ពិតជាល្អណាស់ អាកាសយានដ្ឋាន Narita នឹងដំឡើងប្រព័ន្ធសូឡាដ៏ធំបំផុតលើពិភពលោក
ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យដ៏ធំត្រូវបានដំឡើងនៅព្រលានយន្តហោះ Narita ។ សាជីវកម្មអាកាសយានដ្ឋានអន្តរជាតិ Narita (NAA) និង Tokyo Gas បានសហការ និងបង្កើតក្រុមហ៊ុនថ្មី។
Green Energy Frontier គ្រោងនឹងដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យក្នុងបរិវេណជិតផ្លូវយន្តហោះ និងនៅលើដំបូលអាកាសយានដ្ឋាន។ បន្ទះស្រូបពន្លឺព្រះអាទិត្យគ្រោងនឹងគ្របដណ្តប់លើផ្ទៃដីអាកាសយានដ្ឋានប្រមាណ ២០០ ហិកតា និងផលិតថាមពលអគ្គិសនីបានប្រហែល ១៨០ មេហ្គាវ៉ាត់។
NAA បានអោយដឹងថា នេះជាប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតលើពិភពលោកត្រូវបានដំឡើងនៅអាកាសយានដ្ឋាន ដែលអាចផលិតអគ្គិសនីគ្រប់សម្រាប់ផ្គត់ផ្គង់ជាមធ្យមប្រមាណ ៧ ម៉ឺនគ្រួសារ។
ប្រព័ន្ធសូឡាត្រូវបានគេរំពឹងថានឹងផ្គត់ផ្គង់ថាមពលអគ្គិសនីប្រហែល ៤០% បរិមាណភ្លើងដែលប្រើនៅអាកាសយានដ្ឋានក្នុងរយៈពេលមួយឆ្នាំ។ Green Energy Frontier គ្រោងនឹងវិនិយោគប្រហែល ១០០ ពាន់លានយ៉េនក្នុងគម្រោងដូចជាដំឡើងថ្ម និងសាងសង់កន្លែងផលិតថាមពល។
NAA បាននិយាយថា ពួកគេនឹងខិតខំប្រឹងប្រែងបង្កើតប្រភពផ្គត់ផ្គង់ថាមពលដែលមានស្ថេរភាពនៅអាកាសយានដ្ឋាន និងសង្គមដែលមិនមានកាបូន។
ប្រភព៖ NHK