយថា គាត់ចង់កសាងគ្រួសារដែលមានសុភមង្គល ដូច្នេះគាត់គ្រាន់តែកំពុងខំប្រឹងធ្វើជាម្តាយដ៏ល្អម្នាក់ប៉ុណ្ណោះ។
នារីជាកូននិយាយថា៖ “ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពដើម្បីគ្រួសាររបស់ខ្លួន ប៉ុន្តែពួកគេមិនដែលទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ខ្ញុំនោះទេ។ អ្វីដែលអ្នកបង្ខំអ្នកដទៃឱ្យធ្វើព្រោះតែគិតថាវាមានប្រយោជន៍សម្រាប់ពួកគេ ប៉ុន្តែមិនប្រាកដថាមានលទ្ធផលល្អឡើយ។ ឪពុករបស់ខ្ញុំបានរត់ចេញពីផ្ទះ ព្រោះគាត់មិនអាចទ្រាំនឹងម្តាយខ្ញុំ គាត់មានអារម្មណ៍ខកចិត្តចំពោះឧត្តមគតិ និងស្ថានភាពពិតរបស់គ្រួសារ។ ដូច្នេះ ខ្ញុំត្រូវរស់នៅជាមួយម្តាយចាប់តាំងពីពេលនោះមកព្រោះនៅជាអនីតិជន។ ដោយសារខ្ញុំរស់នៅកន្លែងដែលខ្លួនយល់ថាមិនខុសអ្វីក្រៅពីគុកទេ ដូច្នេះខ្ញុំបានសម្រេចចិត្តរំដោះខ្លួនឯងដោយសម្លាប់គាត់” ។
hinhin