ចាប់បានហើយបុគ្គលដែលបានផ្ញើសំបុត្របៀតបៀន​​ផ្លូវ​​ភេទ​និស្សិត​ស្រី និង​ចម្លើយ​សារ​ភាព​ដ៏​គួរ​អោយ​ញញើត

ម្តាយនិស្សិតស្រីម្នាក់បានរាយការណ៍ថា កូនស្រីរបស់ខ្លួនទទួលបានសំបុត្របៀតបៀន​ផ្លូវ​ភេទមួយច្បាប់ ដោយត្រូវបាន​ដាក់​ក្នុង​កន្ត្រក​កង់ ជា​មួយ​នឹងអ្វី​ម្យ៉ាង​មើលទៅដូចជា “ទឹករំអិល” ជាប់លើកែបកង់។

ដោយផ្អែកលើទិន្នន័យពីកាមេរ៉ាសុវត្ថិភាព កាលពីថ្ងៃទី ៨ ខែមីនា ប៉ុស្តិ៍ប៉ូលិស Ichikawa ខេត្ត Chiba បានចាប់ខ្លួន​​បុគ្គល​​ឈ្មោះ Onishi Kou អាយុ ៤២ ឆ្នាំ ព្រោះ​តែ​សង្ស័យ​គំរាមកំហែង និង​បំផ្លាញ​ទ្រព្យសម្បត្តិ។

នៅកន្លែងស៊ើបអង្កេត ជននេះបានទទួលស្គាល់ទង្វើ ហើយនិយាយថា៖ “ខ្ញុំ​មាន​អារម្មណ៍​រំភើប​ខ្លាំង​ណាស់ពេលស្រមៃ​​គិត​ដល់​រូប​រាង​ភ័យ​ស្លន់​ស្លោ​​របស់​នាង” ។ តាម​ការ​ស៊ើប​អង្កេត​បានអោយដឹងថា Onishi និង​ជន​រង​គ្រោះ​មិន​​បាន​​ស្គាល់​​គ្នា​​ទេ។

នៅពេលដែលបានដឹងពីប្រវត្តិរូបរបស់ជនសង្ស័យ Onishi គ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Chiba ជននេះធ្វើការក្នុងនាមជាមន្ត្រីរាជការនៅទីក្រុង Kisarazu ក្នុងខេត្ត Chiba ។ ក្រោយ​មក​ជន​នេះ​ឡើង​កាន់​តំណែង​​ជា​អគ្គ​លេខា​ធិការ​​​គណ​បក្ស​​កុម្មុយ​និស្ត ដែលជាមុខតំណែងសំខាន់ក្នុងស្ថាប័ន​រដ្ឋ។

Onishi ក៏ធ្លាប់ត្រូវចាប់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំមុនពីបទលួចចូល និងថត​ក្នុង​បន្ទប់ទឹក​នារី​ ប៉ូលិស​បាន​រក​ឃើញក្នុងទូរស័ព្ទរបស់ជននេះមានវីដេអូថតសិស្ស​​វិទ្យា​ល័យ​ស្រី​ម្នាក់​ក្នុង​បន្ទប់ទឹក។ Onishi បានទទួលទោសធ្ងន់ដោយត្រូវ​បណ្តេញ​​ចេញ​​ពី​​បក្ស​កាល​ពី​ខែ​មករា​ឆ្នាំ​នេះ។

ទោះជាយ៉ាងណា Onishi តែងតែបង្ហោះរូបភាពជីវិតប្រចាំថ្ងៃរបស់ខ្លួន និងប្រពន្ធពេលប្រឡែងលេងនឹងកូនស្រីនៅ​លើ Instagram ក្នុង​គោល​បំណង​ធ្វើ​ជា​ឪពុក​គំរូ​មួយ​រូប។

ជាយូរមកហើយ បក្សកុម្មុយនិស្តជប៉ុនបានតស៊ូមតិកែលម្អឋានៈរបស់ស្រី និងលុបបំបាត់ការបៀតបៀនផ្លូវភេទ។ មន្ត្រីជាន់ខ្ពស់ក្នុងបក្សម្នាក់បាន​និយាយ​ថា៖ “ក្នុងនាមជាមន្ត្រីបក្សកុម្មុយនិស្ត នេះជាទង្វើដែលមិនអាចអត់ឱនបាន ហើយ​ខ្ញុំ​សូម​អភ័យ​ទោស​ប្រជាជន​ចំពោះ​ករណី​នេះ” ។

ប្រភព៖ TBS News

hinhin

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: