សមាជិកព្រឹទ្ធសភាជប៉ុនដែលមិនព្រម​ទៅ​ធ្វើ​ការ​អស់​រយៈ​ពេល ៨​ ខែ​ព្រោះ​​តែ…

យោងតាម BBC ចាប់ពីពេល​ដែល​ត្រូវបានជ្រើសរើស​ជា​សមាជិក​ព្រឹទ្ធសភា​កាលពី​ខែ​កក្កដា ឆ្នាំ​២០២២ លោក Yoshikazu Higashitani មិន​​បាន​​ចូល​​រួម​សម័យ​ប្រជុំ​សភា​ឡើយ។ គណៈកម្មាធិការវិន័យនៃសភាជប៉ុនបានដកលោក Higashitani ចេញពីសមាជិកសភាព ព្រោះតែអវត្តមាន​រហូត​មក។

សមាជិកព្រឹទ្ធសភាជប៉ុន និង Youtuber លោក Yoshikazu Higashitani ។ រូបភាព៖ YouTube

នេះជាទម្រង់វិន័យធ្ងន់ធ្ងរបំផុតសម្រាប់សមាជិកសភា។ សភា​ជប៉ុន​បាន​ប្រើ​វិធានការ​នេះ​តែ​ពីរ​ដង​គត់​ចាប់​តាំង​ពី​ឆ្នាំ ១៩៥០ ចំណែកករណីរបស់លោក Higashitani ជាលើកទីមួយហើយដែលសមាជិកសភាត្រូវដក​សិទ្ធិ​ដោយ​​សារ​តែ​​អវត្តមាន​​ម្តង​​ហើយ​​ម្តង​​ទៀត។

លោក Higashitani មានរហ័សនាមថា GaaSyy លើ YouTube ដោយសារតែវីដេអូបញ្ចេញមតិ និងបង្កើតពាក្យ​ចចាម​អារ៉ាម​ចំពោះ​​អ្នក​​ដែល​​ល្បី​​ឈ្មោះ។ គាត់មានអ្នកតាមដានជាង ២០០.០០០ នាក់នៅលើ TikTok ចំនួន ៣១៦.០០០ នាក់​នៅ​លើ Instagram និង​ត្រូវ​គេចាត់ទុកថាកំពុងរស់នៅសហព័ន្ធ​អារ៉ាប់រួម នេះបើយោងតាម ​​Fortune ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន លោក Higashitani ជាសមាជិកសភាម្នាក់ក្នុងចំណោមសមាជិកសភាពីររូបមក​ពី​គណបក្ស​ប្រឆាំង Seijika-joshi-48 មិន​បាន​ចូល​រួម​កិច្ច​ប្រជុំសភាព្រោះខ្លាចត្រូវគេចាប់ខ្លួនពីបទបរិហាកេរ្តិ៍អ្នកដែល​ល្បី​ឈ្មោះ។

កាលពីសប្តាហ៍មុន សភាជប៉ុនបានស្នើឱ្យលោក Higashitani ហោះទៅកាន់ Tokyo ដើម្បីសុំទោសដោយផ្ទាល់ចំពោះ​ការ​អវត្តមាន​​របស់​​គាត់។ សមាជិក​​សភា​​និយាយ​​ថា នេះ​ជា​ឱកាស​ចុង​ក្រោយសម្រាប់លោកលុបលាងកំហុស យ៉ាងណាលោក Higashitani មិនបានបង្ហាញខ្លួនក្នុងកិច្ចប្រជុំនោះទេ។

ផ្ទុយទៅវិញ លោកបានប្រកាសនៅលើ YouTube នឹងទៅកាន់ប្រទេសទួរគី ហើយ​កំពុង​ត្រៀម​គម្រោង​បរិច្ចាគប្រាក់​​ខែ​​សម្រាប់​​ការ​​​​ជួយ​សង្គ្រោះ​គ្រោះ​រញ្ជួយ​ដី។

ដោយសារអវត្តមានលើកនេះបាន​ធ្វើ​អោយព្រឹទ្ធសភា​ខឹង ហើយ​បាន​បោះឆ្នោតជ្រើសរើសទម្រង់​វិន័យ​ដែលធ្ងន់ធ្ងរ​បំផុត។ ទោះជាយ៉ាងណា លោក Hamada Satoshi សមាជិកសភាទីពីរដែលមកពីគណបក្សប្រឆាំង Seijika-joshi-48 បាន​​លើក​​ឡើង​​ថា ការបណ្តេញលោក Higashitani ព្រោះអវត្តមានរាល់កិច្ចប្រជុំគឺខុសច្បាប់។

ប្រភព៖ Skydoor

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: