ពិធីបុណ្យ Hina Matsuri ប្រារព្ធឡើងសម្រាប់កុមារីនៅជប៉ុន
Hina Matsuri ជាពិធីបុណ្យសម្រាប់កុមារីនៅជប៉ុន ក្រុមគ្រួសារនីមួយតុបតែងតុក្កតាប្រពៃណីដើម្បីអបអរសាទរ។ ពិធីបុណ្យតុក្កតា Hina ត្រូវបានប្រារព្ធធ្វើឡើងទូទាំងប្រទេស ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៣ ខែមីនា ជារៀងរាល់ឆ្នាំ។
រូបភាព៖ T&T
ពិធីបុណ្យនេះបានក្លាយជាលក្ខណៈវប្បធម៌របស់ប្រជាជនជប៉ុន ជាថ្ងៃដែលសមាជិកគ្រួសារបួងសួងសុំសេចក្តីសុខ សំណាងល្អ និងសុខភាពសម្រាប់កុមារី ក៏ដូចជាជូនពរឱ្យមានសុភមង្គលក្នុងអាពាហ៍ពិពាហ៍ និងគ្រួសាររុងរឿងសម្រាប់កូនស្រីរបស់ពួកគេ។
Hina ជាប្រភេទតុក្កតាដែលប្រើក្នុងពិធីបុណ្យតុក្កតាប្រចាំឆ្នាំ។ សព្វថ្ងៃនេះ តុក្កតា Hina ផលិតចេញពីវត្ថុធាតុដើមខុសៗគ្នា។ ទោះជាយ៉ាងណា តុក្កតា Hina ពីដើមធ្វើពីឈើ ឬក្រណាត់ញាត់ចំបើងជាមួយនឹងសំលៀកបំពាក់ច្រើនស្រទាប់ក្បូរក្បាច់។ ជាទូទៅ តុក្កតា Hina យ៉ាងហោចណាស់មានចំនួន ១៥ តុក្កតា ដែលតំណាងឱ្យតួអង្គចម្រុះ ក្នុងនោះមានតុក្កតាបុរស និងស្រ្តីយ៉ាងហោចណាស់មួយគូតំណាងឱ្យស្តេច និងមហេសី។
រូបភាព៖ T&T
កាលពីថ្ងៃអាទិត្យ មនុស្សប្រមាណ ៦០ នាក់ស្លៀកសម្លៀកបំពាក់តុក្កតា Hina ចម្រុះពណ៌ចូលរួមដង្ហែទូកនៅទីក្រុង Katori ខេត្ត Chiba ភាគខាងកើតតូក្យូ។
ក្នុងចំណោមអ្នកចូលរួមជិះទូកចំនួន ៥ ដែលធ្វើដំណើរតាមដងទន្លេ Onogawa កាត់ទីប្រជុំជនខណ្ឌ Sawara ទីក្រុង Katori ជាកន្លែងដែលថែរក្សាផ្ទះចាស់តាំងពីសម័យ Edo ចន្លោះសតវត្សទី ១៧ ដល់ ១៩ ។
អ្នកមើលឈរតាមបណ្តោយមាត់ទន្លេទស្សនាក្បួនដង្ហែ និងតន្រ្តីរាជវង្ស ដែលសម្តែងដោយតន្ត្រីករក្នុងស្រុក។
ចូលរួមពិធីបុណ្យជាមួយឪពុកម្តាយ កុមារីម្នាក់បាននិយាយថា ប្អូនចូលចិត្តចូលតួជាតុក្កតាព្រះនាង។
ប្រភព៖ NHK