ជឿសម្តីមិត្តភក្តិពេក ស្រ្តីជាម្តាយបង្អត់អាហារកូនប្រុសរហូតដល់ស្លាប់
កាលពីថ្ងៃទី ៩ ខែមីនា ក្នុងសេចក្តីសម្រេចបដិសេធបណ្តឹងឧទ្ធរណ៍របស់ចុងចោទ Emiko Akahori អាយុ ៥០ ឆ្នាំ តុលាការជាន់ខ្ពស់ Fukuoka ខេត្ត Fukuoka ប្រទេសជប៉ុនបានយល់ស្របនឹងសេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោមដោយលើកឡើងថា ចុងចោទបានអូសទាញ និងគ្រប់គ្រងផ្លូវចិត្តមិត្តរបស់ខ្លួនឈ្មោះ Rie Ikari អាយុ ៤១ ឆ្នាំ។ បន្ទាប់មកអ្នកទាំងពីរបានឃុបឃិតគ្នា ដើម្បីកាត់បន្ថយរបបអាហារភាគច្រើនរបស់កុមារា Shojiro ដែលជាកូនប្រុសរបស់ Ikari ប្រហែលចាប់ពីខែសីហា ឆ្នាំ ២០១៩ ។
រហូតដល់ចុងខែមីនា ឆ្នាំ ២០២០ កុមារា Shojiro រងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ ដោយសារត្រូវទុកអោយអត់ឃ្លានជាច្រើនថ្ងៃ ដូច្នេះបានបណ្តាលអោយក្មេងប្រុសស្លាប់នៅថ្ងៃទី ១៨ ខែមេសាឆ្នាំដដែល។
Rie Ikari ស្រ្តីជាម្តាយដែលទុកអោយកូនអត់ឃ្លានរហូតដល់ស្លាប់តាមការញុះញុងរបស់មិត្តភក្តិ។ រូបភាព៖ Kyodo News
យោងតាមសារព័ត៌មាន Kyodo News ក្រុមមេធាវីការពារជនជាប់ចោទ Akahori ធ្លាប់អះអាងថា កូនក្តីគ្មានកំហុស ហើយបាននិយាយថា ការកាត់ទោសដាក់ពន្ធនាគារ ១៥ ឆ្នាំធ្ងន់ធ្ងរ និងអយុត្តិធម៌ពេកហើយ បើធៀបនឹង Ikari ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៥ ពីបទធ្វេសប្រហែសក្នុងនាមជាអាណាព្យាបាល
មុននោះ ក្នុងសវនាការដែលធ្វើឡើងនៅតុលាការខណ្ឌ Fukuoka កាលពីខែកញ្ញា ឆ្នាំ ២០២២ ប្រធានចៅក្រម Atsushi Tomita បានកំណត់ថា ស្រ្តីឈ្មោះ Ikari អាចចាត់ទុកជាជនរងគ្រោះរបស់ Akahori ដូច្នេះទើបត្រូវកាត់ទោសជាប់ពន្ធនាគារ ៥ ឆ្នាំ ទាបជាងបើធៀបនឹងការកំណត់ទោស ១០ ឆ្នាំតាមសំណើរបស់ព្រះរាជអាជ្ញា។
ទន្ទឹមនឹងនេះ ជនជាប់ចោទ Akahori ត្រូវគេបញ្ជាក់ថាជាមនុស្ស “លោភលន់ប្រាក់” ព្រោះតែងតែបោកបញ្ឆោត Ikari អោយប្រគល់ប្រាក់។ ក្រៅពីនេះ ថ្វីត្បិតតែមានបំណងអាក្រក់ចំពោះ Ikari និងក្រុមគ្រួសាររបស់នាងដោយកុហក ប៉ុន្តែនៅចំពោះមុខតុលាការ Akahori តែងតែបដិសេធកំហុស។
បើតាមការដឹង ស្រ្តីទាំងពីរស្គាល់គ្នាតាំងពីឆ្នាំ ២០១៦ តាមរយៈកូន។ ជនជាប់ចោទ Akahori ធ្លាប់និយាយកុហកជាច្រើនដងធ្វើឱ្យស្រ្តីឈ្មោះ Ikari ផ្តាច់ទំនាក់ទំនងជាមួយមនុស្សនៅជុំវិញ។ មិនត្រឹមតែប៉ុណ្ណឹង Akahori ថែមទាំងប្រឌិតរឿងស្វាមីរបស់ Ikari ផិតក្បត់ផងដែរ។ នៅទីបំផុត Ikari បានលែងលះប្តី។
ក្រៅពីនេះ ចុងចោទ Akahori ថែមទាំងត្រូវចោទប្រកាន់ពីបទយកប្រាក់សរុបប្រហែល ១,៩៨ លានយ៉េន (១៤.០០០ ដុល្លារ) របស់ Ikari ដោយនិយាយកុហកជួយនាងស៊ើបអង្កេតករណីប្តីផិតក្បត់។
ប្រភព៖ Kyodo News